ឯកឧត្តម លាង ឡេង អញ្ជើញចូលរួម ក្នុងពិធីប្រកាសដាក់ឱ្យ​អនុវត្តជា​ផ្លូវការ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០»

សារព័ត៌មាន ណាញធីវី

ភ្នំពេញ៖ ឯកឧត្តម លាង ឡេង ប្រធានក្រុមហ៊ុន លាង ឡេង ស៊ល និងលោក ឡេង ប្រាថ្នា បានអញ្ជើញចូលរួមក្នុងពិធីប្រកាសដាក់ឱ្យ​អនុវត្តជា​ផ្លូវការ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦នេះ។

 ឯកឧត្តម លាង ឡេង  បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងថា «រាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍសហគ្រាសមីក្រូធុន តូច និងមធ្យម (MSMEs) នៅកម្ពុជា​ ខណៈ MSMEs គឺជា «ឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ» និងជាដៃគូដ៏សំខាន់ក្នុងការបង្កើតការងារ បង្កើនចំណូលគ្រួសារ និងជំរុញផលិតកម្មក្នុងស្រុក»។

ជាមួយគ្នានេះ លោក ឡេង ប្រាថ្នា បានបន្ថែមថា ការវាយតម្លៃលើកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការគាំទ្រវិស័យ SME និងប្រព័ន្ធចុះបញ្ជីតាមប្រព័ន្ធអនឡាញ (CamDX)នៅក្នុងកិច្ចប្រជុំកន្លងមក រដ្ឋាភិបាលបាននិងកំពុងស្វែងរកមធ្យោបាយ និងជួយជ្រោមជ្រែងដល់វិស័យសហគ្រាសធុនតូច និងមធ្យម (SME) ឱ្យកាន់តែប្រសើរឡើង។ តាមរយៈការបង្កើតនូវប្រព័ន្ធច្រកចេញចូលតែមួយ (One Stop Service) បានធ្វើឱ្យម្ចាស់អាជីវកម្មអាចបង្កើតក្រុមហ៊ុន ឬចុះបញ្ជីពាណិជ្ជកម្មតាមនីតិវិធីស្ដង់ដារនៅកន្លែងតែមួយ ដោយមិនចាំបាច់រត់ទៅកាន់ស្ថាប័នពាក់ព័ន្ធចំនួន ៣ ទៅ ៥ ផ្សេងគ្នាទៀតឡើយ ដែលជួយសន្សំសំចៃពេលវេលា និងថវិកាបានយ៉ាងច្រើន។

កូនប្រុសច្បងរបស់ប្រធានក្រុមហ៊ុន លាង ឡេង ស៊ស បន្តថា ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាអនឡាញ (CamDX) គឺជារបកគំហើញដ៏មានប្រសិទ្ធភាពខ្ពស់ ដោយប្រើពេលត្រឹមតែ ៣ ទៅ ៥ ថ្ងៃប៉ុណ្ណោះ។ សេវាកម្មនេះមានល្បឿនលឿនជាងមុនឆ្ងាយណាស់ ដែលខុសពីកាលពីមុនដែលត្រូវដើរទាក់ទងក្រសួងស្ថាប័នច្រើនកន្លែង ធ្វើឱ្យដំណើរការមានភាពយឺតយ៉ាវ ស្មុគស្មាញ និងអស់ប្រាក់កាសច្រើន។ ហេតុនេះ ការមានកន្លែងគោលតែមួយ ដែលមានព័ត៌មាន និងសេវាគ្រប់គ្រងនៅនឹងកន្លែង គឺជារឿងសំខាន់ខ្លាំងណាស់ ដែលជួយសម្រាលបន្ទុក និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ក៏ដូចជាវិនិយោគិនក្នុងការចាប់ផ្តើម និងពង្រីកអាជីវកម្មរបស់ខ្លួនដោយរលូន។

