ឃាត់ខ្លួនបានហើយ ជនសង្ស័យជនជាតិចិនដែលដក​កាំភ្លេីង​បាញ់​មួ​យគ្រាប់​ បណ្ដាល​ឲ្យ​ត្រូវ​នារី​ស្រស់​ស្អាត​ម្នាក់ ​រងរបួស​ធ្ងន់​នៅមុខ​អគារ​ The Peak សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​

សារព័ត៌មាន ណាញធីវី

(ភ្នំពេញ)៖  តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមបទបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ រាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ ខេត្តព្រះសីហនុ បានតាមស្រាវជ្រាវភ្លាមៗ និងឈានដល់ការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យជនជាតិចិន០១នាក់ ដែលបានគេចខ្លួនទៅដល់ខេត្តព្រះសីហនុ ក្រោយផ្ទុះ អាវុធបណ្តាលឲ្យស្រ្តី០១នាក់ រងរបួសធ្ងន់ នៅខណ្ឌចំការមន!។ នេះបើយោងតាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលអង្គភាពសារព័ត៌មាន ណាញធីវី ទទួលបានៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។

ករណីបាញ់ប្រហានេះកើតឡើង នាថ្ងៃទី១០ ខែកុម្ភៈឆ្នាំ២០២៦ វេលាម៉ោង១៩ និង៤៨នាទីមានករណីផ្ទុះអាវុធបណ្ដាល ឲ្យរងរបួសស្រ្តី០១នាក់ នៅចំណុចមុខអគារដឺភីក នៅក្នុងរថយន្ដព្រុស ផ្លូវក្រសួងការបរទេស ក្រុម78 ភូមិ14 សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្រោយកើតហេតុ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការ ជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ គឺនៅយប់ថ្ងៃដដែលឃាត់ខ្លួនបានជនសង្ស័យបង្កចំនួន ០១នាក់ នៅចំណុចសណ្ឋាគារ DV ផ្លូវ2ធ្នូ ភូមិ4 សង្កាត់លេខ3 ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមបញ្ជាក់ថា ជនសង្ស័យឈ្មោះ ZHOU HAO RAN ភេទប្រុស អាយុ25ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ  និង គ្មានលិខិតឆ្លងដែនហើយធ្វើតេស្ត មានសារធាតុញៀន។ វត្ថុតាងចាប់យក អាវុធខ្លី ម៉ាកK59 ចំនួន០១ដើម ហើយចំពោះអាវុធខ្លីម៉ាកK59 ជនសង្ស័យបានយកទៅភ្លុងចោលនៅក្នុងកន្ត្រកដាក់សំរាម នៅក្នុងហាងបាយចិនមួយកន្លែងក្បែរកន្លែងកើតហេតុ។ បន្ទាប់មក សមត្ថកិច្ចបានទៅរកឃើញ និងបានធ្វើកំណត់ហេតុចាប់យក ដើម្បីចាត់ការតាមនីតិវិធី។

-ទូរស័ព្ទម៉ាក់ IPHONE ចំនួន03 គ្រឿង និងកាតបន្ទប់ស្នាក់នៅចំនួន 01សន្លឹក។ ចំណែកជនរងគ្រោះពុំទាន់ស្គាល់អត្តសញ្ញាណ និងកំពុងសង្គ្រោះបន្ទាន់ នៅមន្ទីពេទ្យកាល់ម៉ែត ពុំអាចសួរនាំបាន។ បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាងបញ្ជូនមកការិយាល័យជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕










#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top