ក្រុមហ៊ុនលាង ឡេងស៊ស ចាប់ដៃគូរជាមួយក្រុមហ៊ុនចែកចាយអន្តរជាតិ DKSH ដើម្បីពង្រីកទីផ្សាររបស់ខ្លួនឱ្យកាន់តែធំទូលាយថែមទៀត

សារព័ត៌មាន ណាញធីវី

ភ្នំពេញ៖ ដោយសារកំណើននៃការគាំទ្រពីសំណាក់អ្នកប្រើប្រាស់ផលិតផលទឹកត្រីទឹកស៊ីអ៊ីវ និងគ្រឿងផ្ទះបាយ (គ្រឿងទេស) ដ៏មានគុណភាព សុវត្ថិភាពរបស់ក្រុមហ៊ុនលាង ឡេងស៊ស នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦នេះ ម្ចាស់ក្រុមហ៊ុនផលិតទឹកត្រី ទឹកស៊ីអ៊ីវដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា ឯកឧត្តម លាង ឡេង បានចាប់ដៃគូរជាមួយក្រុមហ៊ុនចែកចាយអន្តរជាតិ DKSH ដើម្បីពង្រីកទីផ្សាររបស់ខ្លួនឱ្យកាន់តែធំទូលាយថែមទៀតទាំងក្នុងនិងក្រៅប្រទេស។



ឯកឧត្តម លាង ឡេង ម្ចាស់ក្រុមហ៊ុនលាង ឡេងស៊ស បានបញ្ជាក់ថា កិច្ចសហការរវាងក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនស្តង់ដារអន្តរជាតិមួយនេះ គឺជាការចងសម្ព័ន្ធភាពដើម្បីពង្រឹងគុណភាព និងស្ដង់ដារមុខមាត់ផលិតផលខ្មែរ។ សហគ្រាសនៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការផលិតនូវផលិតផលដែលមានសុវត្ថិភាព និងគុណភាពខ្ពស់ ដើម្បីបម្រើជូនអតិថិជន និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។
ចំណុចសំខាន់ៗនៃកិច្ចសហប្រតិបត្តិការ៖
• ការសហការយុទ្ធសាស្ត្រ៖ ការរួមបូកបញ្ចូលគ្នារវាងកម្លាំងផលិតក្នុងស្រុក និងបណ្តាញចែកចាយស្តង់ដារអន្តរជាតិរបស់ DKSH។
• ការបម្រើទីផ្សារ៖ បង្កើនខ្សែចង្វាក់ចែកចាយ (Channels) ទាំងទីផ្សារក្នុងស្រុក និងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
• ពង្រីកមុខទំនិញ៖ បន្ថែមមុខផលិតផលថ្មីៗ ដើម្បីឆ្លើយតបតាមតម្រូវការអ្នកបរិភោគគ្រប់កម្រិត។

បន្ថែមពីនេះ តំណាងសហគ្រាសក៏បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជន និងប្រជាពលរដ្ឋខ្មែរដែលតែងតែគាំទ្រផលិតផលក្នុងស្រុក។ ការគាំទ្រទំនិញខ្មែរមិនត្រឹមតែជួយដល់អាជីវកម្មក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាផ្នែកមួយយ៉ាងសំខាន់ក្នុងការចូលរួមចំណែកលើកស្ទួយសេដ្ឋកិច្ចជាតិទាំងមូលផងដែរ៕


ក្រៅពីមានការគាំទ្ររបស់អតិថិជនទាំងក្នុងនិងក្រៅប្រទេសក្រុមហ៊ុន លាង ឡេង ក៏ទទួលបានការគាំទ្រពីអេសអ៊ឹមអ៊ីជាច្រើនម៉ឺននៅក្នុងស្រុកខ្មែរ ព្រោះថា ក្រុមហ៊ុនលាងឡេងមានចក្ខុវិស័យច្បាស់លាស់ក្នុងការផលិតនូវផលិតផលដែលប្រកបដោយគុណតម្លៃ ពោលគឺ គុណភាពសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ជាចម្បង និងលក់ក្នុងតម្លៃសមរម្យទាំងក្នុងនិងក្រៅប្រទេស។ដោយផ្អែកទៅលើគុណភាពផលិតផលដែលអតិថិជនអាចជ្រើសរើសបានទាំងតម្លៃធូរនិងតម្លៃខ្ពស់ ឆ្លើយតបទៅហ្នឹងតម្រូវការរបស់អ្នកប្រើប្រាស់គ្រប់ស្រទាប់។


ឯកឧត្តម បញ្ជាក់បន្ថែមថា នៅឆ្នាំក្រោយនេះ ក្រុមហ៊ុននឹងពង្រីកវិសាលភាពផលិត និងចែកចាយឱ្យកាន់តែធំបន្ថែមទៀតព្រោះក្រុមហ៊ុនបាននិងកំពុងពង្រីកផលិតកម្មលើផ្ទៃដីប្រមាណជិត៦០ហិកតា នៅក្នុងភូមិសាស្ត្រស្រុកពញាព្ញ ខេត្តកណ្តាល ដើម្បីបង្កើនផលិតផលជាច្រើនមុខទៀតឆ្លើយតបនឹងតម្រូវការទីផ្សារក្នុងនិងក្រៅប្រទេស។

ជាមួយគ្នានេះ បើតាមការឲ្យដឹងពីលោក អឿន ឈុនលី (Chhonly Oeun) បច្ចុប្បន្នមានតួនាទីជា អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកលក់និងទីផ្សារ នៅ DKSH Cambodia Consumer Goods បានបញ្ជាក់មូលហេតុសំខាន់ដែល DKSH សម្រេចចិត្តចាប់ដៃគូជាមួយ Leang Leng គឺដោយសារយើងមើលឃើញពី សក្តានុពលរបស់ម៉ាក គុណភាពផលិតផល និងការយល់ដឹងច្បាស់អំពីតម្រូវការរបស់អ្នកប្រើប្រាស់កម្ពុជា។

លោកបន្ថែមថា ក្រុមហ៊ុនលាង ឡេងស៊ស មានភាពខ្លាំងក្នុងនាមជាម៉ាកក្នុងស្រុក ដែលយល់ច្បាស់ពីរសជាតិ និងតម្រូវការរបស់ប្រជាជនកម្ពុជា។ ចំណែក DKSH មានបទពិសោធន៍ និងសមត្ថភាពខ្លាំងផ្នែក ការលក់ ការចែកចាយ និងការអនុវត្តទីផ្សារ។ដូច្នេះ ភាពជាដៃគូនេះ គឺជាការរួមបញ្ចូលគ្នារវាង ភាពខ្លាំងរបស់ LeangLeng ក្នុងនាមជាម៉ាកក្នុងស្រុក និង សមត្ថភាពរបស់ DKSH ក្នុងការពង្រីកទីផ្សារ និងបណ្តាញចែកចាយ។គោលដៅរបស់យើង មិនមែនគ្រាន់តែយកផលិតផលទៅដាក់លក់ឱ្យបានច្រើនកន្លែងប៉ុណ្ណោះទេ ប៉ុន្តែយើងចង់ធ្វើឱ្យផលិតផល LeangLeng កាន់តែងាយស្រួលរកទិញ ស្ថិតនៅកាន់តែជិតអ្នកប្រើប្រាស់ និងអាចពង្រីកការលូតលាស់ប្រកបដោយចីរភាពនៅទូទាំងប្រទេសកម្ពុជា៕


























#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top