បវរកញ្ញា សុខគា គឹមលាង Miss International Cambodia 2026 ត្រូវបានបំពាក់ម្កុដបវរកញ្ញា ត្រៀមទៅប្រគួតនៅប្រទេសជប៉ុន

សារព័ត៌មាន ណាញធីវី

(ភ្នំពេញ) ៖  បវរកញ្ញា សុខគា គឹមលាង  Miss International Cambodia 2026  ត្រូវបានបំពាក់ម្កុដបវរកញ្ញា  ត្រៀមទៅប្រគួតនៅប្រទេសជប៉ុន ខណៈលោកជំទាវ ហ៊ុន ស៊ីណាត បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ អមដំណើរដោយជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បំពាកម្កុដជាផ្លូវការដល់កញ្ញា សុខគា គឹមលាង ហៅ Kon ដែលរៀបចំឡើងដោយក្រុមហ៊ុន CSNJ Jewellery ដើម្បីធ្វើជាតំណាងដ៏មានកិត្តិយសរបស់ព្រះរាជាណាចក្រកម្ពុជា ទៅចូលរួមការប្រកួត Miss International នៅប្រទេសជប៉ុន។


នៅក្នុងឱកាសនោះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានមានប្រសាសន៍អបអរសាទរយ៉ាងស្មោះស្ម័គ្រចំពោះកញ្ញា សុខគា គឹមលាង ដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាព និងបង្ហាញពីទេពកោសល្យ ភាពជឿជាក់ និងគុណតម្លៃដ៏ល្អប្រពៃ រហូតទទួលបានទំនុកចិត្តក្នុងការក្លាយជាតំណាងប្រទេសកម្ពុជា។

លោកជំទាវអ្នកឧកញ៉ា បានសង្កត់ធ្ងន់ថា ការបំពាក់ម្កុដនៅថ្ងៃនេះ មិនមែនគ្រាន់តែជាការប្រគល់តួនាទី ឬកិត្តិយសប៉ុណ្ណោះទេ ប៉ុន្តែជាការប្រគល់ទំនួលខុសត្រូវដ៏ធំធេង ក្នុងនាមសិល្បការិនីតំណាងឱ្យជាតិ វប្បធម៌ អត្តសញ្ញាណ និងភាពថ្លៃថ្នូររបស់ស្ត្រីកម្ពុជានៅលើឆាកអន្តរជាតិ។

លោកជំទាវប្រធានសមាគមសិល្បករខ្មែរ បានបញ្ជាក់បន្ថែមថា ក្នុងយុគសម័យសាកលភាវូបនីយកម្ម បវរកញ្ញាមិនត្រឹមតែមានសម្រស់ប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានចំណេះដឹង បុគ្គលិកលក្ខណៈល្អ សមត្ថភាពក្នុងការទំនាក់ទំនង ស្មារតីសង្គម និងសមត្ថភាពក្នុងការបំផុសគំនិតវិជ្ជមានដល់យុវជន និងសង្គមទាំងមូល។ លោកជំទាវប្រធាន ជឿជាក់ថា កញ្ញា សុខគា គឹមលាង នឹងអាចបំពេញតួនាទីនេះបានយ៉ាងល្អ និងនាំយកភាពថ្លៃថ្នូររបស់កម្ពុជាទៅកាន់ពិភពលោក។

លោកជំទាវប្រធានបានវាយតម្លៃខ្ពស់ និងការសរសើរចំពោះគណៈកម្មការរៀបចំកម្មវិធី ក្រុមការងារ ដៃគូសហការ ម្ចាស់ឧបត្ថម្ភ ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀបចំកម្មវិធីនេះ ដែលធ្វើឱ្យកម្មវិធីនេះមានគុណភាព និងប្រកបដោយវិជ្ជាជីវៈ ដើម្បីជាការលើកកម្ពស់ដល់វិស័យសិល្បៈវប្បធម៌ផ្នែកបវរកញ្ញាឱ្យកាន់តែមានសក្តានុពល និងទទួលបាននូវការទទួលស្គាល់នៅលើឆាកអន្តរជាតិ។

