ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ដឹកនាំដើរ ២ ៧០០ជំហាន ដើម្បីប្រមូលថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា ក្នុងបុព្វហេតុដើម្បីទារក និងកុមារកម្ពុជា ក្នុង“យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់”

សារព័ត៌មាន ណាញធីវី

ភ្នំពេញ៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាព ដឹកនាំពិធីដើរ ២ ៧០០ជំហាន ដើម្បីទារក និងកុមារកម្ពុជា។


ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ចាត់ទុកព្រឹត្តិការណ៍នេះថាធ្វើឡើងដើម្បីកីឡា ផ្សាភ្ជាប់នឹងសកម្មភាពមនុស្សធម៌ ជាពិសេសដើម្បីបំផុស «ស្មារតីខ្មែរ ជួយខ្មែរ» ឱ្យកាន់តែទូលំទូលាយ ដែលជាផ្នែកមួយនៃយុទ្ធនាការ «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ មូលនិធិគន្ធបុប្ផាកម្ពុជាផងដែរ។ 


ថ្នាក់ដឹកនាំ, មន្រ្តីរាជការ, និង បុគ្គលិកសរុបចំនួនប្រមាណ ១៦៥០ នាក់  មកពីបណ្ដាអគ្គនាយកដ្ឋាន និងអង្គភាពនានា ក្រោមឆ័ត្រក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងស្ថាប័នមួយចំនួនទៀតក្រោមឱវាទរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចូលរួមក្នុងពិធី “ដើរ ២៧០០ ជំហាន ដើម្បីទារក និងកុមារកម្ពុជា” ដែលដឹកនាំដោយឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុន្នីរ័ត្ន។


ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ នាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានលើកឡើងថា ការរៀបចំពិធី “ដើរ ២៧០០ ជំហាន ដើម្បីទារក និងកុមារកម្ពុជា” នៅថ្ងៃទី៤ ខែមិថុនា  ដើម្បីឆ្លើយតបនឹងការអំពាវនាវរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងអំឡុងពិធីសំណេះសំណាលជាមួយគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត ក៏ដូចជាពិធីបើក “យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់”  ឆ្នាំ២០២៦ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ។


ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ បន្ថែមថា ការបរិច្ចាគថវិកាក្នុងពិធី “ដើរ ២ ៧០០ ជំហាន ដើម្បីទារក និងកុមារកម្ពុជា” គឺជាការបរិច្ចាគដើម្បីគាំទ្រ “យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលដឹកនាំដោយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ហើយរាល់ការបរិច្ចាគអ្នកចូលរួម ទោះតិចក្ដី ច្រើនក្ដី សុទ្ធតែមានតម្លៃដ៏ធំធេង ក្នុងការចូលរួមសង្គ្រោះជីវិតទារក និងកុមារនៅកម្ពុជា ដែលទទួលបានការពិនិត្យ និងព្យាបាលនៅមន្ទីពេទ្យគន្ធបុប្ផា និងសេវាសម្ភព ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង ចំនួនប្រមាណជាង ១ លានករណី ក្នុងមួយឆ្នាំៗ។


សូមបញ្ជាក់ថា នេះជាព្រឹត្តិការណ៍លើកទី១ របស់គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជាប្រចាំអគ្គនាយកដ្ឋាន និងអង្គភាពនានា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងស្ថាប័នមួយចំនួនទៀតក្រោមឱវាទរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគោលបំណងគាំទ្រ «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» ដែលជាយុទ្ធនាការប្រចាំឆ្នាំដ៏ធំ និងសំខាន់មួយរបស់មូលនិធិគន្ធបុប្ផាកម្ពុជា៕














#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top