ឯកឧត្តម ម៉ែន អេង៖ ទោះបីអ្នកម៉ៅការសំណង់ ត្រូវបានឃាត់ខ្លួនតែផលប្រយោជន៍ និងជីវភាពរបស់កម្មករ ជាការងារអាទិភាពដែលអាជ្ញាធរត្រូវយកចិត្តទុកដាក់បំផុត

សារព័ត៌មាន ណាញធីវី

(ស្វាយរៀង)៖ ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង បានថ្លែងថា ទោះបីជាអ្នកម៉ៅការកំពុងស្ថិតក្នុងនីតិវិធីច្បាប់ក៏ដោយ ប៉ុន្តែផលប្រយោជន៍ និងជីវភាពរបស់បងប្អូនកម្មករ គឺជាការងារអាទិភាពដែលអាជ្ញាធរត្រូវយកចិត្តទុកដាក់បំផុត។ យន្តការ អន្តរសកម្ម តាមរយៈការផ្តល់ស្បៀង និងការអប់រំនេះ គឺជាការបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។

ការលើកឡើងបែបនេះរបស់ឯកឧត្តម ម៉ែន អេង បានធ្វើឡើងក្នុងឱកាសតំណាងលោកប៉េង ពោធិ៍សា អភិបាលខេត្ត ដឹកនាំក្រុមការងារចម្រុះនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ បានចុះអន្តរាគមន៍ដោះស្រាយបញ្ហាប្រឈមរបស់បងប្អូនកម្មករសំណង់ភ្លាមៗ ក្រោយពីមានករណីអ្នកម៉ៅការត្រូវបានឃាត់ខ្លួន ដែលបង្កឱ្យមានការយឺតយ៉ាវក្នុងការទូទាត់កម្រៃពលកម្ម និងការផ្គត់ផ្គង់ស្បៀងអាហារ នៅក្នុងការដ្ឋានសំណង់សាងសង់អគារ ហ័រ ឆឹង ដែលសាងសង់ដោយក្រុមហ៊ុនវិស្វកម្មសំណង់ SHUANG ZHOU ស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

សូមបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានអំពីការជាប់គាំងនៃលំហូរការងារ និងការខ្វះខាតស្បៀងរបស់កម្មករ ដោយសារអ្នកម៉ៅការត្រូវបានឃាត់ខ្លួនដោយសមត្ថកិច្ច (ពាក់ព័ន្ធនឹងករណីផ្សេងៗ) លោកអភិបាលរងខេត្ត រួមជាមួយ លោកអភិបាលក្រុងបាវិត និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្ទីរព័ត៌មានខេត្ត បានចុះផ្ទាល់ដើម្បីលើកទឹកចិត្តឱ្យបងប្អូនកម្មករមានការអត់ធ្មត់ និងរក្សាភាពស្ងប់ស្ងាត់ ដើម្បីទុកលទ្ធភាពឱ្យអាជ្ញាធរដោះស្រាយតាមនីតិវិធី ជាមួយគ្នានេះដែរអាជ្ញាធរបាននាំយកស្បៀងអាហារ និងសម្ភារៈចាំបាច់មួយចំនួន ចែកជូនដល់បងប្អូនកម្មករ ដើម្បីសម្រាលទុក្ខលំបាកមួយគ្រាក្នុងខណៈពេលដែលបញ្ហាកំពុងដោះស្រាយ៕











#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top