លោក យ៉េង ជាមេខ្លោងកាប់ឈើយ៉ាងសកម្មប្រចាំខេត្តព្រះវិហារនៅតែគន្លើនមិនខ្លាចច្បាប់ ខណៈមន្ត្រីអាជ្ញាធរកំពុងស្រាវជ្រាវរកបុគ្គលរូបនេះ

សារព័ត៌មាន ណាញធីវី

ព្រះវិហា៖ ឈ្មួញកាប់ឈើ ដែលគេស្គាល់ថាជា លោក យ៉េង និងជាមេខ្លោងកាប់ឈើយ៉ាងសកម្មប្រចាំខេត្តព្រះវិហារខណៈលោកចូលកាប់ឈើនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ស្ថិតក្នុងភូមិសាស្ត្រស្ថិតក្នុងភូមិស្រែក្រោម ឃុំធ្មារ ស្រុកជ័យសែន ខេត្តព្រះវិហារ។នេះបើយោងតាមប្រភពព័ត៌មានដែលអង្គភាពសារព័ត៌មាន ណាញធីវី ទទួលបាននាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦នេះ។ 


ប្រភពបានឲ្យដឹងថា ឈ្មួញដែលសកម្មនិងថ្លើមធំពាសមេឃគឺលោក យ៉េង នេះហើយ ដែលជាមេខ្លោងកាប់ឈើក្នុងដែនជម្រកសត្វព្រៃព្រៃឡង់នៅស្រែវាល ពោលគឺជាមេខ្លោងមានម៉ាស៊ីនកាត់ឈើ៨គ្រឿង ដែលធ្វើសកម្មភាពកាប់ឈើ កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ ២០២៦កន្លងទៅ។


ពាក់ព័ន្ធករណីខាងលើនេះ មន្រ្តីអាជ្ញាធរមានសមត្ថកិច្ចកំពុងតែចុះធ្វើការស្រាវជ្រាវទៅតាមសំណើរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម អ៊ាង សុផល្លែត ពីករណីមេក្លោងកាប់ឈើខុសច្បាប់ម្នាក់ ឈ្មោះ យ៉េង រស់នៅភូមិស្រែវាល ឃុំធ្មារ ស្រុកជ័យសែន ខេត្តព្រះវិហារ។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា នាថ្ងៃពុធ ទី១០ ខែមិថុនានេះ។


លោកបានបញ្ជាក់ថា៖«យើងទទួលបានសេចក្តីរាយការណ៍ និងស្នើសុំសមត្ថកិច្ចចាត់វិធានការណ៍។ ចំពោះករណីរាយការណ៍ខាងលើ សមត្ថកិច្ចកំពុងចុះពិនិត្យ ស្រាវជ្រាវ។ វាស្ថិតក្នុងនីតិវិធីនៃការចុះអនុវត្តវិធានការច្បាប់»។


កាលពីថ្ងៃអង្គារ ទី៩ ខែមិថុនា ឯកឧត្តមរដ្ឋមន្រ្តី សុផល្លែត បានស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានចុះធ្វើការពិនិត្យ ស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យឈ្មោះ យ៉េង ដែលត្រូវបានចោទប្រកាន់ថា ជាមេខ្លោងនៃករណីមានការកាប់ឈើនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ។ ការស្នើនេះធ្វើឡើងបន្ទាប់ពីក្រសួងបរិស្ថានបានទទួលសេចក្តីរាយការណ៍ពីក្រុមការងារនៃអង្គការសង្គមស៊ីវិលថា មានករណីកាប់ឈើនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ស្ថិតក្នុងភូមិសាស្ត្រភូមិស្រែក្រោម ឃុំធ្មារ ស្រុកជ័យសែន ខេត្តព្រះវិហារកាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦។


ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អាជ្ញាធរពាក់ព័ន្ធ អ្នកសារព័ត៌មាន ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល ដែលកំពុងតែចូលរួមសហការ និងរាយការណ៍ពីបទល្មើសធនធានធម្មជាតិ ដែលជាកត្តាសំខាន់មួយក្នុងការជួយឱ្យសមត្ថកិច្ចអនុវត្តច្បាប់ ឈានទៅបង្ក្រាបនិងចាប់ខ្លួនមេក្លោងកាប់ឈើខុសច្បាប់នៅតាមតំបន់ការពារធម្មជាតិនានា ដើម្បីយកទៅផ្តន្ទាទោសទៅតាមវិធានការច្បាប់ជាធរមាន។


លោកបានលើកឡើងថា ការចូលរួមសហការពីអ្នកពាក់ព័ន្ធ ជាមួយក្រសួងបរិស្ថាន ពិតជាចំណែកយ៉ាងសំខាន់ ចំពោះការអនុវត្ត យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ជាពិសេស វិធានការពង្រឹងការអនុវត្តច្បាប់នៅតាមតំបន់ការពារធម្មជាតិ និងធានាការគ្រប់គ្រងនិងអភិរក្សបរិស្ថាន ឱ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ ដើម្បីបង្កើនគម្របបៃតងសម្រាប់កូនចៅតជំនាន់។


ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានលើកទឹកចិត្ត និងអំពាវនាវដល់ប្រជាពលរដ្ឋ សហគមន៍មូលដ្ឋាន អ្នកសារព័ត៌មាន អង្គការដៃគូ សមាគមអង្គការសង្គមស៊ីវិល និងសាធារណជន ឱ្យបន្តចូលរួមសហការចែករំលែក និងរាយការណ៍ព័ត៌មាន ពីបទល្មើសធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ ដែលជាកាតាលីករដ៏សំខាន់ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិនិងបរិស្ថាន និងជួយឱ្យមន្ត្រីជំនាញនិងសមត្ថកិច្ចអ្នកអនុវត្តច្បាប់ ធ្វើការចុះបង្ក្រាបបានទាន់ពេលវេលា៕

#9tvnews 














#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top