លោក ត្រាំ កំពុងពិចារណាដកកងទ័ពអាមេរិកមួយចំនួនចេញពីអឺរ៉ុប ខណៈកំពុងរកាំរកូសជាមួយ NATO

សារព័ត៌មាន ណាញធីវី

(វ៉ាស៊ីនតោន)៖ មន្ត្រីជាន់ខ្ពស់សេតវិមានម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះកាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែមេសា ឆ្នាំ២០២៦ ថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំដែលខកចិត្តចំពោះ NATO មិនព្រមជួយសហរដ្ឋអាមេរិកបើកច្រកសមុទ្រ Hormuz និងខឹងសម្បារដែលគម្រោងទិញយកដែនដី Greenland របស់លោកមិនមានភាពរីកចម្រើន បានពិភាក្សាជាមួយក្រុមមន្ត្រីទីប្រឹក្សាអំពីជម្រើសដកកងទ័ពអាមេរិកមួយចំនួនចេញពីតំបន់អឺរ៉ុប។


តាមមន្ត្រីខាងលើដដែល មិនទាន់មានការសម្រេចចិត្តណាមួយត្រូវបានធ្វើឡើងនៅឡើយទេ ហើយសេតវិមានក៏បានមិនបានណែនាំឱ្យមន្ទីរបញ្ចកោណព្រាងផែនការជាក់លាក់មួយឡើងសម្រាប់ការកាត់បន្ថយវត្តមានកងទ័ពអាមេរិកនៅទ្វីបអឺរ៉ុបនោះដែរ។ ប៉ុន្តែ កិច្ចពិភាក្សាបែបនេះបានបង្ហាញថាភាពតានតឹងនៃទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្ត NATO មិនបានធូរស្រាលទេ ហើយក៏អាចសន្មត់បានដែរថាដំណើរទស្សនកិច្ចរបស់ប្រមុខ NATO លោក Mark Rutte ទៅកាន់សេតវិមានកាលពីថ្ងៃពុធសប្ដាហ៍នេះ បានបរាជ័យក្នុងការស្ដារឱ្យប្រសើរឡើងវិញនូវទំនាក់ទំនងអន្តរអាត្លង់ទិក ដែលកំពុងធ្លាក់ដល់ចំណុចទាបបំផុតមួយចាប់តាំងពីបក្សសម្ព័ន្ធយោធាលោកខាងលិចមួយនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៤៩។


សេតវិមានបាននិយាយជាសាធារណៈថាលោក ត្រាំ បានពិចារណាដកសហរដ្ឋអាមេរិកចេញពី NATO។ ដូច្នេះការកាត់បន្ថយចំនួនកងទ័ពអាមេរិកក្នុងតំបន់អឺរ៉ុប នឹងអនុញ្ញាតឱ្យលោក ត្រាំ បន្ធូរបន្ថយការប្ដេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះសន្តិសុខអឺរ៉ុប ដោយមិនចាំបាច់ប្រកាសដកខ្លួនចេញជាផ្លូវការ។


គួរបញ្ជាក់ថា បច្ចុប្បន្ន សហរដ្ឋអាមេរិកមានកងទ័ពច្រើនជាង ៨០ ០០០នាក់ក្នុងតំបន់អឺរ៉ុប និងបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការការពារសន្តិសុខរបស់អឺរ៉ុបចាប់តាំងពីសង្រ្គាមលោកលើកទី២ បិទបញ្ចប់មក។ ក្នុងចំណោមកងទ័ពទាំងនោះមាន ៣០ ០០០នាក់កំពុងឈរជើងនៅអាល្លឺម៉ង់ ហើយកងទ័ពអាមេរិកក្នុងចំនួនប្រហាក់ប្រហែលគ្នានេះក៏កំពុងឈរជើងនៅក្នុងប្រទេសអ៉ីតាលី ចក្រភពអង់គ្លេស និងអេស្ប៉ាញផងដែរ។


ក្រុមមន្ត្រីជាន់ខ្ពស់អាមេរិកខាងលើមិនបានបញ្ជាក់លម្អិតថាតើប្រទេសណាខ្លះដែលអាចនឹងរងផលប៉ះពាល់ ឬក៏ថាតើមានកងទ័ពអាមេរិកចំនួនប៉ុន្មាន ដែលអាចនឹងត្រូវបានដកចេញពីអឺរ៉ុបទេ ក្នុងករណីដែលលោក ត្រាំ ពិតជាសម្រេចចិត្តធ្វើបែបនេះមែននោះ៕






#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top