ទិញដីមិនទាន់ទាំងឲ្យលុយគ្រប់ចំនួនទៅម្ចាស់ដីផង បែរជាក្រុមឈ្មួញចង់ច្បាមយកដីពលរដ្ឋដោយមិនចំណាយលុយទៅវិញ

សារព័ត៌មាន ណាញធីវី

 ខេត្តកំពត៖ ក្រោយមានរឿងអាស្រូវជាបន្តបន្ទាប់ករណីឧកញ៉ាជាច្រើនទិញដី លក់ដី អោយពលរដ្ឋនៅក្នុងទឹកដីខេត្តកំពត ដោះស្រាយមិនទាន់ចេញផង។ ស្រាបតែធ្លាយរឿងថ្មីមួយករណីទៀតហើយ គឺរឿងទិញដីអោយលុយមិនគ្រប់ ក្រុមឈ្មួញចង់ច្បាមយកដីពលរដ្ឋទទេៗស្ថិតនៅក្នុងភូមិព្រៃខ្ចាយ ឃុំកញ្ឆិត ស្រុកជុំគីរី។ នេះបើយោងតាមប្រភពព័ត៌មាន ដែលអង្គភាពសារព័ត៌មាន ណាញធីវី ទទួលបាននៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។

ប្រភពពីពលរដ្ឋជាង៣០គ្រួសារ ស្ថិតនៅភូមិឃុំខាងលើបានអោយដឹងថា មានក្រុមអ្នកចុះមកទិញដីរបស់ពួកគាត់សរុបជាង៤០ហិចតា ដោយប្រាប់ថាទិញអោយទៅក្រុមហ៊ុន តែគេមិនប្រាប់ឈ្មោះក្រុមហ៊ុននោះឈ្មោះអ្វីទេ គឺគេទិញដើម្បីធ្វើការអភិវឌ្ឃន៏ដោយក្នុង១ម៉ែត្រការេតំលៃ៤ដុល្លារ បើពលរដ្ឋណាចង់លក់ត្រូវទទួលលុយកក់៣០ភាគរយមុន ដោយមិនចាំបាច់ប្រគល់ប្លង់ទេ តែបើពលរដ្ឋណាព្រមប្រគល់ប្លង់ដីអោយក្រុមអ្នកទិញ គឺទទួលបានលុយ៧០ភាគរយមុន។

ក្រុមប្រជាពលរដ្ឋបានបន្តអោយដឹងទៀតថា ពួកគាត់ខ្លះយល់ព្រមលក់ ដោយខ្លះទទួលយក៣០ភាគរយមុន តែបើក្រុមអ្នកទិញចង់បានប្លង់ដីរបស់ពួកគាត់ ត្រូវតែប្រគល់លុយគ្រប់ចំនួន ចំពោះពលរដ្ឋខ្លះទៀតយល់ព្រមទទួលលុយ៧០ភាគរយ និងព្រមប្រគល់ប្លង់អោយទៅក្រុមអ្នកទិញយកទៅរក្សាទុក។

ពលរដ្ឋបានបញ្ជាក់ទៀតថា ក្រុមអ្នកដើរប្រមូលទិញដីរបស់ពួកគាត់ គឺចាប់តាំងពីពាក់កណ្ដាលឆ្នាំ២០២៥មកម្លេះ រហូតមកដល់ពេលនេះលុយកក់ពលរដ្ឋ៣០ភាគរយក៏មិនបានឃើញ រីឯលុយពលរដ្ឋទទួលបាន៧០ភាគរយដោយនៅខ្វះ៣០ភាគរយទៀតក៏មិនបាន ប្លង់ដីក៏ទៅនៅលើដៃក្រុមអ្នកទិញបាត់អស់ហើយ ដីរបស់ពួកគាត់ក៏គេចាក់ដីថែមទៀត ដល់ពេលពួកគាត់តវ៉ា ក៏លេចមុខក្រុមអ្នកទិញបានមកធ្វើកិច្ចសន្យាខ្យល់ នៅសាលាឃុំកញ្ឆិតដោយមានលោកគយ រុន ជាមេឃុំ ជាសាក្សី តែកិច្ចសន្យាហួសរាប់ខែទៅហើយ ក៏មិនឃើញមានដំណោះស្រាយអ្វីទាំងអស់។

ពាក់ពន្ធ័ករណីខាងលើលោកគយ រុន មេឃុំកញ្ឆិតបានអោយដឹងថា ពលរដ្ឋរស់នៅភូមិពញរៃខ្ចាយគឺពិតជាបានលក់ដីអោយទៅក្រុមហ៊ុនមែន តែលោកក៏មិនស្គាល់ក្រុមហ៊ុននោះឈ្មោះអីដែរនឹង។ គឺរាល់ការលក់ទិញមានកិច្ចសន្យាលិខិតស្នាមចូលរួមតែពលរដ្ឋ លោកជាមេឃុំ និងក្រុមអ្នកដើរទិញ តែមិនមានឈ្មោះក្រុមហ៊ុនទេ ហើយអ្នកដើរប្រមូលទិញ(ហៅថាក្រុមគគ់ជេ)គេគ្រាន់តែនិយាយថាទិញអោយក្រុមហ៊ុនរបស់អ្នកធំ។

នៅពេលដែលអ្នកកាសែតសួរទៅលោកមេឃុំខាងលើថាចុះប្រសិនជាអ្នកដើរទិញបោកប្រាស់ពលរដ្ឋវិញតើលោកមេឃុំគិតយ៉ាងមេច? លោកឆ្លើយថាលោកនិងនាំពលរដ្ឋដាក់ពាក្យបណ្ដឹង! តែនៅពេលអ្នកកាសែតសួរប្ដឹងយ៉ាងម៉េច បើលោកមេឃុំមិនស្គាល់ឈ្មោះក្រុមហ៊ុនផង?លោកមេឃុំប្រាប់ថា លោកនិងនាំពលរដ្ឋប្ដឹងអ្នកដែលដើរប្រមូលទិញ! អ្នកកាសែតក៏សួរទៀតថា ចុះបើអ្នកដើរប្រមូលទិញរត់បាត់? លោកមេឃុំយកដៃអេះក្បាលហើយក៏ស្ងៀមបាត់មាត់ទៅ។

ជុំវិញរឿងខាងលើ បើតាមការឲ្យដឹងពីលោកស្រីគឹម សុធារី ចៅហ្វាយស្រុកជុំគីរីក្រោយពេលដឹងថាអ្នកកសែតសួរតាមទូរសព្ទ័ លោកស្រីបែរជានិយាយថ្នមៗថាលោកស្រីជាប់ប្រជុំ។

ទោះជាយ៉ាងណា អង្គភាពសារព័ត៌មាន ណាញធីវី នូវតែរង់ចាំការបំភ្លឺគ្រប់ភាគីពាក់ព័ន្ធទាំងអស់រៀងរាល់ម៉ោងធ្វើការ ឬក៏ទំនាក់ទំនងតាមលេខទូរទស័ព្ទ 012 79 95 72 ណាញធីវី នឹងធ្វើពីបច្ចុប្បន្នភាពរឿងនេះបន្តទៅទៀតនៅវគ្គក្រោយ៕ 













#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top