ភ្នំពេញ៖ ក្នុងរយៈពេល ៣ ឆ្នាំកន្លងមកនេះ តាមរយៈយន្តការចរចាប្រាក់ឈ្នួលអប្បបរមា គឺយើងរក្សាបាននូវភាពប្រកួតប្រជែង យើងអាចរក្សាបាននូវការព្យាករណ៍ទុកជាមុនរបស់ភាគីពាក់ព័ន្ធ។ អញ្ចឹងហើយបានជាធ្វើឱ្យការវិនិយោគនៅក្នុងវិស័យនេះគឺអត់ថយទេ គឺកើនឡើង! ពីព្រោះគេឃើញថានៅកម្ពុជាមានភាពចាស់ទុំនៅក្នុងការចរចាប្រាក់ឈ្នួល។ នេះជាការលើកឡើងរបស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្លែងប្រាប់អ្នកសារព័ត៌មាន នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦នេះ ក្នុងឪកាសអញ្ជើញជាអធិបតីបើកកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី៤ ឆ្នាំទី២ លើកទី២ ដើម្បីបន្តពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៧ នៅទីស្ដីការក្រសួង។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ឯកឧត្តមរដ្ឋមន្ត្រីលើកឡើងថា «ជាលទ្ធផលនៃទំនុកចិត្តនេះឯង ដែលយើងឃើញថាក្នុងរយៈពេល ៣ ឆ្នាំនេះ គឺយើងមានកំណើនរោងចក្រក្នុងវិស័យកាត់ដេរនេះរហូតដល់ទៅជាង ៣០០ រោងចក្រ! ហើយកម្មករនិយោជិតក្នុងវិស័យនេះកើនជាង ៣០ម៉ឺននាក់»។
ឯកឧត្តម ហេង សួរ បន្តថា «នេះគឺជាមោទនភាពមួយដែលក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ទាំងតំណាងភាគីកម្មករនិយោជិត ទាំងភាគីនិយោជក រួមគ្នាធ្វើឱ្យយន្តការចរចានេះមានភាពជឿជាក់បាន ទោះបីថាវាលម្អៀងគ្នាតាំងពីដើមទី ប៉ុន្តែចុងក្រោយយើងគោរពត្រូវការសម្រេចរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល។ និយោជក អ្នកវិនិយោគ ឃើញថាមានភាពជឿជាក់បាន ព្រោះយើងចរចានេះជាង ១០ ឆ្នាំហើយយន្តការនេះ»។ លោកបន្តទៀតថា អញ្ចឹងហើយបានជាការកើនឡើងឱកាសការងារជាង ៣០ ម៉ឺននាក់ មានន័យថាក្នុងរយៈពេល ៣ ឆ្នាំនេះ បើសិនជាយើងគិតថា ប្រាក់ឈ្នួលចំនួន ២២០ ដុល្លារក្នុងមួយខែ (ព្រោះយើង ២១០ ដុល្លារ ប៉ុន្តែប្រាក់ជាប់កាតព្វកិច្ច ១៩,៥ ដុល្លារទៀត) អញ្ចឹងមែនទែនទៅ បងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ មិនមែនប្រាក់ឈ្នួលអប្បបរមា ២១០ ទេ ធាតុពិតទទួលបានពិតប្រាកដគឺ ២២៩,៥ ឬក៏ថា ២៣០ ដុល្លារ។
ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមថា «ការកំណត់ប្រាក់ឈ្នួលអប្បបរមា យើងមិនមើលតែទៅលើកម្មករនិយោជិតដែលនៅក្នុងទីផ្សារការងារស្រាប់ទេ យើងត្រូវគិតធ្វើប្រាក់ឈ្នួលអប្បបរមានេះនៅមានភាពទាក់ទាញ ដើម្បីឱ្យមានការវិនិយោគបន្ថែម។ មានការវិនិយោគបន្ថែម ប្រាកដជាមានការងារ, មានការងារ ប្រាកដជាមានចំណូលបន្ថែម។ គ្រួសារនីមួយៗនៅពេលដែលមានវិស័យកាត់ដេរ ឬមួយក៏ការងារច្រើន គ្រួសារនីមួយៗក៏កើនចំណូលដែរ»។
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារបញ្ជាក់ទៀតថា «ការចូលរួមរបស់បងប្អូនកម្មករនិយោជិត ការចូលរួមរបស់ស្ថាប័នពាក់ព័ន្ធ ដើម្បីបង្កើតឱ្យមានភាពចាស់ទុំនៅក្នុងទំនាក់ទំនងវិជ្ជាជីវៈ ឱ្យមានភាពសុខដុមរមនានៅកន្លែងធ្វើការ ក៏ជាកត្តាមួយដែលធ្វើឱ្យវិស័យកាត់ដេររបស់យើងនេះមានការរីកចម្រើនផងដែរ៕ អត្ថបទ៖ នាង ស្រស់
#MLVT #HENGSour. #9tvnews

















