ខេត្តកណ្តាល៖ កុមារតូចម្នាក់បានបាត់បង់ជីវិតក្នុង “បន្ទប់ពិគ្រោះព្យាបាលជំងឺកុមារ” មួយកន្លែង ស្ថិតក្នុងភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីព្រលប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ កន្លងទៅ។ ហេតុការណ៍នេះ បានបង្កឱ្យមានការរិះគន់យ៉ាងក្តៅគគុកពីសំណាក់មហាជន ជុំវិញការស្វែងរកយុត្តិធម៌ និងបទដ្ឋានបច្ចេកទេសនៃគ្រូពេទ្យព្យាបាល ដែលបណ្តាលឲ្យកុមាររងគ្រោះ មានឈ្មោះ សុគន្ធ វីរៈ (កើតថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣) មានអាសយដ្ឋាននៅភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល បានស្លាប់ក្រោយព្យាបាលក្នុងមន្ទីរពេទ្យខាងលើ។នេះបើយោងតាមប្រភពព័ត៌មានដែលអង្គភាពសារព័ត៌មាន ណាញធីវី ទទួលបាននាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦នេះ។
តាមការឲ្យដឹងពីអាជ្ញាធរបានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ កុមាររងគ្រោះមានអាការៈកើនកម្តៅ (ក្តៅខ្លួន) ធម្មតា ប៉ុណ្ណោះ ហើយត្រូវបានគ្រួសារនាំទៅពិគ្រោះជំងឺនៅគ្លីនិកខាងលើ ដែលមានបិទផ្លាកយីហោឈ្មោះ លោកវេជ្ជបណ្ឌិត អន ភារម្យ (បញ្ជាក់ថាធ្វើការនៅមន្ទីរពេទ្យកុមារជាតិ)។ ពេលទៅដល់ គ្រូពេទ្យបានធ្វើការពិនិត្យ និងសន្និដ្ឋានថា កុមារកើត “ជំងឺគ្រុនឈាម” ដោយតម្រូវឱ្យសម្រាកនៅគ្លីនិក ដើម្បីចាក់ថ្នាំ និងព្យួរទឹករ៉ូម។
ប្រភពខាងលើបន្តថា លុះដល់វេលារសៀលថ្ងៃដដែល ក្រោយព្យួរទឹករ៉ូមបានប្រហែលកន្លះម៉ោង កុមាររងគ្រោះស្រាប់តែធ្វើទុក្ខ ចុកចាប់ខ្លាំង រហូតព្យាយាមទាញខ្សែសេរ៉ូមចេញពីដៃ ហើយនៅវេលាព្រលប់ថ្ងៃដដែល កុមារតូចរូបនេះក៏បានដាច់ខ្យល់ស្លាប់នៅក្នុងគ្លីនិកតែម្តង។ ភ្លាមៗនោះ គេសង្ស័យថាម្ចាស់គ្លីនិកមានការភិតភ័យ ចង់គេចវេសពីការទទួលខុសត្រូវ ក៏បានដេញឱ្យគ្រួសារប្រញាប់បញ្ជូនកុមារទៅមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយ ប៉ុន្តែពេលទៅដល់ គ្រូពេទ្យនៅទីនោះបានបញ្ជាក់ថា កុមារ សុគន្ធ វីរៈ បានបាត់បង់ជីវិតបាត់ទៅហើយ ទើបគ្រួសារដឹកសពមកធ្វើបុណ្យតាមប្រពៃណី។
ក្រោយហេតុការណ៍ដ៏សោកសៅនេះ នៅយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ក៏មានការសម្របសម្រួលគ្នារវាងភាគីតំណាងម្ចាស់គ្លីនិក និងគ្រួសារសព នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំគគីរ ដោយខាងគ្លីនិកបានយល់ព្រមបង់ប្រាក់សំណងចំនួន ៩,០០០ ដុល្លារអាមេរិក និងចូលបុណ្យបន្ថែមចំនួន ២,០០០,០០០ រៀល ដើម្បីបញ្ចប់រឿង និងសុំឱ្យគ្រួសារសពដកពាក្យបណ្តឹង។
ទោះបីជាមានការសម្របសម្រួលផ្នែកប្រាក់កាសយ៉ាងណាក៏ដោយ លោក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានបញ្ជាក់ច្បាស់ៗថា ការប្រគល់ និងទទួលសំណងគឺជាសិទ្ធិរបស់ភាគីទាំងពីរ ប៉ុន្តែចំពោះ នីតិវិធីផ្លូវច្បាប់ សមត្ថកិច្ចបានរៀបចំសំណុំរឿងបញ្ជូនទៅកាន់តុលាការរួចរាល់ហើយ។
ដោយឡែក លោក ហេង ថេងសំណាង ប្រធានការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិកៀនស្វាយ បានឱ្យដឹងថា មូលហេតុពិតប្រាកដនៃការស្លាប់មិនទាន់អាចសន្និដ្ឋានបាននៅឡើយទេ ដោយអាជ្ញាធរកំពុងស្រាវជ្រាវយ៉ាងល្អិតល្អន់ថា តើការស្លាប់នេះបណ្តាលមកពី “ប្រតិកម្មថ្នាំ” ឬ “ខុសបច្ចេកទេសវេជ្ជសាស្ត្រ”។ ស្របពេលជាមួយគ្នានេះ លោក គាម ពិសិដ្ឋ ប្រធានមន្ទីរសុខាភិបាលខេត្តកណ្ដាលស្ដីទី ក៏បានចាត់មន្ត្រីជំនាញចុះស៊ើបសួរករណីនេះជាប្រញាប់ផងដែរ។
ករណីនេះបានបង្កឱ្យមានការខឹងសម្បារពីសំណាក់មហាជនយ៉ាងខ្លាំង ដោយប្រជាពលរដ្ឋបានទាមទារយ៉ាងទទូចឱ្យ ក្រសួងសុខាភិបាល និង ស្ថាប័នតុលាការខេត្តកណ្តាល ចាត់វិធានការតាមផ្លូវច្បាប់លើម្ចាស់គ្លីនិកខាងលើឱ្យបានម៉ឺងម៉ាត់បំផុត ដោយគ្មានការយោគយល់ព្រោះតែប្រាក់សំណងឡើយ ដើម្បីជាការព្រមានដល់គ្លីនិកឯកជនដទៃទៀត កុំឱ្យមានការធ្វេសប្រហែស ឬសន្និដ្ឋានជំងឺស្មានៗ នាំឱ្យបាត់បង់ជីវិតមនុស្សឥតន័យបែបនេះទៀត។
ពាក់ព័ន្ធករណីនេះ អង្គភាពសារព័ត៌មាន ណាញធីវី ក្រោយទទួលបានព័ត៌មានខាងលើ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នំា២០២៦នេះពីលោក មិនអាចសុំការបំភ្លឺពីលោកវេជ្ជបណ្ឌិត អន ភារម្យ បាននោះទេដោយសារពុំមានលេខទំនាក់ទំនង ទោះជាយ៉ាងណាអង្គភាពសារព័ត៌មាន ណាញធីវី នូវតែរងចាំការបំភ្លឺគ្រប់ភាគីពាក់ព័ន្ធទាំងអស់រៀងរាល់ម៉ោងធ្វើការ ឬក៏ទំនាក់ទំនងតាមលេខ ០១២ ៧៩ ៩៥ ៧២ ណាញធីវីនឹងធ្វើបច្ចុប្បន្នភាពរឿងនេះបន្តទៀតនៅវគ្គក្រោយ៕











