(ខេត្តកំពង់ឆ្នាំង) ៖ ប្រជាពលរដ្ឋភូមិនាងមាលា ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានត្អូញត្អែរករណីក្រុមហ៊ុនធ្វើអាជីវកម្មជីករណ្តៅដី យកអាចម៌ដីលក់ដែលជ្រៅលើសច្បាប់ដែលបានកំណត់ ហើយបង្កឲ្យហុយធូលីដីហុយចូលផ្ទះរបស់ពួកគាត់ ធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់ពួកគាត់ជាពិសេសក្មេងៗ សំណូមពរដល់អាជ្ញាធរមេត្តាពិនិត្យ និងដោះស្រាយផង នេះបើយោងតាមអង្គភាពសារព័ត៌មាន ណាញធីវីទទួលបាននៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។
បើតាមប្រជាពលរដ្ឋ បានលើកឡើងថា ក្រុមអាជីវកម្មជីករណ្តៅដី យកអាចម៌ដីលក់នេះ បានមកជីករណ្តៅដីកន្លះខែមកហើយ ខណៈរថយន្តដឹកអាចម៌ដី ធ្វើចរាចរណ៍ ដឹកតាមផ្លូវក្នុងភូមិបង្កឲ្យហុយធូលីដី ចូលផ្ទះរបស់ពួកគាត់រាល់ថ្ងៃ ធ្វើឲ្យប៉ះពាល់ដល់សុខភាពគ្រួសារ និងកូនចៅរបស់ពួកគាត់យ៉ាងខ្លាំង ហើយការជីករណ្តៅដីទៀតសោទ គឺជីកជ្រៅ ជម្រៅជិត០៥ម៉ែត្រ នៅជិតផ្ទះរបស់ប្រជាពលរដ្ឋ ពួកគាត់ព្រួយបារម្មណ៍ខ្លាចធ្លាក់កូនចៅពួកគាត់ និងសត្វនៅរដូវវស្សាខាងមុខ សូមឲ្យអាជ្ញាធរមេត្តាចុះពិនិត្យផង ។
ប្រភពខាងលើបន្ថែមថា មេក្លោងជីកយកអាចម៍ដីលក់ដ៏ធំសម្បែងមួយនេះ មានឈ្មោះថា វិន ហៅក្រៅថា ច័ន្ទរ៉ា ដែលផ្គើនធ្វើព្យុះភ្លៀងនៅតំបន់នោះ ហើយថែមរកវ៉ៃអ្នកសារព័ត៌មានទៀតផង។ ការដែលជីកនេះបើតាមការសុំបំភ្លឺពីលោក ច័ន្ទរ៉ា លោកបានរុញអ្នកសារព័ត៌មានឲ្យទៅសួរលោក ឈួន ចាន់ណា ចៅហ្វាយស្រុកសាមគ្គីមានជ័យ ព្រោះលោកចៅហ្វាយស្រុកសាមគ្គីមានជ័យ ជាអ្នកអនុញ្ញាតច្បាប់អោយ ប៉ុន្ដែតាមអ្វីប្រជាពលរដ្ឋបានអះអាងនោះ គឺថា គ្មានច្បាប់អ្វីទាល់តែសោះក្នុងការជីករណ្ដៅដីដល់ក្បាលប្រេតនេះ។ ជុំវិញករណីនេះ តើលោកអភិបាលស្រុកសាមគ្គីមានជ័យ មានអ្វីពាក់ព័ន្ធជាមួយបុគ្គលរហ័សនាម ច័ន្ទរ៉ា នេះ ទាំងដែលបុគ្គលនេះហ៊ានហាស្តីពេញមាត់ថា មានការអនុញាិតពីលោកអភិបាលស្រុកនេះផ្ទាល់តែម្តង។
ពាក់ព័ន្ធបញ្ហានេះផងដែរ អង្គភាពយើងខ្ញុំមិនអាចទំនាក់ទំនងលោកអភិបាលស្រុកសាមគ្គីមានជ័យបានទេ គិតត្រឹមនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ដោយសារពុំមានលេខទំនាក់ទំនង ទោះជាយ៉ាងណាអង្គភាពសារព័ត៌មាន ណាញធីវី នូវតែរង់ចាំការបំភ្លឺបន្ថែមគ្រប់ភាគីពាក់ព័ន្ធទាំងអស់រៀងរាល់ម៉ោងធ្វើការ ឬក៏ទំនាក់ទំនងតាមលេខ 012 79 95 72 ណាញធីវីនូវតែចាំមើលថា តើលោក វិន រហ័សនាម ច័ន្ទរ៉ា ដែលកំពុងដំណើរការធ្វើអាជីវកម្មប៉ះពាល់ដល់ប្រជាពលរដ្ឋនេះច្បាប់នឹងមានវិធានការណ៍បែបណា ហើយតើលោក ឈួន ចាន់ណា មានអ្វីពាក់ព័ន្ធការអនុញ្ញាតឲ្យលោក ច័ន្ទរ៉ា ជីករណ្ដៅដីដែលលើសច្បាប់កំណត់យ៉ាងអនាធិបតេយ្យបែបនេះ ណាញធីវី នឹងធ្វើពីបច្ចុប្បន្នភាពរឿងនេះបន្តទៅទៀតនៅវគ្គក្រោយ៕ដោយ៖ នាគ ក្រហម


.jpg)



