ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នាព្រឹកថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងសន្និសីទវេជ្ជសាស្ត្រអន្តរជាតិលើកទី១១ និងសន្និសីទវេជ្ជសាស្ត្រអន្តរជាតិកម្ពុជា-ចិន លើកទី៦ ក្រោមប្រធានបទ «បរិវត្តកម្មឌីជីថល និងបញ្ញាសិប្បនិម្មិតក្នុងការវះកាត់បែបទំនើប» នៅសាកលវិទ្យាល័យប៊ែលធី សាខាចោមចៅ។ អញ្ជើញមានវត្តមាននាឱកាសនោះរួមមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរពេទ្យ សាកលវិទ្យាធិការ សាកលវិទ្យាធិការរងនៃ បណ្តាសាកលវិទ្យាល័យសុខាភិបាល សាស្ត្រាចារ្យ វេជ្ជបណ្ឌិតឯកទេស វេជ្ជបណ្ឌិត ទន្តបណ្ឌិត ឱសថការី ឆ្មប គិលានុបដ្ឋាក សមាជិក សមាជិកា ស.ស.យ.ក. និងនិស្សិតសរុបប្រមាណជិត ២០០០នាក់ ។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ហេង សុខគង់ សមាជិកគណៈអចិន្ត្រៃយ៍ ស.ស.យ.ក. និងជាប្រធានសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក.បានធ្វើការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវត្តមានអញ្ជើញចូលរួមរបស់ ឯកឧត្តម ហ៊ុន ម៉ានី ព្រមទាំងរាយការណ៍សង្ខេបអំពីសកម្មភាព និងបង្ហាញពីសមិទ្ធផលការងារជាច្រើនដែលបានលេចចេញជារូបរាងឡើងទាំងឆាកជាតិនិងអន្តរជាតិរបស់សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជាក្នុងរយៈពេល១២ឆ្នាំ។ ជាមួយគ្នានោះឯកឧត្តមបន្តថា នៅក្នុងដំណាក់កាលដែលប្រទេសជាតិទទួលរងនូវការឈ្លានពានពីសំណាក់ប្រទេសជាតិខាង សម្ព័ន្ធគ្រូពេទ្យស.ស.យ.ក. ក៏បានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលផងដែរ។
បន្ទាប់ពីបានស្ដាប់នូវរបាយការណ៍របស់ឯកឧត្តម ហេង សុខគង់រួចមក ឯកឧត្តម ហ៊ុន ម៉ានី បបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកាសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក. ដែលបានខិតខំប្រឹងប្រែងកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងធនធានផ្ទាល់ខ្លួន ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជានៅគ្រប់ដំណាក់កាលទាំងអស់។ ទន្ទឹមនឹងនេះ ឯកឧត្តមបានបន្តថា ការរៀបចំវេទិកាវេជ្ជសាស្រ្តអន្តរជាតិកម្ពុជា-ចិន លើកទី៦នេះ ពិតជាមានសារៈសំខាន់ និងឆ្លើយតបនឹងសភាពការណ៍ពិត និងតម្រូវការជាក់ស្តែងក្នុងសង្គមកម្ពុជាយើង ក៏ដូចជាពិភពលោកទាំងមូល ដែលកំពុងស្ថិតនៅក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) និងកំពុងវិវត្តយ៉ាងឆាប់រហ័សគ្រប់វិស័យ រួមទាំងវិស័យសុខាភិបាល និងក៏ជាការចូលរួមចំណែកក្នុងការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងមិត្តចិន កាន់តែស្អិតរមួត។
ជាចុងបញ្ចប់ ឯកឧត្តមបានលើកទឹកចិត្តដល់សមាជិកសមាជិកា ក្រុមគ្រូពេទ្យនៃសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក. បន្តខិតខំប្រឹងប្រែងអភិវឌ្ឍចំណេះ ជំនាញ និងបន្តការងារស្រាវជ្រាវ នវានុវត្តន៍ ទាក់ទងនឹងប្រព័ន្ធសុខាភិបាលឌីជីថលបន្ថែមទៀត ដើម្បីចូលរួមចំណែកពង្រឹងភាពធន់ និងការអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា៕



.jpg)



.jpg)