រាជរដ្ឋាភិបាលនឹងផ្តល់ថវិកាសរុបប្រមាណ១,៨លានរៀលជូនគ្រួសារក្រីក្រគោលដៅនីមួយៗ នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំ និងស្រុករវៀង ខេត្តព្រះវិហារ

សារព័ត៌មាន ណាញធីវី

ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គមមានប្រសាសន៍កាលពីពេលថ្មីនេះកន្លងទៅនេះថា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការនូវកម្មវិធីជាតិគាំពារសង្គម ដើម្បីជំរុញការចាកចេញពីភាពក្រីក្រ កាលពីដើមខែធ្នូ ឆ្នាំ២០២៥កន្លងទៅថ្មីៗដោយ ចាប់ផ្តើមអនុវត្តមុនគេ ក្នុងស្រុកទឹកផុស នៃខេត្តកំពង់ឆ្នាំង និង ស្រុករវៀង នៃខេត្តព្រះវិហារលើគ្រួសារគោលដៅចំនួន ៥ ០០០ គ្រួសារដែលជាគ្រួសារក្រីក្រមានបណ្ណសមធម៌។


ការដាក់ចេញនូវកម្មវិធីនេះជាការបោះជំហានថ្មីមួយបន្ថែមទៀត ក្នុងដំណើរនៃការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមកម្ពុជា ដោយឈរលើអភិក្រម ៖ «ពង្រឹងប្រព័ន្ធ ដើម្បីពង្រីកការគ្របដណ្តប់», និង ឈរលើស្មារតី «មិនបោះបង់ពលរដ្ឋណាម្នាក់», សំដៅបន្តអភិវឌ្ឍមូលធនមនុស្ស, លើកកម្ពស់កម្រិតជីវភាពពលរដ្ឋ, និង កាត់បន្ថយភាពក្រីក្រ ព្រមទាំង កសាងភាពធន់របស់ពលរដ្ឋ ទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាស្របតាម ចក្ខុវិស័យដ៏ពិសិដ្ឋ របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី, នោះគឺ៖ «ការបង្រៀនពលរដ្ឋ ស្ទូចត្រី, បន្ថែមលើការផ្តល់ត្រី ដល់ពួកគាត់» ។


ឯកឧត្តមបណ្ឌិតបន្ថែមថា  កម្មវិធីជាតិគាំពារសង្គម ដើម្បីជំរុញការចាកចេញពីភាពក្រីក្រ នេះផ្តល់ជូនគ្រួសារគោលដៅ នូវថវិកាសរុបប្រមាណជិត១,៨ លានរៀលបន្ថែមលើប្រាក់ឧបត្ថម្ភប្រចាំខែរបស់រាជរដ្ឋាភិបាលផ្តល់ជូនពួកគាត់តាមរយៈកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ។ 


សូមបញ្ជាក់ជូនថាតាមរយៈកម្មវិធីនេះ, គ្រួសារនីមួយៗនឹងទទួលបានកញ្ចប់អត្ថប្រយោជន៍ដែលមានភាពប្រទាក់ក្រឡា និងបំពេញឱ្យគ្នា ចំនួន ៤ សំខាន់ៗ សម្រាប់រយៈពេល ២៤ ខែ រួមមាន៖ ១). ការបណ្តុះបណ្តាល និងបង្វឹកអំពីការបង្កើតមុខរបរ និងបំណិនជីវិត, ២). ការឧបត្ថម្ភសាច់ប្រាក់សម្រាប់ចូលរួមវគ្គបណ្តុះបណ្តាល និងបង្វឹក, ៣). ការផ្តល់ប្រាក់ដើមទុនសម្រាប់ទិញទ្រព្យសកម្ម, និង ៤). ការចុះសួរសុខទុក្ខ និងបង្វឹកតាមខ្នងផ្ទះ (Home visit and coaching)។ កម្មវិធីនេះនឹងបន្តពង្រីកវិសាលភាពជាជំហានៗ ដោយមានគោលដៅ ជំរុញគ្រួសារគោលដៅសរុបប្រមាណ ២០ម៉ឺន គ្រួសារឱ្យស្ថិតលើគន្លងនៃការចាកចេញពីភាពក្រីក្រ សម្រាប់រយៈពេល ១០ ឆ្នាំ, ពោលគឺចាប់ពីឆ្នាំ ២០២៦ ដល់ឆ្នាំ ២០៣៦។





#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top