លោកជំទាវ ឈី វិជ្ជរ៉ា៖ កម្ពុជា ជាប្រធានប្ដូរវេននៃកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានលើកទី២៣ (23rd ACCSM) និងកិច្ចប្រជុំអាស៊ានបូកបីលើកទី៨ (8th ACCSM+3) ដែលរៀបចំនៅខេត្តសៀមរាប

សារព័ត៌មាន ណាញធីវី

ភ្នំពេញ៖ លោកជទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍ថា «កម្ពុជា ជាប្រធានប្ដូរវេននៃកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានលើកទី២៣ (23rd ACCSM) និងកិច្ចប្រជុំអាស៊ានបូកបីលើកទី៨ (8th ACCSM+3) ស្ដីពីកិច្ចការមុខងារសាធារណៈ ដែលរៀបចំ ពីថ្ងៃទី៣-៥ ខែសីហា នៅទឹកដីអង្គរ ខេត្តសៀមរាប។


ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវបញ្ជាក់ថា ក្រសួងមុខងារសាធារណៈ នឹងដឹកនាំរៀបចំកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានស្ដីពីកិច្ចការមុខងារសាធារណៈលើកទី២៣ (23rd ACCSM) កិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានបូកបីស្ដីពីកិច្ចការមុខងារសាធារណៈលើកទី៨ (8th ACCSM+3) និងព្រឹត្តិការណ៍ពាក់ព័ន្ធឆ្នាំ២០២៤-២០២៦ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែសីហាខាងមុខ នៅខេត្តសៀមរាប។ កិច្ចប្រជុំនេះ នឹងមានការចូលរួមពីប្រទេសសមាជិកអាស៊ាន រួមទាំងប្រទេសចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ ក្នុងក្របខណ្ឌអាស៊ានបូកបី។


លោកជំទាវរដ្ឋលេខាធិការបន្ថែមថា ក្នុងនាមជាប្រធានប្ដូរវេននៃយន្តការនេះ មានកាតព្វកិច្ចអញ្ជើញប្រទេសជាសមាជិកអាស៊ានទាំងអស់ឱ្យចូលរួមប្រជុំ ដោយមិនអាចលើកលែងប្រទេសណាមួយឡើយ។ ចំពោះការសម្រេចចិត្តចូលរួមដោយផ្ទាល់ ឬចូលតាមប្រព័ន្ធអនឡាញ គឺជាសិទ្ធិរបស់ប្រទេសនីមួយៗ។


ថ្លែងប្រាប់អ្នកសារព័ត៌មាន លោកជំទាវ ឈី វិជ្ជរ៉ា បញ្ជាក់ទៀតថា «ភាគីថៃបានជូនដំណឹងរួចហើយថា គាត់នឹងចូលរួមប្រជុំតាមអនឡាញ ហើយកម្ពុជាគោរពការសម្រេចចិត្តនេះ។ ប៉ុន្តែកម្ពុជានៅតែមានបំណងចង់ឱ្យថៃចូលរួមដោយផ្ទាល់ ហើយទទួលស្វាគមន៍ដូចភ្ញៀវដទៃទៀត ដោយគ្មានការរើសអើង ព្រោះកម្ពុជាមានភាពថ្លៃថ្នូរ យើងទទួលដោយក្ដីគោរព និងភាពកក់ក្ដៅ មិនថាប្រទេសណានោះទេ»។ ហើយក្នុងនាមជាប្រទេសដែលគោរពច្បាប់អន្តរជាតិ កម្ពុជា មិនអនុញ្ញាតឱ្យបញ្ហាទ្វេភាគី ប៉ះពាល់ដល់ដំណើរការកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអាស៊ានឡើយ។


សូមបញ្ជាក់ផងដែរថា ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងមុខងារសាធារណៈកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈ លើកទី២២ (22nd ASEAN Cooperation on Civil Service Matters – ACCSM) និងកិច្ចប្រជុំសហប្រតិបត្តិការអាស៊ានបូក៣ (ACCSM+3) ស្តីពីមុខងារសាធារណៈ លើកទី៧ នៅរាជធានីបង់ដាសេរីបេកាវ៉ាន់ ប្រទេសប្រ៊ុយណេដារូហ្សាឡាម៕









#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top