(ភ្នំពេញ)៖ បន្ទាប់ពីខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរខណ្ឌចំការមន ចុះណែនាំដល់ម្ចាស់ទីតាំង ចំនួន១៤កន្លែង ដែលធ្វើអាជីវកម្មកែច្នៃផល អនុផលព្រៃឈើ ស្ថិតតាមបណ្តោយផ្លូវលេខ៤៧៤ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ម្ចាស់ទីតាំងទាំងនោះ បានយល់ព្រមរុះរើគ្រឿងសម្ភារៈ កែច្នៃផល អនុផលព្រៃឈើរបស់ខ្លួនចេញដោយខ្លួនឯង នឹងឈប់សកម្មភាពអាជីវកម្មផល អនុផលព្រៃឈើទាំងស្រុង។
ជាក់ស្តែង នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ នៃមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ រាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋាន ក្រោមការដឹកនាំរបស់លោក យស យុទ្ធី អភិបាលរងខណ្ឌចំការមន តំណាងឲ្យលោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន និងលោក គាំ សីហា នាយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងអាជីវកម្មផល អនុផលព្រៃឈើ នៅលើចិញ្ចើមផ្លូវលេខ៤៧៤ ជាប់របងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមការចុះពិនិត្យជាក់ស្តែង របស់ក្រុមការងារ នៅថ្ងៃនេះ ឃើញថា ម្ចាស់ទីតាំងទាំង១៤កន្លែង បានធ្វើការរុះរើឧបករណ៍ សម្ភារៈ ដែលពាក់ព័ន្ឋកែច្នៃកែច្នៃផលអនុផលព្រៃឈើ ចេញបាន១០០ភាគរយហើយ។
សូមបញ្ជាក់ថា កន្លងមក ក្រុមការងារបានចុះណែនាំដល់ម្ចាស់ទីតាំងអាជីវកម្មផល អនុផលព្រៃឈើទាំងអស់ ដែលបានធ្វើអាជីវកម្មនៅលើចិញ្ចើមផ្លូវ ពីការប៉ះពាល់យ៉ាងខ្លាំង ដល់សណ្តាប់ធ្នាប់សាធារណៈ បង្កឲ្យស្ទះចរាចរណ៍ រំខានដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ បានប៉ះពាល់ដល់បរិស្ថាន បង្កសំឡេងរំខានដល់អ្នកជិតខាង បង្កឲ្យមានធូលី ហុយ និងក្លិនបាញ់ថ្នាំឈើមិនល្អ ប៉ះពាល់ដល់ប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ និងអ្នករស់នៅតំបន់ជិតនោះ ព្រមទាំងបង្កការ រំខានដល់ផ្លូវថ្មើរជើងផងដែរ។
ជាមួយគ្នានោះ ម្ចាស់អាជីវកម្មត្រូវរុះរើ និងឈប់ធ្វើសកម្មភាពអាជីវកម្មផល អនុផលព្រៃឈើ ឬអាជីវកម្មគ្រប់ទម្រង់ ដែលពុំមានច្បាប់ នៅលើចិញ្ចើមផ្លូវជាកំហិត។
សមត្ថកិច្ចទុករយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃចន្ទ ទី២៦ ខែមករា ឆ្នាំ២០២៦ រហូតដល់ ថ្ងៃអង្គារ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦ សម្រាប់ការរុះរើ។ ករណីហួសរយៈពេល ដែលសមត្ថកិច្ចកំណត់ខាងលើ ម្ចាស់ទីតាំងអាជីវកម្មដែលមិនព្រមឈប់សកម្មភាពនោះ សមត្ថកិច្ចនឹងធ្វើការរឹបអូស និងចងក្រងសំណុំរឿងតាមច្បាប់ ស្តីពីព្រៃឈើ៕









