(ភ្នំពេញ)៖ ក្រោយជាប់គុកប្រមាណជិត៣ខែ កើតទុក្ខមិនសុខចិត្តក៏ទម្លាយរឿងជាច្រើនដែលមិនប្រក្រតីក្នុងសំណុំរឿងរបស់លោក បើទោះបីជាករណីមរណភាពរបស់លោកស្រី ឡាយ ផល្លី ម្ចាស់មន្ទីរសម្រាកព្យាបាល ឡាយ ផល្លី បានកន្លងផុតទៅជាច្រើនឆ្នាំយ៉ាងណាក្ដី ក៏ជម្លោះផ្លូវច្បាប់រវាងកូនបង្កើត និងកូនប្រសារ នៅតែបន្តកើតមានស្មុគស្មាញ រហូតឈានដល់ការប្តឹងផ្តល់លើបុគ្គលិកផ្ទាល់ខ្លួន គឺលោក ថន កុសល្យ ដែលជាជនរងគ្រោះ។ នេះជាការអះអាងរបស់លោក ថន កុសល្យ អតីតបុគ្គលិកមន្ទីរសម្រាកព្យាបាល ឡាយ ផល្លី ថ្លែងប្រាប់សារព័ត៌មាន ណាញធីវី នារសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦នេះ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ទាំងឈឺចាប់ លោក ថន កុសល្យ ត្រូវ បានលោកស្រី ហេង រិទ្ធិសុបញ្ញា និងលោកស្រី ហេង រិទ្ធិម៉ូនិច ប្តឹងចោទប្រកាន់ពីបទ «សមគំនិតក្នុងអំពើឃាតកម្ម» លើលោកស្រី ឡាយ ផល្លី។ ជុំវិញការចោទប្រកាន់នេះ លោកបានសម្តែងការងឿងឆ្ងល់យ៉ាងខ្លាំងថា ហេតុអ្វីបានជាអង្គហេតុដែលកើតឡើងនៅក្នុងដែនដីខេត្តកណ្តាល បែរជាត្រូវលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាចោទប្រកាន់រូបលោកទៅវិញ?
លោក ថន កុសល្យ បានបន្តថា ដើមបណ្តឹងបានចោទប្រកាន់លោក ហ៊ាន សុខនាង ថាជាអ្នកប្រព្រឹត្តអំពើឃាតកម្ម ហើយចោទរូបលោកថាជាអ្នកសមគំនិត។ ប៉ុន្តែលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង និងលោក ហុក ពៅ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បែរជាសម្រេចចាប់ខ្លួន និងបញ្ជូនរូបលោកទៅឃុំឃាំងក្នុងពន្ធនាគារព្រៃសទៅវិញ ដែលការសម្រេចនេះធ្វើឱ្យលោកមិនអាចទទួលយកបានឡើយ។
បន្ថែមពីនេះ លោកបានលើកឡើងអំពីទិដ្ឋភាពច្បាប់ ដោយយោងតាមមាត្រា ៣៩ និងមាត្រា ១២៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ដែលបានកំណត់អំពីដែនសមត្ថកិច្ចយ៉ាងច្បាស់លាស់។ តាមមាត្រា ៣៩ ករណីបទល្មើសកើតឡើងនៅខេត្តណា គឺ ជាសមត្ថកិច្ចផ្តាច់មុខរបស់សាលាដំបូងខេត្តនោះ ដើម្បជាងាយស្រួលក្នុងការបើកការស៊ើបអង្កេត និងប្រមូលភស្តុតាង។ ហេតុនេះ លោកនៅតែមានចម្ងល់ថា ហេតុអ្វីបានជាលោក ស៊ិត វណ្ណៈ យករឿងក្តីនេះមកចោទប្រកាន់នៅរាជធានីភ្នំពេញ ឬមួយដោយសារតែលោក ស៊ិត វណ្ណៈ ជាសាច់ឈាមរបស់ប្តីនៃដើមបណ្តឹង ដែលលោក តែងឃើញវត្តមានចេញចូលក្នុងមន្ទីរពេទ្យខាងលើនេះនាពេលកន្លងទៅ?
អាស្រ័យហេតុនេះ លោក ថន កុសល្យ គោរពស្នើសុំយ៉ាងទទូចដល់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងស្ថាប័នពាក់ព័ន្ធ ពិសេសឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ACU មេត្តាជួយពិនិត្យ និងស្វែងរកយុត្តិធម៌ជូនរូបលោកផង ដោយសារតែរឿងនេះមានភាពមិនប្រក្រតីជាច្រើន។
ជុំវិញករណីខាងលើនេះ អង្គភាពសារព័ត៌មាន ណាញធីវី ក្រោយទទួលបានព័ត៌មាននេះ គិតត្រឹមរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦នេះ មិនអាចសុំការបំភ្លឺបន្ថែមពីលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារងរាជធានីភ្នំពេញ និងលោក ហុក ពៅ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បាននោះទេ ដោយសារពុំមានលេខទំនាក់ទំនង ទោះជាយ៉ាងណា អង្គភាពសារព័ត៌មាន ណាញធីវី នូវតែរងចាំការបំភ្លឺគ្រប់ភាគីពាក់ព័ន្ធទាំងអស់រៀងរាល់ម៉ោងធ្វើការ ឬក៏ទំនាក់ទំនងតាមលេខ ០១២ ៧៩ ៩៥ ៧២ ណាញធីវី នឹងរង់ចាំមើលថា តើលោក ថន កុសល្យ ដែលអះអាងថា ជាជនរង់គ្រោះនោះ នឹងទទួលបានយុត្តិធម៌កំរិតណា ហើយតើច្បាប់នឹងមាននិតិវិធីបែបណាចំពោះរឿងនេះ ណាញធីវី នឹងធ្វើពីបច្ចុប្បន្នភាពរឿងនេះនៅវគ្គក្រោយ៕




