ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បញ្ចប់កិច្ចប្រជុំត្រីភាគី និងត្រៀមបោះឆ្នោតកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧

សារព័ត៌មាន ណាញធីវី

រាជធានីភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញដឹកនាំ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បន្តពិភាក្សា កំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផល កាបូប បានដំណើរការកិច្ចប្រជុំលក្ខណៈត្រីភាគី ដើម្បីពិភាក្សាលើការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ២០២៦នេះ នៅទីស្តីការក្រសួងការងារ។


ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ឯកឧត្តម រដ្ឋមន្ត្រីក្រសួងការងារបានបញ្ជាក់ថា តាមរយៈកិច្ចប្រជុំត្រីភាគីនាព្រឹកនេះ ភាគីទាំងពីរនៅមានគោលជំហរខុសគ្នានៅឡើយ៖
1.   ភាគីនិយោជក៖ ស្នើសុំរកសួរតួលេខ ២១០ដុល្លារ សម្រាប់ឆ្នាំ២០២៧ ដោយសារនិយោជកបានឧបត្ថម្ភ ២.៥ដុល្លារ សម្រាប់ថ្លៃធ្វើដំណើរជាប្រចាំកាលពីខែមីនា កន្លងទៅ។
2.   ភាគីតំណាងកម្មករនិយោជិត៖ បានយកតួលេខដែលជាសំឡេងភាគច្រើននៃផ្ទៃក្នុងរបស់ខ្លួន គឺ ២២៥ដុល្លារ មកធ្វើជាគោលជំហរចុងក្រោយ។

ឯកឧត្តមបន្តថា ដោយសារនៅមានគម្លាត និងភាគីនីមួយៗបានបញ្ជាក់ថាជាគោលជំហរចុងក្រោយ យោងតាមច្បាប់ស្ដីពីប្រាក់ឈ្នួលអប្បបរមា ក្រុមប្រឹក្សាជាតិនឹងកំណត់ការបោះឆ្នោតនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ខាងមុខ ដើម្បីគាំទ្រលើតួលេខណាមួយដែលស្នើឡើងដោយភាគីទាំងពីរ។

ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមថា ទោះបីជាតួលេខខុសគ្នាក៏ដោយ ប៉ុន្តែគ្រប់សមាជិកទាំងអស់មានស្មារតីរួម គឺចង់ជួយសម្រាលបន្ទុកដល់កម្មករនិយោជិត ប៉ុន្តែវិធីសាស្ត្រនៃការជួយអាចខុសគ្នាបន្តិចបន្តួច។ ភាគីមួយចំនួនយល់ថា ទាល់តែដំឡើងប្រាក់ឈ្នួលជាកញ្ចប់ច្រើនទើបអាចជួយបាន ប៉ុន្តែភាគច្រើនយល់ថា ការជួយបង្កើនឱកាសការងារ និងការងារថ្មីដល់សមាជិកគ្រួសារកម្មករ ក៏ជាវិធីសាស្ត្រជួយសម្រាលបន្ទុក និងរក្សាភាពប្រកួតប្រជែងផងដែរ។

រដ្ឋមន្ត្រីក្រសួងការងារបញ្ជាក់ទៀតថា ចំពោះភាគីរាជរដ្ឋាភិបាល នឹងបូកសរុបរបាយការណ៍នៃកិច្ចប្រជុំផ្ញើជូនប្រមុខរាជរដ្ឋាភិបាលដើម្បីពិនិត្យសម្រេចចុងក្រោយ។ បន្ថែមពីនេះ រាជរដ្ឋាភិបាលក៏បានកាត់បន្ថយពន្ធលើប្រេងឥន្ធនៈ សម្រួលថ្លៃទឹក អគ្គិសនី និងការភ្ជាប់បណ្តាញនៅតាមបន្ទប់ជួល ដើម្បីជួយកាត់បន្ថយការចំណាយរបស់កម្មករនិយោជិតផ្ទាល់ផងដែរ៕

#hengsour. #9tv news 













#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top