ភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាល បានប្រកាសរកឃើញផលិតផលគ្រឿងសម្អាងចំនួន ៥មុខ មានផ្ទុកសារធាតុគីមីបារត (Mercury) និងសារធាតុគីមីអាស៊ីតសាលីស៊ីលិច (Salicylic Acid) លើសកម្រិតបទដ្ឋានស្តង់ដារ ដែលអាចបង្កហានិភ័យធ្ងន់ធ្ងរដល់សុខភាពអ្នកប្រើប្រាស់។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាង បានទិញសំណាកផលិតផលគ្រឿងសម្អាងមួយចំនួនតាមទីផ្សារ ដើម្បីបញ្ជូនទៅវិភាគគុណភាពនៅមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល ក្នុងគោលបំណងពង្រឹងការត្រួតពិនិត្យគុណភាពផលិតផលដែលកំពុងចរាចរលើទីផ្សារកម្ពុជា។
លទ្ធផលនៃការវិភាគបានបង្ហាញថា ផលិតផលគ្រឿងសម្អាងចំនួន ៤មុខ មានផ្ទុកសារធាតុគីមីបារត (Mercury) លើសកម្រិតអនុញ្ញាត ខណៈផលិតផល ១មុខទៀត មានផ្ទុកទាំងសារធាតុគីមីបារត និងសារធាតុគីមីអាស៊ីតសាលីស៊ីលិច (Salicylic Acid) លើសកម្រិតបទដ្ឋានស្តង់ដារ។ ផលិតផលទាំង ៥មុខនោះ រួមមាន៖N-QUEEN Glow White Lotion, OG Cosmetics Anti Acne & Whitening Night Cream, KissMe Vitamin Plus Premium Night Cream, Bliss Night Cream និងNa Sar Clarity Advance Night Cream។
ក្រសួងសុខាភិបាល បានបញ្ជាក់ថា កម្រិតសារធាតុបារតដែលអនុញ្ញាតក្នុងគ្រឿងសម្អាង គឺមិនត្រូវលើស ១.០ ppm ឡើយ។ ទោះជាយ៉ាងណា ផលិតផលខាងលើត្រូវបានរកឃើញ ថា មានបរិមាណសារធាតុបារតលើសពីកម្រិតកំណត់យ៉ាងខ្លាំង។ ជាពិសេស OG Cosmetics Anti Acne & Whitening Night Cream មានសារធាតុបារតរហូតដល់ ៣,១៤៨.៦ ppm និង Bliss Night Cream មាន ២,៣៤៦.០ ppm ខណៈ Na Sar Clarity Advance Night Cream ក៏ត្រូវបានរកឃើញថាមានផ្ទុកសារធាតុអាស៊ីតសាលីស៊ីលិចលើសកម្រិតអនុញ្ញាតផងដែរ។
ក្រសួងបានព្រមានថា ការប្រើប្រាស់ផលិតផលដែលមានសារធាតុបារតលើសស្តង់ដារ អាចបង្កឱ្យខូចតម្រងនោម បង្កើនហានិភ័យកើតជំងឺមហារីកស្បែក និងប៉ះពាល់ដល់ប្រព័ន្ធប្រសាទ។ ចំណែកសារធាតុអាស៊ីតសាលីស៊ីលិចដែលមានលើសកម្រិត អាចបណ្តាលឱ្យខូចរបាំងការពារស្បែក ស្បែកស្ងួតធ្ងន់ធ្ងរ របកស្បែក និងរលាកស្បែក។ ជាមួយគ្នានេះ ក្រសួងសុខាភិបាល បានបញ្ជាក់ថា ផលិតផលគ្រឿងសម្អាងទាំង ៥មុខនេះ ពុំមានលេខប្រវេទន៍ពីក្រសួងសុខាភិបាលនោះទេ។
ក្រសួងសុខាភិបាល អំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ន និងជ្រើសរើសប្រើប្រាស់តែផលិតផលដែលមានប្រភពច្បាស់លាស់ និងមានលេខប្រវេទន៍ពីក្រសួងសុខាភិបាល ដើម្បីធានាសុវត្ថិភាព និងការពារសុខភាពរបស់ខ្លួន។
សូមបញ្ជាក់ផងដែរថា អគ្គនាយិកាក្រុមហ៊ុន NaSa Cosmetic លោកស្រី លី វីសា បានបើកសម្ពោធជាផ្លូវការ របស់ក្រុមហ៊ុន NaSa Cosmetic Co,. Ltd កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ នៅក្នុងសណ្ឋាគារ ណាហ្គាវើល នាពេលកន្លងទៅ៕





.jpg)

.jpg)


