ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ!

សារព័ត៌មាន ណាញធីវី

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ អតីតមិត្តភក្តិរួមជំនាន់សាលាបាក់ទូកមួយក្រុម ដែលនាំមុខដោយ លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយអតីតលោកគ្រូអ្នកគ្រូបង្រៀននៅសាលាបាក់ទូក បាននាំគ្នាទៅសួរ សុខទុក្ខលោក ព្រំ នរ៉ាវុធ ជាអតីតមិត្តរៀនសាលាបាក់ទូករួមជំនាន់ជាមួយគ្នា ដែលមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃជាយូរឆ្នាំមកហើយ ជាចុងក្រោយនេះដោយស្ថានភាពជំងឺមានដំបៅជើង ត្រូវបានក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ សម្រេចឱ្យធ្វើការកាត់ជើងខាងស្តាំដែលមានអំបៅនោះចេញកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ កន្លងមកនេះ។


ជាក់ស្តែងដោយមើលឃើញលោក ព្រំ នរ៉ាវុធ ដែលជាមិត្តរួមជំនាន់ បានធ្លាក់ខ្លួនឈឺធ្ងន់រហូតដល់ពិការជើងបែបនេះ មិត្តភក្តិរួមជំនាន់ ក៏ដូចជាតីតលោកគ្រូអ្នកគ្រូ ម្នាក់ៗ បានរួមគ្នាបរិច្ចាគថវិកាផ្ទាល់ខ្លួន តាមលទ្ធភាពសរុបបានថវិកាចំនួន ១៣,២០០,០០០រៀល ស្មើនឹង ៣,៣០០ដុល្លារ ភេសជ្ជៈចម្រុះចំនួន១២កេស, មី០២កេស និងកាហ្វេ០២កញ្ចប់ធំ នាំយកទៅប្រគល់ជូនដល់លោក ព្រំ នរ៉ាវុធ ទុកជាការជួយសម្រាលបន្ទុកព្យាបាលដល់គ្រួសារលោកផងដែរ។


ក្នុងរយៈកាលកន្លងមក គេតែងសង្កេតឃើញអតីតមិត្តរួមជំនាន់នៃសាលាបាក់ទូកមួយក្រុម ដែលផ្តួចផ្តើមចងក្រងឡើង ដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង តែងបង្ហាញនូវសកម្មភាពទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ និងចែករំលែកធនធានជួយទុក្ខធុរៈ អតីតលោកគ្រូអ្នកគ្រូ មិនដែលមានខាន ព្រមទាំងជួយដល់មិត្តដែលជួបការលំបាកនិងខ្វះលទ្ធភាពគ្រប់ៗគ្នា។ សកម្មភាពយកចិត្តទុកដាក់ និងចែករំលែកធនធានជួយដល់អតីតលោកគ្រូអ្នកគ្រូ និងមិត្តដែលមានអាសន្នទាំងនេះ គឺជាមនោសញ្ចេតនា និងជាគោលការណ៍ក្នុងក្រុម ស្របតាមពាក្យស្លោកដែលពួកគាត់បានរួមគ្នាបង្កើតឡើងថា "សាមគ្គីមិត្តភាព បង្កើតចិត្តរមនា ចែករំលែកជួយគ្នា គ្រប់គ្រាលំបាក "៕










#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top