ក្រសួងសុខាភិបាលត្រៀមជាប់ជានិច្ច ក្នុងការឆ្លើយតបចំពោះវិបត្តិសុខភាព ជូនប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែង

សារព័ត៌មាន ណាញធីវី

(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីសុខាភិបាល បានថ្លែងថា ក្រសួងសុខាភិបាលដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលបានត្រៀមខ្លួនរួចជាស្រេច តាមគ្រប់មធ្យោបាយ ក្នុងការផ្គត់ផ្គង់សេវាសុខភាព ការព្យាបាល អប់រំផ្សព្វផ្សាយ និងសង្គ្រោះបន្ទាន់ ដើម្បីឆ្លើយតបគ្រប់ស្ថានការណ៍សុខាភិបាល ក្នុងរយះពេលខ្លី និងវែងជូនប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ។

ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្រ្តាចារ្យ បានធ្វើឡើងក្នងសន្និសីទសារព័ត៌មាន សន្និបាតសុខាភិបាលលើកទី៤៥ នាថ្ងៃចន្ទ ទី២៦ ខែមករា ឆ្នាំ២០២៦ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា។

រដ្ឋមន្ត្រីសុខាភិបាល បានថ្លែងថា «ក្រសួងសុខាភិបាលបានត្រៀមជាប់ជានិច្ច ដើម្បីឆ្លើយតបគ្រប់ស្ថានការណ៍សុខាភិបាល ទាំងផលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលរាប់ទាំងជំងឺឆ្លងរាតត្បាត ជម្លោះនៅតាមព្រំដែន បញ្ហាដែលកើតចេញពីគ្រោះធម្មជាតិជាដើម ដែលហេតុការណ៍ទាំងអស់នេះយើងបានដឹងនិងត្រៀមរួចជាស្រេច តាមរយះការធ្វើលំហាត់សមយុទ្ធសុខាភិបាលជារឿយៗ ដើម្បីឱ្យបញ្ហាទាំងអស់នេះស្ថិតក្រោមការគ្រប់គ្រង់យ៉ាងមានប្រសិទ្ធភាព»

លោកសាស្រ្តាចារ្យ ឈាង រ៉ា បានបន្តថា ការត្រៀមលក្ខណៈរបស់ក្រសួងសុខាភិបាល មិនមែនទើបតែកើតមានពេលប្រទេសយើងមានបញ្ហាប្រឈមនៅតាមបណ្តាលព្រំដែននោះទេ តែយើងបានត្រៀម ជាប់ជាប្រចាំ។ ជាក់ស្តែង «យើងបានប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត Covid-19 ដែលជាវិបត្តិសុខភាពសកលលោកបានដោយជោគជ័យ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី។ ដូចនេះ ការត្រៀមលក្ខណៈទុកជាមុនគឺជាភាពធន់ក្នុងការការពារ និងធានាឱ្យបានក្នុងការប្រឈមនឹងហានិភ័យផ្សេងនាពេលខាងមុខ»

សូមជម្រាបថា ក្រសួងសុខាភិបាលកម្ពុជាបាននិងកំពុងខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការឆ្លើយតបទៅនឹងវិបត្តិសុខភាពសកលជាបន្តបន្ទាប់ តាមរយៈការដាក់ចេញនូវវិធានការ និងយុទ្ធសាស្ត្រជាច្រើន។ ជាក់ស្តែង ក្រសួងបានដាក់ចេញនូវទិសដៅការងារសម្រាប់ឆ្នាំ២០២៦ និងឆ្នាំបន្តបន្ទាប់ទៀត ដោយផ្តោតលើការពង្រឹងប្រព័ន្ធសុខាភិបាល ការបង្កើនការទទួលបានសេវាថែទាំសុខភាព ការលើកកម្ពស់គុណភាព និងសុវត្ថិភាពនៃការថែទាំសុខភាព ការគាំពារហិរញ្ញវត្ថុ ការពង្រឹងសន្តិសុខសុខភាព និងការពង្រឹងសមត្ថភាព និងការធ្វើទំនើបកម្មប្រព័ន្ធសុខាភិបាល។







#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top