International SOS និង WorldBridge Group ប្រកាសពីកិច្ចសហការរួមគ្នា ដើម្បីលើកកម្ពស់ស្តង់ដារ​ថែទាំសុខភាព​នៅកម្ពុជា

សារព័ត៌មាន ណាញធីវី

ភ្នំពេញ ៖ ក្រុមហ៊ុន International SOS របស់ប្រទេស​បារាំង និងក្រុមហ៊ុន WorldBridge Group របស់​កម្ពុជា​ បានបង្កើតនូវរបត់ថ្មីមួយនៅក្នុងវិស័យថែទាំសុខភាពរបស់ប្រទេសកម្ពុជា ជាមួយនឹងការ ប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវកិច្ចសហការរួមគ្នា ដែលបានប្រារព្ធឡើងនៅសណ្ឋាគារ Shangri-La រាជធានីភ្នំពេញ ។


ពិធីនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី១៥ មិថុនា ២០២៦ ដោយមានការអញ្ជើញចូលរួម ពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ មន្ត្រីការទូត តំណាងរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធសំខាន់ៗក្នុងវិស័យនេះ ដើម្បីអបអរសាទរ និងជាសក្ខីភាព នៃភាពជាដៃគូ ដែលរួមបញ្ចូលគ្នានូវបទពិសោធន៍ជា​សកលរយៈពេលបួនទសវត្សរ៍​របស់ក្រុមហ៊ុន International SOS ក្នុងសេវាកម្មវេជ្ជសាស្ត្រ និងសន្តិសុខ ជាមួយនឹងភាពជាអ្នកដឹកនាំ​ក្នុងស្រុក​យ៉ាងស៊ីជម្រៅ​របស់ក្រុមហ៊ុន WorldBridge Group ដែលកំពុងប្រតិបត្តិការ​ពហុធុរកិច្ច ក្នុងវិស័យចម្រុះ​​នៅ​កម្ពុជា ។ក្នុងឱកាស​នោះក៏មានការអញ្ជើញជាអធិបតីពីសំណាក់​ឯកឧត្តម​ Olivier Richard ឯកអគ្គរដ្ឋទូតបារាំង​ងប្រចាំព្រះរាជាណាចក្រកម្ពុជា​ផងដែរ ។​

កម្មវិធីផ្លូវការបានចាប់ផ្តើមជាមួយនឹងការបង្ហាញបទបង្ហាញអំពីបេសកកម្មជាសកល និងសមត្ថភាព​សេវាកម្មរបស់ក្រុមហ៊ុន International SOS ព្រមទាំងមតិស្វាគមន៍បើកកម្មវិធីពីសំណាក់លោក Laurent Sabourin នាយកគ្រប់គ្រងក្រុមប្រឹក្សាភិបាល (Group Managing Director) នៃក្រុមហ៊ុន International SOS ដែលបានលើកឡើងពីហេតុផលយុទ្ធសាស្ត្រសម្រាប់ការបង្កើតការសហការនេះ និងមហិច្ឆតាក្នុងការផ្លាស់ប្តូរការផ្តល់សេវាសុខភាព សន្តិសុខ និងសេវាផ្គត់ផ្គង់វេជ្ជសាស្ត្រ​នៅទូទាំង​តំបន់។

អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន WorldBridge Group បានថ្លែងថា ការសហការនេះ​គឺជាការឆ្លើយតបដោយផ្ទាល់ទៅនឹងតម្រូវការដ៏សំខាន់​របស់ប្រទេស​កម្ពុជា​សម្រាប់​សន្តិសុខសុខភាព ខណៈពេលដែលព្រះរាជាណាចក្រកម្ពុជា​កំពុងពន្លឿនដំណើររបស់ខ្លួនឆ្ពោះទៅរក​ការក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នាពេលឆាប់ៗខាងមុខ។

ទន្ទឹមនឹងនេះដែរ អ្នកឧកញ៉ា សៀ ឬទ្ធី ក៏បានគូសបញ្ជាក់ពីសសរស្តម្ភស្នូលមួយចំនួន ដែលនាំឱ្យកិច្ចសហការនឹងនាំយកមកនូវអត្ថប្រយោជន៍ជាច្រើន​សម្រាប់ប្រទេសកម្ពុជា រួមមាន៖ ការជួយសង្គ្រោះតាមស្តង់ដារអន្តរជាតិ (International Standard Assistance)ជាបណ្តាញ​ជំនួយវេជ្ជសាស្ត្រសកល ២៤ម៉ោង/៧ថ្ងៃ ដែលផ្តល់ឱ្យអាជីវកម្មក្នុងស្រុកនូវការទទួល​បានដោយផ្ទាល់​នូវដំបូន្មានព្យាបាលឈានមុខគេលើពិភពលោក និងការសម្របសម្រួល​សង្គ្រោះបន្ទាន់ ដែលពីមុនមានផ្តល់ជូនតែនៅក្នុងមជ្ឈមណ្ឌលសកលធំៗប៉ុណ្ណោះ។ ភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ (Supply Chain Resilience) ដោយដោះស្រាយនូវអ្វីដែលអ្នកឧកញ៉ាបានពិពណ៌នាថាជា "ភស្តុភារកម្មនៃសុខភាព" តាមរយៈបណ្តាញ​លទ្ធកម្ម ដែលមានតម្លាភាព ប្រសិទ្ធភាព និងគុណភាពខ្ពស់សម្រាប់​ឧបករណ៍វេជ្ជសាស្ត្រ និងឱសថ។