សូមបញ្ជាក់បន្ថែមថា ​សម្តេចបវរធិបតី បានបញ្ជាក់ថា «ការយកចិត្តទុកដាក់លើការអភិវឌ្ឍ MSMEs មិនមែនទើបតែចាប់ផ្តើមនៅពេលនេះទេ។ រាជរដ្ឋាភិបាលអាណត្តិមុនៗ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យ វែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភា បានកសាងមូលដ្ឋានសន្តិភាព ស្ថិរភាព ហេដ្ឋារចនាសម្ព័ន្ធ ក្របខ័ណ្ឌច្បាប់ និង បរិយាកាសធុរកិច្ច ដែលបានបើកផ្លូវឱ្យវិស័យឯកជន និងសហគ្រាសក្នុងស្រុករីកចម្រើន និងតភ្ជាប់កាន់តែ ជិតស្និទ្ធទៅនឹងសេដ្ឋកិច្ចតំបន់ និងសកល»។

សម្តេចបវរធិបតីមានប្រសាសន៍ថា ឈរលើមូលដ្ឋាននេះ រាជរដ្ឋាភិបាលនីតិកាលទី៧ បានដាក់ចេញ «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» ដោយក្នុងនោះ បញ្ចកោណទី៣ ផ្តោតលើ «ការអភិវឌ្ឍវិស័យឯកជន និងការងារ» បានចាត់ទុកការលើកកម្ពស់បរិយាកាសធុរកិច្ច និងការពង្រឹងសមត្ថភាព MSMEs ជាអាទិភាពស្នូល។ ​គោលដៅនេះ គឺធ្វើយ៉ាងណាឱ្យសហគ្រាសក្នុងស្រុកមានផលិតភាពខ្ពស់ជាងមុន ប្រើបច្ចេកវិទ្យាប្រសើរជាងមុន ផលិតបានតាមស្តង់ដា មានលទ្ធភាពទទួលបានហិរញ្ញប្បទាន និងជំនាញបច្ចេកទេស និងអាចឈានចូលទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ និងទីផ្សារដែលមានតម្លៃបន្ថែមខ្ពស់ ខណៈកម្ពុជាកំពុងត្រៀមខ្លួនចាកចេញពីឋានៈជាប្រទេសដែលមាន ការអភិវឌ្ឍតិចតួចនៅចុងឆ្នាំ២០២៩ ខាងមុខ។

បន្ថែមពីនេះសម្តេចបវរធិបតី លើកឡើងថា ​កាលពីដើមអាណត្តិ រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្ត «យុទ្ធសាស្ត្រជាតិស្តីពី ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨- ដើម្បីបើកផ្លូវឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ រួមទាំង អ្នកប្រកបរបរ និងអាជីវកម្មធុនមីក្រូ និងតូចនៅក្រៅប្រព័ន្ធ អាចទទួលបានការគាំទ្រកាន់តែទូលំទូលាយ ស្របតាមគោលការណ៍ «មិនទុកនរណាម្នាក់ចោល»។ជាមួយគ្នានេះ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី (ឬ ហៅថា Startup) ឆ្នាំ២០២៦-២០៣០ ក៏ទើបតែត្រូវបានដាក់ឱ្យអនុវត្តថ្មីៗនេះ ដើម្បីជំរុញនុវានុវត្តន៍ ការច្នៃប្រឌិត ក្នុងការបង្កើតគំរូអាជីវកម្មថ្មី ផ្អែកលើបច្ចេកវិទ្យា សំដៅផ្តល់ឱកាសដល់យុវជនកម្ពុជា កាន់តែមានលទ្ធភាពចូលរួមក្នុងការធ្វើធុរកិច្ច និងសហគ្រិនភាព។ ដោយឡែក «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍ សហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» ដែល​ប្រកាសដាក់ឱ្យអនុវត្តក្នុងថ្ងៃនេះ គឺជាជំហានបន្ទាប់ ក្នុងការតភ្ជាប់គោលនយោបាយ និងយន្តការគាំទ្រនានា ឱ្យកាន់តែប្រទាក់ក្រឡា គ្រប់ជ្រុងជ្រោយ និងឆ្លើយតបនឹងតម្រូវការពិតប្រាកដរបស់សហគ្រាស៕









#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top