ក្រសួងពាណិជ្ជកម្ម៖ ការលក់ហ៊ុនរបស់ CALTEX នៅក្រៅប្រទេស មិនប៉ះពាល់ដំណើរការអាជីវកម្មលក់ប្រេងនៅកម្ពុជានោះទេ, កម្ពុជាធានាមិនឱ្យខ្វះប្រេងឥន្ធនៈសម្រាប់ប្រើប្រាស់

សារព័ត៌មាន ណាញធីវី

 (ភ្នំពេញ)៖ លោក បែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦នេះ តាមរយៈបណ្តាញព័ត៌មាន Fresh News សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរ កុំឱ្យព្រួយបារម្ភ ចំពោះព័ត៌​មានអំពីក្រុមហ៊ុនអាមេរិក Chevron ដែលគ្រោងលក់ទ្រព្យសម្បត្តិប្រេងនៅតំបន់អាស៉ី ក្នុងនោះអាចរួមមានទាំងស្ថានីយឥន្ធនៈ Caltex នៅកម្ពុជាផងដែរនោះ។

អ្នកនាំពាក្យរូបនេះបញ្ជាក់ថា ការប្រកាសរបស់ក្រុមហ៊ុន Chevron គឺជាលក់ភាគហ៊ុននៅបរទេសធម្មតាប៉ុណ្ណោះ ខណៈដំណើរការអាជីវកម្មរបស់ក្រុមហ៊ុននេះនៅកម្ពុជា គិតចាប់តាំងពីការលក់រាយប្រេងឥន្ធនៈតាមស្ថានីយ ការនាំចូលប្រេងផ្គត់ផ្គង់នៅកម្ពុជា និងការលក់កាហ្វេតាមម៉ាត គឺនៅដំណើរការជាប្រក្រតី។

ជាមួយគ្នានេះ លោកអះអាងថា បើទោះជាមានបញ្ហាអ្វីមួយកើតឡើង ក៏កម្ពុជាធានាបាននូវសន្តិសុខប្រេងឥន្ធនៈ សម្រាប់បម្រើដល់ការប្រើប្រាស់របស់ប្រជាជន។

សូមជម្រាបថា នាពេលថ្មីៗនេះ ព័ត៌មាន Reuters បានរាយការណ៍ថា ក្រុមហ៊ុនប្រេងយក្សរបស់សហរដ្ឋអាមេរិក Chevron មានគោលដៅសម្រេចឱ្យបានកិច្ចព្រមព្រៀងមួយ ដើម្បីលក់ទ្រព្យសម្បត្តិប្រេង របស់ខ្លួននៅក្នុងតំបន់អាស៉ី អំឡុងត្រីមាសទី១នៃឆ្នាំ២០២៦នេះ ស្របពេលដែលក្រុមហ៊ុន កំពុងស្ថិតក្នុងការចរចាដំណាក់កាលចុងក្រោយ ជាមួយក្រុមហ៊ុនប្រេងជប៉ុន Eneos និងក្រុមហ៊ុនស្វ៉ីស Glencore។

ទ្រព្យសម្បតិ្តចម្បងដែល Chevron ផ្តោតលក់ គឺភាគហ៊ុន៥០ភាគរយ នៅក្នុងក្រុមហ៊ុនចម្រាញ់ប្រេងសិង្ហបុរី SRC រួមជាមួយមូលដ្ឋានស្តុកប្រេង និងស្ថានីយប្រេងឥន្ធនៈ នៅប្រទេសអាស៊ានមួយនេះ។ ក្រុមហ៊ុនក៏មានបំណងចង់រាប់បញ្ចូល ស្ថានីយប្រេងឥន្ធនៈនៅកម្ពុជា និងម៉ាឡេស៉ី ទៅក្នុងកិច្ចព្រមព្រៀងលក់ផងដែរ។ សរុបបញ្ចូលគ្នាទ្រព្យសម្បត្តិទាំងនេះ មានតម្លៃខ្ទង់១ពាន់លានដុល្លារ ឬខ្ពស់ជាងនេះទៅទៀត។ នៅអាស៉ី ស្ថានីយប្រេងឥន្ធនៈ ដែលស្ថិតក្រោមយីហោ Caltex របស់ Chevron រួមមាន២៦ទីតាំងនៅសិង្ហបុរី ៥៣ទីតាំងនៅកម្ពុជា និង៤២០ទីតាំង នៅម៉ាឡេស៉ីផងដែរ៕






#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top