ភ្នំពេញ៖ ជាលទ្ធផលការគាំទ្រលើតួលេខ ២១០ ដុល្លារនេះ ចំនួន ៤៧ សំឡេង តួលេខ ២២៥ ដុល្លារ ចំនួន ៣ សំឡេង និងសំឡេងអនុបវាទ (មិនបានការ) ចំនួន ១ សំឡេង។ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា គាំទ្រការរក្សាប្រាក់ឈ្នួលអប្បបរមាដដែលសម្រាប់ឆ្នាំ ២០២៧។ នេះជាការលើកឡើងរបស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅទីស្តីការក្រសួងការងារ នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ឯកឧត្តមបានថ្លែងថា « ក្រៅពីប្រាក់ឈ្នួលអប្បបរមា និងប្រាក់ឧបត្ថម្ភបន្ថែម យើងនៅមានប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត ដែលនោះរួមមាន៖
• ប្រាក់សោហ៊ុយធ្វើការទៀងទាត់ ចំនួន ១០ ដុល្លារ
• សោហ៊ុយធ្វើដំណើរ និងស្នាក់នៅ ចំនួន ៧ ដុល្លារ
• ក្នុងករណីដែលមានការថែមម៉ោង គឺត្រូវផ្តល់ជូន ២.០០០ រៀល ក្នុងមួយពេល ជូនបងប្អូនកម្មករបន្ថែមទៀត»។
ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមថា បើសិនជាយើងបូកប្រាក់ឈ្នួលអប្បបរមា ២១២ ដុល្លារ បូកជាមួយនឹងប្រាក់អត្ថប្រយោជន៍ជាប់កាតព្វកិច្ច ចំនួន ១៩,៥ ដុល្លារ ក្នុងមួយខែទៀត មានន័យថានៅក្នុងឆ្នាំ ២០២៧ ខាងមុខនេះ ប្រាក់ឈ្នួលគោលដែលបងប្អូនកម្មករនិយោជិតទទួលបាន ហើយយកទៅប្រើប្រាស់ជាក់ស្តែងគឺ ២៣១,៥ ដុល្លារ។ ដោយឡែក បើសិនជាបងប្អូនគាត់មានអតីតភាពការងារលើសពី ២ឆ្នាំ គាត់នឹងទទួលបាន ២ ដុល្លារបន្ថែម ហើយបើសិនជាគាត់មានអតីតភាពចូលឆ្នាំទី ៣ គាត់ទទួលបាន ១ ដុល្លារបន្ថែម។ឯកឧត្តមបន្តទៀតថា ប្រាក់ឈ្នួលគោលអប្បបរមាសម្រាប់ឆ្នាំ ២០២៧ មែនទែនទៅ គឺមិនមែន ២១២ ដុល្លារ ទេ គឺប្រាក់ឈ្នួលដែលនិយោជកបង់ពិតប្រាកដ ហើយប្រាក់ឈ្នួលដែលបងប្អូនកម្មករនិយោជិតទទួលបានពិតប្រាកដ គឺ ២៣១,៥ ដុល្លារ ក្នុងមួយខែ។
រដ្ឋមន្ត្រីក្រសួងការងារបញ្ជាក់បន្ថែមថា ក្រៅពីនេះ សម្ដេចក៏បានឱ្យគោលការណ៍ផងដែរថា ទទួលយកនូវសំណូមពរផ្សេងៗដើម្បីយកទៅពិនិត្យពិចារណា ដើម្បីធ្វើម៉េចរក្សាលំនឹងជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិត រក្សានូវភាពប្រកួតប្រជែង រក្សានូវឱកាសការងារសម្រាប់បងប្អូនផង និងសម្រាប់យុវជនដែលនឹងចូលដល់វ័យចូលធ្វើការផងដែរ៕
#9tvnews #heng sour






