(ខេត្តត្បូងឃ្មុំ)៖ ការអនុញ្ញាតឲ្យនាំបង្កកចូលកម្ពុជាតាមច្រកព្រំដែនដូនរដ្ឋ ក្នុងខេត្តត្បូងឃ្មុំ មិនមែនជាលើកទី១នោះទេ ដែលគ្មានការត្រួតពិនិត្យត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសទាល់តែសោះ ហើយទំនិញទាំងនោះភាគច្រើននាំមកដល់មានការខូចគុណភាពជាច្រើនផងដែរ ហើយសាច់បង្កកទាំងនោះអាចចូលបានដោយរលូនក៏ដោយសារតែមានលោក គង់ សារឿន ជាប្រធានគយប្រចាំតំបន់ច្រកដូនរដ្ឋជាអ្នកអនុញ្ញាតឲ្យចូលទើបអាចចូលបាន នេះបើយោងតាមប្រភពព័ត៌មានអង្គភាពយើងខ្ញុំ ទទួលបាននៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។
យោងតាមប្រភពព័ត៌មាន ដែលអង្គភាពយើងទទួលបាន បញ្ជាក់ថា សកម្មភាពរបស់ឈ្មួញទុច្ចរិតបាននាំសាច់បង្កកពីវៀតណាមតាមច្រកដូនរដ្ឋមកកម្ពុជាជារៀងរាល់ថ្ងៃតែម្ដង ហើយជាក់ស្ដែងប្រសិនបើឈ្មួញទាំងនោះមិនបានបង់ឲ្យគយដូនរដ្ឋគ្រប់គ្រងដោយលោក គង់ សារឿន មេគយនៅតំបន់នោះទេ គឺឲ្យមន្ដ្រីរបស់ខ្លួនប្រដេញតែម្ដង ដូចជាសកម្មភាពរថយន្ដមួយគ្រឿងដែលប្រដេញកាក់រថយន្ដរបស់ប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវនៅស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ នាពេលកន្លងមកយ៉ាងដូច្នេះ។
អាជីវកមួយចំនួនដែលបានបង់ឲ្យលុយឲ្យលោក នូ និច នាយប៉ុស្ដិ៍នគរបាលច្រកដូនរដ្ឋ និងលោក គង់ សារឿន ប្រធានគយច្រកដូនរដ្ឋ បានអះអាង បើចង់នាំទំនិញចូលគឺគ្មានការពិបាកនោះទេ ឲ្យតែបង់ឲ្យនាយប៉ុស្ដិ៍ និងមេគយច្រកដូនរដ្ឋ គឺបានហើយ។ ប៉ុន្ដែការនាំចូលជាក់ស្ដែងកាលពីយប់រំលងអាធ្រាត្រថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ របស់អ្នកសារព័ត៌មានខេត្តត្បូងឃ្មុំ ដែលមានកម្លាំងមន្ដ្រីបសុពេទ្យ និងផលិតកម្មសត្វខេត្តត្បូងឃ្មុំ បានត្រួតពិនិត្យឃើញទំនិញនាំចូលដោយខុសច្បាប់ ដែលបង្ហាញពីការអនុញ្ញាតឲ្យចូលជាប្រព័ន្ធតែម្ដង ពីមេច្រកធំៗទាំង២នៅច្រកដូនរដ្ឋតែម្ដង។
ប្រភពមួយចំនួនទៀតពីក្រុមឈ្មួញ បានបង្ហាញថា ទោះបីបង់ពន្ធគយត្រឹមត្រូវក៏ដោយ ក៏មិនអាចរួចផុតពីការបង់លុយលើតុក្រោមតុតាមការកំណត់របស់លោក នូ និច និងមេគយច្រកនេះបានឡើយ។ ការនាំចូលសាច់បង្កកតាមរថយន្តសាំយ៉ុង ជាប្រចាំរាល់យប់ ត្រូវបាននាំផ្ដាច់មុខដោយឈ្មួញទុច្ចរិតសង្ស័យជាជនជាតិវៀតណាមផង រកស៊ីប្រចាំដុះស្លែឈ្មោះ “ទៀង” ដែលមានឃ្លាំងនៅតាមបណ្តោយផ្លូវមាត់ច្រក ក្នុងឃុំរូង ស្រុកមេមត់ ដែលសកម្មភាពទាំងនេះបង្ហាញយ៉ាងច្បាស់ពីការរំលោភច្បាប់ស្តីពីការប្រមូលពន្ធ និងការគ្រប់គ្រងព្រំដែន។
មន្ត្រីពាក់ព័ន្ធនៅច្រកដូនរ័ត្ន បញ្ជាក់ថា មកដល់ពេល នេះ លោក នូ និច និងប្រធានគយ លោកគង់ សារឿន នៅតែប្រើតួនាទី និងអំណាច ដើម្បីប្រមូលលុយតាម របៀបពុករលួយ ដោយគ្មានការញញើតច្បាប់។ ក្រុមឈ្មួញនាំចេញជ័រកៅស៊ូស្អុយនិងកសិផលផ្សេងៗ ក៏ ដូចជាការនាំចូលទំនិញគេចពន្ធ ទំនិញខុសច្បាប់ មាន់ ត្រី បន្លែ ផ្លែឈើ ដូង ទុរេន និងសាវម៉ាវ សុទ្ធសឹងក្លាយ ជាប្រភពចំណូលដ៏ធំរបស់លោក នូ និច និង លោកគង់ សារឿន ដែលគ្មានឈ្មួញណាអាចរំលងបាន។
ពាក់ព័ន្ធបញ្ហាខាងលើនេះផងដែរ អង្គភាពយើងខ្ញុំមិនអាចទំនាក់ទំនងលោក នូ និច ប្រធានទ្វារនគរបាលប៉ុស្ដិ៍ច្រកដូនរដ្ឋ និងលោក គង់សារឿន មេគយច្រកដូនរដ្ឋបាននោះទេ។
សូមបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា បានចេញលិខិតមួយផ្ញើប្រធានលេខាធិការដ្ឋាន នាយកដ្ឋាន សាខា និងការិយាល័យគយ និងរដ្ឋករទាំងអស់ ពង្រឹងប្រសិទ្ធភាពនៃការអនុវត្តតួនាទី និងភារកិច្ច និងក្រមសីលធម៌វិជ្ជាជីវៈ។
ប្រជាពលដ្ឋរងចាំមើលថា តើលោកបណ្ឌិត គុណ ញឹម នឹងមានវិធានការណ៍បែបណាចំពោះលោក គង់ សារឿន មេគយច្រកដូនរដ្ឋ ជុំវិញរឿងអាស្រូវខាងលើនេះ? ទោះជាយ៉ាងណា អង្គភាពសារព័ត៌មាន ណាញធីវី នូវតែរង់ចាំការបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់រៀងរាល់ម៉ោងធ្វើការ ឬក៏ទំនាក់ទំនងតាមលេខ ០១២ ៧៩ ៩៥ ៧២ ណាញធីវី នឹងធ្វើបច្ចុប្បន្នភាពរឿងនេះបន្តទៀតនៅវគ្គក្រោយ៕ ដោយ៖ នាគ ក្រហម



.jpg)
.jpg)
.jpg)
.jpg)
.jpg)


