(ប៉េកាំង)៖ ចិន នៅថ្ងៃចន្ទ ទី២៦ ខែមករា បានចេញសេចក្ដីណែនាំកុំឱ្យពលរដ្ឋរបស់ខ្លួនធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសជប៉ុន អំឡុងរដូវកាលបុណ្យចូលឆ្នាំចិនខាងមុខ ខណៈជម្លោះការទូតរវាងប៉េកាំង និងតូក្យូហាក់មិនទាន់ ថមថយនៅឡើយទេពាក់ព័ន្ធនឹងការអត្ថាធិប្បាយកាលពីខែវិច្ឆិកាកន្លងទៅរបស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi ជុំវិញកោះតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយដោយសំអាងលើការកើនឡើងបទល្មើសមានគោលដៅលើពលរដ្ឋចិន និងគ្រោះរញ្ជួយដី ក្រសួងការបរទេសចិនបាននិយាយថាពលរដ្ឋចិនអាចនឹងប្រឈមមុខនឹងការគំរាមកំហែងសន្តិសុខធ្ងន់ធ្ងរ ក្នុងប្រទេសជប៉ុន។ ទីក្រុងប៉េកាំងក៏ធ្លាប់បានចេញសេចក្ដីណែនាំដូចគ្នានេះដែរ បន្ទាប់ពីការអត្ថាធិប្បាយរបស់លោកស្រី Takaichi កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ ដែលថាជប៉ុននឹងធ្វើអន្តរាគមន៍យោធា ក្នុងករណីចិនបើក ការវាយប្រហារដើម្បីគ្រប់គ្រងតៃវ៉ាន់។
ការអត្ថាធិប្បាយបែបនេះរបស់លោកស្រី Takaichi បានធ្វើឱ្យចិនផ្ទុះកំហឹង និងចាត់វិធានការឆ្លើយតបជាបន្តបន្ទាប់ ក្នុងនោះរួមមានទាំងការរឹតត្បិតលើការនំាចូលទំនិញមួយចំនួនពីជប៉ុន និងលុបចោលជើងហោះហើរ ជាដើម។ ក្រសួងការពារជាតិចិនវិញបានព្រមានថានឹងវាយបំបាក់ទីក្រុងតូក្យូ ប្រសិនបើជប៉ុនលូកដៃជួយតៃវ៉ាន់ ក្នុងករណីជម្លោះផ្ទុះឡើង។ កាលពីថ្ងៃចន្ទ ទី២៦ ខែមករា ក្រុមហ៊ុនអាកាសចរណ៍ចិនធំៗដូចជា Air China China Eastern និង China Southern Airlines បានបន្ថែមសុពលភាពនៃការដូរសំបុត្រយន្ដហោះដោយឥតគិតថ្លៃ និងលុបចោលកម្មវិធីពាក់ព័ន្ធនឹងជើងហោះហើរទៅកាន់ជប៉ុន រហូតដល់ថ្ងៃទី២៤ ខែតុលា។
ក្រុមហ៊ុនអាកាសចរណ៍ចិនបានប្រកាសជាលើកដំបូងពីគោលនយោបាយខាងលើកាលពីខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោយការអត្ថាធិប្បាយរបស់លោកស្រី Takaichi ហើយកាលពីខែធ្នូ ឆ្នាំដដែល បានពន្យារវិធានការទាំងនេះ រហូតដល់ខែមីនា ឆ្នាំ២០២៦។
គួរបញ្ជាក់ថា ចំនួនភ្ញៀវទេសចរចិនទៅកាន់ប្រទេសជប៉ុនបានធ្លាក់ចុះ ៤៥ភាគរយ កាលពីខែធ្នូ ប៉ុន្តែក្រសួងទេសចរណ៍ជប៉ុនបានឱ្យដឹងថាចំនួនភ្ញៀវទេសចរបរទេសទៅកម្សាន្តនៅប្រទេសជប៉ុនបានកើនឡើងបំបែកកំណត់ត្រា ខ្ពស់ថ្មីមួយ៕


