អភិបាលរងខេត្តកំពត លោក សេង សិរីបុត្រ ត្រូវបានពលរដ្ឋចោទថាបានឆបោកប្រាក់ ៦០,០០០ ដុល្លារ

សារព័ត៌មាន ណាញធីវី

(ភ្នំពេញ) ៖ លោក សេង សិរីបុត្រ អភិបាលរងខេត្តកំពត ត្រូវបានពលរដ្ឋចោទ ប្រកាន់ថាបានរៀបចំឧបាយកលឆបោកប្រាក់របស់ខ្លួនអស់ចំនួន ៦០,០០០ ដុល្លារ តាមរយៈការធ្វើកិច្ចសន្យាខ្ចីប្រាក់ និងប្រើប្រាស់សែកដែលធនាគារបិទចោលជាង ១០ដងមកហើយមកដាក់តម្កល់។ អ្វីដែលធ្វើឱ្យជនរងគ្រោះឈឺចាប់ថែមទៀតនោះ គឺភាគីចោទប្រកាន់បានបកមកប្តឹងរូបគាត់វិញពីបទ "ប្រើប្រាស់សែកក្លែងក្លាយ" ដើម្បីទម្លាក់កំហុស។នេះបើយោងតាមប្រភពព័ត៌មានដែលអង្គភាពសារព័ត៌មាន ណាញធីវី ទទួលបាននាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦នេះ។


យោងតាមការឲ្យដឹងពីលោក ម៉ៅ ប៊ុនលី អាយុ ៣៥ ឆ្នាំ រស់នៅភូមិលក ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ដែលជាជនរងគ្រោះ បានប្រាប់ថា លោក សេង សិរីបុត្រ អាយុ ៥៣ ឆ្នាំ ជាអភិបាលរងខេត្តកំពត មានអាសយដ្ឋាននៅផ្ទះលេខ ៦១ ផ្លូវលេខ ៥ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។


លោក ម៉ៅ ប៊ុនលី ធ្លាប់បានថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៣ លោក សេង សិរីបុត្រ បានខ្ចីប្រាក់ពីខ្លួនចំនួន ៦០,១០០ ដុល្លារ តាមរយៈឈ្មោះ លឹម ហ៊ត ដោយមានកិច្ចសន្យាសងវិញគ្រប់ចំនួនក្នុងរយៈពេល ១ ឆ្នាំ។ ដើម្បីបង្កើនទំនុកចិត្ត លោក សេង សិរីបុត្រ បានយកប្លង់ដីទន់មួយកន្លែងនៅភូមិក្រសាំង ឃុំឈូក ស្រុកឈូក និងបានចេញសែកមួយសន្លឹកមកដាក់តម្កល់ធានាបំណុល។

បន្ទាប់ពីទទួលបានប្រាក់ ភាគីលោក សេង សិរីបុត្រ បានបង់ការប្រាក់ឱ្យតែ ២ ទៅ ៣ ខែដំបូងប៉ុណ្ណោះ ហើយក៏ស្ងាត់ឈឹង។ នៅពេលតាមសួរនាំ លោក សេង សិរីបុត្រ បែរជាបដិសេធថា ខ្លួនមិនបានដឹងរឿង មិនបានខ្ចីប្រាក់ និងមិនបានចេញសែកធានាបំណុលនោះឡើយ។


ដោយទាល់ច្រក លោក ម៉ៅ ប៊ុនលី បានប្តឹងលោក សេង សិរីបុត្រ ទៅតុលាការខេត្តកំពត ពីបទ "ឆបោក និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន" (ចេញសែកស្អុយ)។ ប៉ុន្តែសំណុំរឿងព្រហ្មទណ្ឌលេខ ១៨២ ចុះថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២៦ ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តកំពត សម្រេចតម្កល់រឿងទុកឥតចាត់ការ ដែលធ្វើឱ្យដើមបណ្តឹងសម្រេចប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍បន្តទៀត។


លោក ម៉ៅ ប៊ុនលី បន្ថែមថា លោក សេង សិរីបុត្រ មានចេតនាទុច្ចរិត ដោយបានស៊ីញ៉េធ្វើជាខុសលើសន្លឹកសែកដែលធនាគារបិទដំណើរការជាង ១០ ឆ្នាំមកហើយ រួចយកមកដាក់តម្កល់។ បន្ទាប់មក លោក សេង សិរីបុត្រ បានប្រើប្រាស់អំណាចប្តឹងបកមកលើរូបលោក (ម្ចាស់ប្រាក់) វិញពីបទ "ប្រើប្រាស់ឯកសារក្លែង និងស៊ីញ៉េក្លែង" ក្នងបំណងចាប់រូបលោកដាក់គុកយ៉ាងអយុត្តិធម៌។


សាក្សីបញ្ជាក់ និងការឆ្លើយតបពីភាគីលោក សេង សិរីបុត្រ យោងតាមសំណុំរឿងព្រហ្មទណ្ឌលេខ ១៨២ ចុះថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២៦ សាក្សីចំនួន ៣ នាក់ រួមមាន៖ ឈ្មោះ លឹម ហ៊ត (អាយុ ៣៨ ឆ្នាំ នៅស្រុកកំពង់ត្រាច) ឈ្មោះ ហាស់ ឈួនកាស្នា (អាយុ ៤៤ ឆ្នាំ នៅខណ្ឌសែនសុខ) ឈ្មោះ ស៊ុ រិទ្ធី (អាយុ ៤៤ ឆ្នាំ នៅស្រុកឈូក - ជាអ្នកយកសែកទៅប្រគល់ឱ្យម្ចាស់ប្រាក់) សាក្សីទាំង ៣ រូបបានអះអាងដូចគ្នាថា លោក សេង សិរីបុត្រ ពិតជាបានខ្ចីប្រាក់ចំនួន ៦០,០០០ ដុល្លារ និងបានប្រគល់សែកតម្កល់ឱ្យលោក ម៉ៅ ប៊ុនលី ប្រាកដមែន។


លោក ម៉ៅ ប៊ុនលី និងគ្រួសារ បានស្នើយ៉ាងទទូចដល់សាលាដំបូងខេត្តកំពត, ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងពិសេស សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មេត្តាជួយស្វែងរកយុត្តិធម៌ជូនរូបលោកដែលជាជនរងគ្រោះ ខណៈប្រាក់ក៏បាត់បង់ ហើយថែមទាំងប្រឈមនឹងការជាប់ពន្ធនាគារដោយសារឧបាយកលប្តឹងបកទៀតផង។


ក្រោយទទួលបានព័ត៌មានរឿងអាស្រូវខាងលើនេះ នៅតាមបណ្តាអង្គភាពសារព័ត៌មាន ផ្សេងៗ គិតត្រឹមព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦នេះ អង្គភាពសារព័ត៌មាន ណាញធីវី មិនអាចសុំការបំភ្លឺពីលោក សេង សិរីបុត្រ អភិបាលរងខេត្តកំពត បាននោះទេ ដោយសារពុំមានលេខទំនាក់ទំនង ទោះជាយ៉ាងណាអង្គភាពសារព័ត៌មាន ណាញធីវី នូវតែរង់ចាំការបំភ្លឺគ្រប់ភាគីពាក់ព័ន្ធទាំងអស់រៀងរាល់ម៉ោងធ្វើការ ឬក៏ទំនាក់ទំនងតាមលេខ ០១២ ៧៩ ៩៥ ៧២ ណាញធីវី នឹងធ្វើពីបច្ចុប្បន្នភាពរឿងនេះបន្តទៀតនៅវគ្គក្រោយ៕





















#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top