(ភ្នំពេញ)៖ មហាជនពិសេសក្រុមអ្នកសារព័ត៌មានបាននាំគ្នាបញ្ចេញមតិថា រហូតមកដល់ពេលនេះរំលងទៅច្រើនថ្ងៃហើយ គេមិនទាន់ឃើញក្រសួងមហាផ្ទៃបង្ហាញចំណាត់ការណាមួយលើមន្ត្រីនគរបាលដែលជក់បារីអេឡិចត្រូនិកសម្ញែងមុខកាមេរារបស់អ្នកសារព័ត៌មាននៅឡើយនោះទេ។ តើក្រសួងបំភ្លេចនូវបទបញ្ជារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាហើយមែនទេ?
កាលពីយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចររថយន្ត បើកបុករថយន្តចតនៅលើផ្លូវសាធារណៈ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ជិតភោជនីយដ្ឋាន «ឫស្សីស្រស់» ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ខៀវ សុងច័ន្ទសុធា មានតួនាទីជាអនុប្រធាននាយកដ្ឋានមួយ ចំណុះគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គជបជ) នៃក្រសួងមហាផ្ទៃ បានបង្កឱ្យមានការរិះគន់យ៉ាងខ្លាំងលើឥរិយាបថរបស់លោក។
ការចាប់អារម្មណ៍នោះរួមមានសម្តីសំឡុតគំរាមវាយខ្នោះដាក់គុកម្ចាស់រថយន្តភាគីម្ខាងទៀត និងការបង្ហុយផ្សែងបារីអេឡិចត្រូនិច។ រឿងចរាចរណ៍ត្រូវបានបញ្ចប់គ្នាហើយ ក្រោយពីមានការសម្របសម្រួលដោយនគរបាលរាជធានីភ្នំពេញ។
ជម្លោះសម្តីរឿងចរាចរណ៍បានបញ្ចប់ទៅហើយក៏ពិតមែន តែមហាជនកំពុងតែអន្ទឹងរង់ចាំមើលឡើងផ្សារនេត្រាទៅហើយ ចំពោះចំណាត់ការរបស់ក្រសួងមហាផ្ទៃលើមន្ត្រីនគរបាលរូបនេះ ពាក់ព័ន្ធការជក់បារីអេឡិចត្រូនិក។
កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥កន្លងទៅ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចេញបទបញ្ជាចំនួនពីរទំព័រពាក់ព័ន្ធការនឹងវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្យា។
បទបញ្ជាដែលមានចំនួន៩ចំណុចនោះ ស្ថិតក្នុងចំណុចទី៩ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាថា គ្រប់ក្រសួង ស្ថាប័ន និងថ្នាក់ក្រោមជាតិ ត្រូវចាត់វិធានការដាក់ទណ្ឌកម្មរដ្ឋបាលចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យា ដែលជក់ ឬពាក់ព័ន្ធនឹងបារីអេឡិចត្រូនិក ឬស៊ីស្សា។
សម្តេចប្រមុខរាជរដ្ឋាភិបាល បានសង្កត់ធ្ងន់ទៀតថា គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ឬអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវអនុវត្តបទបញ្ជានេះ ឱ្យបានម៉ឺងម៉ាត់បំផុត និងមានប្រសិទ្ធភាពខ្ពស់។
សម្រាប់ករណីលោកវរសេនីយ៍ឯក ខៀវ សុងច័ន្ទសុធា កើតឡើងជិតមួយសប្តាហ៍ហើយ តែគេមិនទាន់ឃើញក្រសួងមហាផ្ទៃបង្ហាញចំណាត់ការបែបណាលើមន្ត្រីនគរបាលដែលល្បីខាងចរិតច្រឡោមខាមនេះនៅឡើយនោះទេ។ មហាជនសង្ឃឹមថា ក្រសួងមហាផ្ទៃ នឹងមិនបណ្តោយឱ្យទង្វើរបស់មន្ត្រីនគរបាលរូបនេះ បំផ្លាញដល់តម្លៃនៃបទបញ្ជារបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីកម្ពុជានោះឡើយ៕









