(ភ្នំពេញ)៖ ក្រោយសារព័ត៌មានបានផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងករណីមានបញ្ហាក្នុងការកក់ប្រាក់ទិញ-លក់រថយន្តចំនួន ៥០០ដុល្លារអាមេរិក កាលពីពេលថ្មីៗនេះ នៅឃ្លាំងលក់រថយន្ត «សារិន ១៦៨» ស្ថិតនៅលើផ្លូវលេខ ២០០៤ ដែលបានបង្កឱ្យមានការយល់ច្រឡំ និងការចែកចាយតវ៉ានៅលើបណ្តាញសង្គម ពេលនេះភាគីម្ចាស់ឃ្លាំង និងអតិថិជន បានជួបគ្នាសម្របសម្រួលបញ្ចប់រឿងដោយសន្តិវិធីរួចរាល់ហើយ។ នេះបើយោងតាមអង្គភាពសារព័ត៌មានទទួលបាននៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។
បើយោងតាមប្រភពព័ត៌មានដែលទទួលបានកាលពីថ្ងៃទី០៣ ខែវិច្ចិកា ឆ្នាំ២០២៦ ឱ្យដឹងថា មូលហេតុដែលនាំឱ្យមានការអាក់អន់ស្រពន់ចិត្ត និងការយល់ច្រឡំនោះ គឺដោយសារតែការយល់ច្រឡំគ្នាបន្តិចបន្តួចលើនីតិវិធីនៃការបំពេញឯកសារ និងលក្ខខណ្ឌនៃការកក់ប្រាក់ក្នុងពេលទិញ-លក់។ ប៉ុន្តែក្រោយពេលភាគីទាំងសងខាងបានជួបគ្នាដោយផ្ទាល់ និងពន្យល់បកស្រាយបំភ្លឺឱ្យគ្នាទៅវិញទៅមក បញ្ហានេះក៏ត្រូវបានដោះស្រាយបញ្ចប់ដោយការយោគយល់គ្នាទៅវិញទៅមក ពោលគឺភាគីទំាងសងខាងយល់ព្រមយកយុទ្ធសាស្ត្រឈ្នះៗទាំងអស់គ្នា។
តាមរយៈហេតុការណ៍នេះ ភាគីពាក់ព័ន្ធសូមសំណូមពរដល់សាធារណជន និងអ្នកប្រើប្រាស់បណ្តាញសង្គម មេត្តាជ្រាបជាព័ត៌មាន និងបញ្ឈប់ការចែករំលែកបន្ត ឬធ្វើអត្ថាធិប្បាយ (Comment) ផ្សេងៗ ដែលអាចប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងមុខជំនួញរបស់ភាគីទាំងសងខាងតទៅទៀត៕






