មាន់ជល់តាមអនឡាញST88 កំពុងបើកដំណើរការយ៉ាងរលូននៅទឹកដីស្រុកស្អាង ខណៈគ្មានការរំខានពីលោក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង សោះឡើយ

សារព័ត៌មាន ណាញធីវី

កណ្តាល៖ លោក រស់ ចន្ថា អធិការនគរបាល ស្រុកស្អាង ខេត្តកណ្ដាល កំពុងបណ្ដែតបណ្ដោយអោយក្រុមហ៊ុនមាន់ជល់តាមអនឡាញ ST88 ដោយគ្មានច្បាប់អនុញ្ញាត ខណៈល្បែងមួយនេះកំពុងដំណើរការយ៉ាងរលូនគ្មានការរំខានពីសមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋាន របស់លោករស់ ចន្ថា អធិការនគរបាលស្រុកស្អាង សោះឡើយ។ នេះបើយោងតាមប្រភពព័ត៌មានដែលអង្គភាពសារព័ត៌មាន ណាញធីវី​ ទទួលបាន នារសៀលថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២៦។


តាមសេចក្តីរាយការណ៍ពីពលរដ្ឋបានឲ្យដឹងថា ល្បែងភ្នាល់មាន់អនឡាញនេះលួចបើកលេងយូរណាស់មកហើយ គ្មានកម្លាំងសមត្ថកិច្ចក្នុងមូលដ្ឋានណាអន្តរាគមន៍នោះឡើយ ។ ពួកគាត់លើកឡើងថា បើមូលដ្ឋានមានល្បែងស៉ីសងបែបនេះ ពលរដ្ឋរស់ក្នុងអារម្មណ៍ភ័យខ្លាច ហើយពួកគាត់សំណូមពរដល់សមត្ថកិច្ចគួរមានវិធានការលើក្រុមបើកល្បែងស៊ីសងខុសច្បាប់ទាំងនោះ។


សូមបញ្ជាក់ផងដែរថា កន្លងទៅកាលពីរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ នៅសាលាខេត្តកណ្ដាល ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានធ្វើការណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាល ក្រុង-ស្រុក ត្រូវស្រង់ទិន្នន័យល្បែងស៊ីសងនៅក្នុងមូលដ្ឋានរបស់ខ្លួន ប្រកបដោយការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់។


ឯកឧត្តមអភិបាលខេត្ត បន្តថា៖ ដើម្បីអនុវត្តគោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាពឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ គណៈបញ្ជាការឯកភាពរដ្ឋបាល ក្រុង-ស្រុក ត្រូវសហការជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការបង្ក្រាបឱ្យអស់នូវល្បែងស៊ីសងក្នុងមូលដ្ឋានរបស់ខ្លួន ពិសេសល្បែង Online ខុសច្បាប់។


សូមឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាលចាត់មន្ត្រីជំនាញបើកការស៊ើបអង្កេត លើមាន់ជល់តាមអនឡាញ ST88 ដែលកំពុងបើកដំណើរការដោយគ្មានច្បាប់អនុញ្ញាតខាងលើនេះផង ។ 


ពាក់ព័ន្ធករណីល្បែងស៊ីសងខុសច្បាប់ខាងលើនេះ អង្គភាពសារព័ត៌មាន ណាញធីវី មិនអាចសុំការបំភ្លឺពីលោក រស់ ចន្ថា អធិការនគរបាល ស្រុកស្អាង ខេត្តកណ្ដាល បាននោះទេ គិតត្រឹមរសៀលថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២៦នេះ​ដោយសារពុំមានលេខទំនាក់ទំនង។ ទោះជាយ៉ាងណាអង្គភាពសារព័ត៌មាន ណាញធីវី នូវតែរង់ចាំការបំភ្លឺគ្រប់ភាគីពាក់ព័ន្ធទាំងអស់រៀងរាល់ម៉ោងធ្វើការ ឬទំនាក់ទំនងតាមលេខ ០១២ ៧៩ ៩៥ ៧២។ ណាញធីវី នឹងចាំមើលថា តើឯកឧត្តមអភិបាលខេត្តកណ្តាល នឹងមានវិធានការណ៍បែបណា ជាមួយលោក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង ខណៈបណ្តែតបណ្តោយឲ្យមានល្បែងស៊ីសង អនឡាញ (មាន់ជល់)មួួយនេះក្នុងមូលដ្ឋាន ណាញធីវី នឹងធ្វើបច្ចុប្បន្នភាពរឿងនេះបន្តទៅទៀតនៅវគ្គក្រោយ៕ 









#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top