ភ្នំពេញ ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦បានឱ្យដឹងថា អគ្គស្នងការនគរបាលជាតិ នឹងចាប់ផ្ដើមរឹតបន្តឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឡើងវិញចាប់ពីខែកុម្ភៈ ឆ្នាំ ២០២៦តទៅ ។
យោងតាមសេចក្ដីប្រកាសឱ្យដឹងថា ក្នុងរយៈពេល១៦០ថ្ងៃ ក្នុងអំឡុងពេលមានជម្លោះប្រដាប់អាវុធនៅតំបន់ព្រំដែន កម្ពុជា-ថៃ ការត្រួតពិនិត្យការអនុវត្តច្បាប់ត្រូវបានបន្ធូរបន្ថយមួយរយៈ ។ ក្នុងរយៈពេលនោះ ករណីគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើង៣៤លើកឡើង ស្មើនឹង៣ភាគរយ អ្នកស្លាប់កើនឡើង៦២នាក់ ស្មើនឹង១០ភាគរយ អ្នករបួសកើនឡើង២០៩នាក់ ស្មើនឹង១៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៤ ។ដោយឡែកនៅខែមករា ឆ្នាំ២០២៦នេះ បើធៀបនឹងខែមករា ឆ្នាំ ២០២៥ គ្រោះថ្នាក់ចរាចរណ៍កើនឡើង៤២លើក ស្មើនឹង១៩ភាគរយ អ្នកស្លាប់កើនឡើង២៥នាក់ ស្មើនឹង១៨ភាគរយ និងអ្នករបួសកើនឡើង៦៤នាក់ស្មើនឹង ២៣ភាគឬយ ។ មូលហេតុបង្កគ្រោះថ្នាក់ចរាចរណ៍រួមមានការបើកបរល្មើសល្បឿន ៤៧ភាគរយ មិនគោរពសិទ្ធិ២១ភាគរយ មិនប្រកាន់ស្ដាំ១០ភាគរយ ប្រជែងគ្រោះថ្នាក់៧ភាគរយ បត់គ្រោះថ្នាក់៦ភាគរយ ស្រវឹង៣ភាគឬយ សញ្ញាចរាចរណ៍២ភាគរយ កត្តាយាន១ភាគរយ ងងុយ១ភាគរយ និងកត្តាផ្លូវ១ភាគរយ ។
ដើម្បីរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា និងផែនការទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក ២០២០-២០៣០ ឱ្យសម្រេចបានជោគជ័យ អគ្គស្នងការនគរបាលជាតិ បានធ្វើការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការចូលរួមធ្វើឱ្យដងផ្លូវ អ្នកបើកបរនិងអ្នកធ្វើដំណើរតាមផ្លូវគោកកាន់តែមានសុវត្ថិភាព និងសណ្ដាប់ធ្នាប់ល្អនៅគ្រប់ទីកន្លែង ជំរុញឱ្យសាធារណជន មានការយល់ដឹងអំពីច្បាប់ និងសុវត្ថិភាពចរាចរណ៍កាន់តែល្អប្រសើរឡើង និងការជួយកាត់បន្ថយចំនួនគ្រោះថ្នាក់ចរាចរណ៍ ចំនួនអ្នកស្លាប់ ចំនួនអ្នករបួស ការខូចខាតទ្រព្យសម្បត្តិសាធារណៈ និងឯកជនឱ្យបានជាអតិបរមា ។ ក្នុងន័យនេះ អគ្គស្នងការនគរបាលជាតិ នឹងចាប់ផ្ដើមរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឡើងវិញ ចាប់ពីខែកុម្ភៈ ឆ្នាំ ២០២៦នវតទៅ ។
អគ្គស្នងការនគរបាលជាតិ មានសង្ឃឹមនិងជឿជាក់ថាគ្រប់ក្រសួង ស្ថាប័នទាំងក្នុងវិស័យសាធារណៈ និងឯកជន សង្គមស៊ីវិល និងសាធារណជនគ្រប់រូបដែលជាអ្នកប្រើប្រាស់ផ្លូវ នឹងចូលរួមចំណែកយ៉ាងសកម្មដោយស្មារតីស្វ័យម្ចាស់ការ ការប្រុងប្រយ័ត្ន និងការទទួលខុសត្រូវខ្ពស់ ដើម្បីកាត់បន្ថយនូវទ្រព្យសម្បត្តិផ្សេងៗដោយសារគ្រោះថ្នាក់ ស្របតាមផែនការដែលបានគ្រោងទុក និងនាំមកនូវសុវត្ថិភាពកាន់តែល្អប្រសើរក្នុងការធ្វើដំណើរគ្រប់កាលៈទេសៈ និងស្របតាមពាក្យស្លោក ថ្ងៃនេះ ថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ៕