លោកជំទាវឧកញ៉ា ហ៊ុន ស៊ីណាត បានផ្តាំផ្ញើដល់កញ្ញា សុខគា គឹមលាង ដែលបានមកទទួលរង្វាន់នាពេលរាត្រីនេះ ត្រូវធ្វើដំណើរទៅកាន់ប្រទេសជប៉ុន ឲ្យខិតខំថែរក្សាសុខភាព និងនាំយកភាពជោគជ័យពីប្រទេសជប៉ុនត្រឡប់មកប្រទេសកម្ពុជាវិញ។

ទន្ទឹមនឹងនោះ លោកជំទាវឧកញ៉ា ហ៊ុន ស៊ីណាត បានប្រសិទ្ធពរជ័យដល់ភ្ញៀវកិត្តិយសទាំងអស់ ដែលវត្តមាននៅក្នុងកម្មវិធីនេះ ឲ្យជួបតែសេចក្តីសុខចម្រើនគ្រប់ប្រការ និងធ្វើដំណើរជិតឆ្ងាយជួបតែសុខសុវត្ថិភាព។ លោកជំទាវក៏បានជូនពរឲ្យការធ្វើដំណើររបស់កញ្ញា សុខគា គឹមលាង ទទួលបាននូវសុខសុវត្ថិភាព ទាំងពេលទៅ និងពេលមកវិញ។

លោកឧកញ៉ា ចិន សំណាង អគ្គនាយកហាងពេជ្រ CSNJ បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះភ្ញៀវកិត្តិយស ដៃគូអាជីវកម្ម អ្នកឧបត្ថម្ភ សារព័ត៌មាន និងអ្នកគាំទ្រទាំងអស់ ជាពិសេសសិល្បករ-សិល្បការិនី និងបវរកញ្ញាដែលបានចូលរួមប្រឡងមកពីទូទាំងប្រទេស។

លោកឧកញ៉ាបានបញ្ជាក់ថា លោកបានទិញអាជ្ញាប័ណ្ណ (License) Miss International Cambodia 2026 នេះដោយផ្ទាល់ខ្លួន និងបានរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងថ្មី ដើម្បីជំរុញវិស័យនេះឱ្យមានស្តង់ដារ និងមានឱកាសឈ្នះខ្ពស់ ព្រោះលោកមានក្តីស្រឡាញ់ និងការប្តេជ្ញាចិត្តខ្ពស់ចំពោះវិស័យបវរកញ្ញា។

លោកឧកញ៉ាបាននាំយកគ្រូបង្វឹកមកពីបរទេសឥណ្ឌា ២នាក់ និងហ្វីលីពីន ៥នាក់ ដើម្បីជួយបង្ហាត់បង្រៀនបន្ថែមដល់កញ្ញា សុខគា គឹមលាងផងដែរ ខណៈដែលលោកក៏បានអំពាវនាវដល់ស្ថាប័ន និងបងប្អូនទាំងអស់ ឱ្យមករួបរួមគ្នាដើម្បីភាពជោគជ័យនៃជាតិសាសន៍របស់កម្ពុជាយើង។ លោកមានគម្រោងជ្រើសរើស និងត្រៀមលក្ខណៈបេក្ខជនដែលមានសមត្ថភាព និងការតស៊ូទុកជាមុនឱ្យបាន ១ ទៅ ២ឆ្នាំ សម្រាប់ការប្រកួតឆ្នាំក្រោយៗទៀត។

គួរបញ្ជាក់ថា បន្ទាប់ពីពិធីបំពាក់ម្កុដជាផ្លូវការក្នុងនាមជាបវរកញ្ញា Miss International Cambodia 2026 កញ្ញា សុខគា គឹមលាង (Kon Ant) នឹងត្រូវតំណាងកម្ពុជាទៅចូលរួមប្រកួតបវរកញ្ញា Miss International នៅប្រទេសជប៉ុន ក្នុងខែវិច្ឆិកា ខាងមុខនេះ៕














#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top