ឯកឧត្តម ឱម យ៉ិនទៀង៖ ប្រព័ន្ធគាំពារសង្គម គឺជាគោលនយោបាយជាតិដ៏សំខាន់ ដែលត្រូវបានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ដោយរាជរដ្ឋាភិបាលនីតិកាលទី៧

សារព័ត៌មាន ណាញធីវី

ភ្នំពេញ៖ ឯកឧត្តម ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានថ្លែងថា ប្រព័ន្ធគាំពារសង្គម គឺជាគោលនយោបាយជាតិដ៏សំខាន់ ដើម្បីធានាថា ពលរដ្ឋគ្រប់រូបដែលប្រឈមនឹងអសន្តិសុខប្រាក់ចំណូល ឬហានិភ័យនានា ដូចជាមាតុភាព និងហានិភ័យកុមារភាព ហានិភ័យការងារ ពិការភាព និកម្មភាព ភាពគ្មានជម្រក ជរាភាព និងឧត្តរជីវិត ត្រូវបានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ដោយរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាក្រោមការដឹកនាំប្រកបដោយថាមពល និងក្លៀវក្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈយុទ្ធសាស្ត្រដំណាក់កាលទី១ ឆ្នាំ២០២៣-២០២៨។ 


ការថ្លែងបែបនេះរបស់កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង បានធ្វើឡើងក្នុងអញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពី «គណនេយ្យភាព និងតម្លាភាព នៃប្រព័ន្ធគាំពារសង្គមកម្ពុជា» ជូនរដ្ឋបាលថ្នាក់ ក្រោមជាតិប្រមាណ ១៩០០រូប ដើម្បីលើកកម្ពស់គណនេយ្យភាព និងតម្លាភាពនៃប្រព័ន្ធគាំពារសង្គម និងបញ្ជ្រាបការយល់ដឹងអំពីច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ជូនដល់មន្រ្តីអនុវត្តកម្មវិធីឃុំ សង្កាត់ទូទាំងប្រទេស ក្រោមកិច្ចសហការរវាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.)។


ឯកឧត្តមបន្ថែមថា កាលណាមានភាពមិនប្រក្រតីណាមួយ ឬអំពើពុករលួយកើតមានឡើង វានឹងអាចបំផ្លាញ និងជះឥទ្ធិពលអវិជ្ជមានដល់ទំនុកចិត្តរបស់សាធារណៈ និងធ្វើឲ្យអ្នកដែលត្រូវការជំនួយពិតប្រាកដមិនទទួលបានអត្ថប្រយោជន៍ត្រឹមត្រូវ។ គណនេយ្យភាព និងតម្លាំភាព គឺជាកាតព្វកិច្ចរបស់ស្ថាប័នសាធារណៈ ក្នុងការទទួលខុសត្រូវចំពោះការប្រើប្រាស់ធនធាន និលទ្ធផលនៃការអនុវត្តការងារ ក្នុងប្រព័ន្ធគាំពារសង្គម វាមានន័យថាថវិកា និងអត្ថប្រយោជន៍ត្រូវទៅដល់ប្រជាពលរដ្ឋដែលត្រូវការពិតប្រាកដ ដោយគ្មានការលេចធ្លាយនៃអំពើទុច្ចរិត។


ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង បញ្ជាក់ទៀតថា «ការភ្ជាប់ការគាំពារសង្គមជាមួយការប្រឆាំងអំពើពុករលួយ មិនមែនជាជម្រើសទេ ប៉ុន្តែនោះគឺជាកាតព្វកិច្ច»។ដូច្នេះ ដើម្បីចូលរួមធានាបន្តការអភិវឌ្ឍនៅរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលជាទិសដៅជោគជ័យនៅទូទាំងប្រទេសកម្ពុជា ក្រសួងស្ថាប័ន រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដែលត្រូវលើកកម្ពស់គណនេយ្យភាព តម្លាភាព ចំពោះប្រព័ន្ធគាំពារសង្គមតាមស្មារតី «យើងទាំងអស់គ្នាប្តេជ្ញាចិត្តសហការគ្នា ដើម្បីកសាងប្រព័ន្ធដែលបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ និងប្រសិទ្ធភាព»។


ជាមួយគ្នានេះ ឯកឧត្តម ចន ណារិទ្ធ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម  បានមានប្រសាសន៍ថា តាមរយៈការអនុវត្ត “នយោបាយ ឈ្នះ-ឈ្នះ” ក្រោមការដឹកនាំ អភិវឌ្ឍប្រទេសប្រកបដោយភាពគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ព្រមទាំងការវិវឌ្ឍនៃស្ថានភាពប្រជាសាស្ត្រ, “ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ត្រូវបានរៀបចំឡើង ដោយប្រមូលផ្តុំនូវកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម ដែលមានលក្ខណៈបំពេញគ្នា ដោយបង្កើននូវប្រសិទ្ធភាព តម្លាភាព និងសង្គតិភាព។ 


ឯកឧត្តម អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បន្ថែមទៀតថា «ក្រោមការដឹកនាំសម្របសម្រួលរបស់ក្រុមប្រឹក្សាជាតិគាំពារសង្គម និងកិច្ចសហការយ៉ាងល្អរបស់គ្រប់ក្រសួង ស្ថាប័ន, ដៃគូអភិវឌ្ឍន៍, និងភាគីពាក់ព័ន្ធ, ប្រព័ន្ធគាំពារសង្គមកម្ពុជា បានក្លាយជាប្រព័ន្ធមួយមានភាពរឹងមាំ និងអាចបត់បែន ឆ្លើយតបបានទៅនឹងបរិបទ និងគ្រោះអាសន្ននានា»។ ទាំងនេះ ជាសមិទ្ធផលនៃការវិនិយោគរបស់រាជរដ្ឋាភិបាល លើការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំ ដែលធានាបាននូវប្រសិទ្ធភាព, ស័ក្តិសិទ្ធិភាព, និងចីរភាព៕

















#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top