ការច្នៃប្រឌិតសុខភាពឌីជីថល (Digital Health Innovation) ដោយរួមបញ្ចូលការត្រួតពិនិត្យហានិភ័យសុខភាពកម្រិតខ្ពស់ និងឧបករណ៍ឌីជីថល ដើម្បីជួយ​ដល់ស្ថាប័ននានាក្នុងការព្យាករណ៍ និងការពារវិបត្តិសុខភាពមុនពេលវាកើតឡើង ដែលជាការឈាន​ទៅមុខលើសពីការព្យាបាលពេលមានជំងឺ មកជាការការពារ និងគ្រប់គ្រងសុខភាពទុកជាមុនវិញ។

អ្នកឧកញ៉ា សៀ ឬទ្ធី បានមានប្រសាសន៍សង្កត់ធ្ងន់ថា « យើងចាត់ទុក​ការសហការនេះ​ជាការគាំទ្រដោយផ្ទាល់ដល់គោលដៅរបស់ក្រសួងសុខាភិបាល។ យើងប្តេជ្ញាចិត្ត​ដើរតួ​ជាស្ពានចម្លងមួយ ដើម្បីផ្សាភ្ជាប់ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ជាមួយនឹងប្រសិទ្ធភាពរបស់​វិស័យឯកជន និងជំនាញកម្រិតសកល » ។

ឯកឧត្តម Olivier Richard ក្នុងនាមជាភ្ញៀវកិត្តិយសបានថ្លែងសុន្ទរកថា គន្លឹះសម្តែងនូវការគាំទ្រ​យ៉ាងខ្លាំងរបស់ប្រទេសបារាំងចំពោះភាពជាដៃគូអន្តរជាតិ ដែលលើកកម្ពស់ស្តង់​ដារ​សេវាថែ​ទាំសុខភាព និងសន្តិសុខនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានកោតសរសើរចំពោះស្ថាប័នទាំងពីរ ដែលមានចក្ខុវិស័យរួមគ្នា​ក្នុងការនាំយកសក្តានុពលនេះ​មកកាន់ប្រទេសកម្ពុជា។

តាមរយៈកិច្ចសហការនេះ ក្រុមហ៊ុន International SOS និង WorldBridge Group នឹងផ្តល់នូវកញ្ចប់​សេវាកម្មរួមបញ្ចូលគ្នា​ដល់ក្រុមហ៊ុនពហុជាតិ ស្ថានប័នការទូត ស្ថាប័នអន្តរជាតិ និងអតិថិជន​ឯកជន​លំដាប់ជាន់ខ្ពស់ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា។ អតិថិជននឹងទទួលបាន​អត្ថប្រយោជន៍ពីបណ្តាញជាសកលនៃអ្នក​ជំនាញ​វេជ្ជសាស្ត្រ អ្នកជំនាញសន្តិសុខ និងប្រព័ន្ធ​បច្ចេកវិទ្យា​សុខភាពឌីជីថលរបស់ក្រុមហ៊ុន International SOS ដែលគាំទ្រ​ដោយហេដ្ឋារចនាសម្ព័ន្ធ​ក្នុងស្រុក ទំនាក់ទំនង និងជំនាញប្រតិបត្តិការ​ដែលបានបង្កើតឡើងយ៉ាងរឹងមាំរបស់ក្រុមហ៊ុន WorldBridge Group។

បន្ទាប់ពីពិធីសម្ពោធជាផ្លូវការនេះបានបញ្ចប់ ភ្ញៀវកិត្តិយសទាំងអស់ក៏បាន​សំណេះសំណាល​ទាក់ទងផ្ទាល់ជាមួយក្រុមការងារ ថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរ។ ការសហការនេះ​តំណាងឱ្យការប្តេជ្ញាចិត្តរួមគ្នាក្នុងការកសាងប្រទេសកម្ពុជា​ឱ្យកាន់តែ​មានសុវត្ថិភាព និងមាន​ភាពធន់ជាងមុន ព្រមទាំងធានាថា សន្តិសុខសុខភាពលំដាប់ពិភពលោកត្រូវបាន​ផ្តល់ជូនដល់អាជីវកម្ម និងប្រជាជនដែលចាត់ទុកព្រះរាជាណាចក្រកម្ពុជាជាផ្ទះរបស់ពួកគេ  ៕
#9tvnews















 

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top