(ភ្នំពេញ)៖ គម្រោង Auto City បានប្រកាសបើកជួលជាផ្លូវការនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦នេះ ដែលជាមជ្ឈមណ្ឌលមានទីតាំង showroom ច្រើនជំរើសសំរាប់ដាក់បង្ហាញរថយន្ត សម្រាប់ជួល និងជាមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីស្រឡាងនៅលើផ្លូវ ៦០ម៉ែត្រ ដែលជាមហាវិថីដ៏មានសក្តានុពលខ្ពស់ សម្រាប់ម្ចាស់អាជីវកម្មលក់រថយន្ត។
ការប្រកាសដាក់ឲ្យដំណើរការនេះ ក៏មានពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាជាផ្លូវការរវាងក្រុមហ៊ុន Auto City ជាមួយ Q Fast EV Power ដើម្បីចូលរួមបង្កើតនូវហេដ្ធារចនាសម្ពន្ធ័ EV Charger ដល់ធំជាងគេបង្អស់ នៅក្នុងប្រទេសកម្ពុជា សម្រាប់ការបើកជួលទីតាំងសម្រាប់គ្រប់ម៉ាកយីហោរថយន្ត។
តាមការឲ្យដឹងពីលោក លី ជុងហេង អគ្គនាយកគម្រោងមជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត Auto City បានបញ្ជាក់ថា ក្រុមហ៊ុនបានបោះទុនបង្កើតមជ្ឈមណ្ឌលតាំងបង្ហាញរថយន្តលើផ្ទៃដីរហូតដល់ ៥ ហិកតា នៅលើមហាវិថីសម្តេច ហ៊ុន សែន (ផ្លូវ ៦០ ម៉ែត្រ)។ លោកថា ទោះបីជាដីនៅទីនេះមានតម្លៃខ្ពស់ក្តី តែនេះគឺជាការវិនិយោគក្នុងចក្ខុវិស័យវែងឆ្ងាយ ដើម្បីប្រែក្លាយតំបន់នេះជាសហគមន៍អាជីវកម្មរថយន្តដ៏ធំជាងគេ។
ជាមួយគ្នានេះ អ្នកស្រី គីម គិនកេសា អគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យ APS បានឲ្យដឹងថា តម្លៃដីនៅតំបន់មហាវិថីសម្តេច ហ៊ុន សែន (ផ្លូវ ៦០ ម៉ែត្រ) មានការកើនឡើងខ្ពស់ពី ៥០០ ដុល្លារ មុនការអភិវឌ្ឍ រហូតដល់តម្លៃបច្ចុប្បន្នចន្លោះពី ១ ២០០ ដុល្លារ ទៅ ១ ៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។
អ្នកជំនាញក្រុមហ៊ុនអចលនទ្រព្យរូបនេះអះអាងថា មហាវិថី ៦០ ម៉ែត្រគឺជាខ្សែផ្លូវតភ្ជាប់យ៉ាងសំខាន់ពីទីក្រុងភ្នំពេញទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ ខណៈការអភិវឌ្ឍន៍ភាគច្រើនកំពុងរំកិលមកភាគខាងត្បូង ដោយសារគម្រោងអាកាសយានដ្ឋានអន្តរជាតិថ្មីជំរុញឲ្យផ្លូវនេះក្លាយជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់។
គួររម្លឹកថា Auto City ត្រូវបានប្រមូលផ្តុំហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មជាច្រើននៅក្នុងទីតាំងតែមួយ គម្រោងមជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត Auto City ត្រូវបានរចនាឡើងជាប្រព័ន្ធអេកូឡូស៊ី និងប្រមូលផ្តុំហេដ្ឋារចនាសម្ព័ន្ធ សរុបគ្របដណ្តប់លើផ្ទៃដីចំនួន ៥ហិចតា និងសេវាកម្មជាច្រើន នៅក្នុងទីតាំងតែមួយ ដើម្បីគាំទ្រទៅលើអាជីវកម្ម ទិញ លក់រថយន្តទាំងមូល រួមមាន៖
១៖ ទីតាំងដាក់បង្ហាញរថយន្តបែបព្រីមៀម ទំនើប ច្រើនជម្រើស (Premium Showroom)
២៖ ឃ្លាំងលក់រថយន្ត ឬ យានដ្ឋានស្តង់ដារ
៣៖ មជ្ឈមណ្ឌលសេវាកម្ម និងថែទាំរថយន្ត
៤៖ ទីធ្លាធំទូលាយសម្រាប់រក្សាទុករថយន្ត
៥៖ ផ្លូវ និងទីធ្លាសម្រាប់ផ្ទុក និងដឹកជញ្ជូនរថយន្តបានយ៉ាងងាយស្រួល
៦៖ ស្ថានីយសាកថ្មរថយន្តអគ្គិសនី (EV Charging Station) ដល់ធំជាងគេបង្អស់ នៅក្នុងប្រទេសកម្ពុជា
៧៖ សេវាធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្រាប់ការផ្តល់ហិរញ្ញប្បទានទិញរថយន្ត
៨៖ ហាងកាហ្វេ និងភោជនីយដ្ឋាន ដើម្បីបង្កើនបទពិសោធន៍ និងភាពងាយស្រួលដល់អតិថិជន។
សូមបញ្ជាក់ថា Auto City គឺជាគម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្មសម្រាប់វិស័យយានយន្ត ដែលមានទីតាំងស្ថិតនៅលើមហាវិថី ៦០ ម៉ែត្រ រាជធានីភ្នំពេញ។ គោលដៅតែមួយដែលមាន Showroom នឹង ឃ្លាំងលក់រថយន្តគ្រប់ប្រភេទទំហំចាប់ពី៤៨០ ដល់ ១ពាន់ជាង m2 រួមមាន Retail Plaza ចំនួន២០ យូនីត សរុបគ្របដណ្តប់លើផ្ទៃដីចំនួន៥ហិចតា៕
















