លោកឧកញ៉ា នួន រិទ្ធី ឈានជើងចូលវិនិយោគក្នុង​វិស័យកសិកម្ម ដោយបង្កើតកសិដ្ឋានចិញ្ចឹមត្រីជាង ៥៣ហិកតា នៅកំពង់ចាម

សារព័ត៌មាន ណាញធីវី

(កំពង់ចាម)៖ លោកឧកញ៉ា នួន រិទ្ធី ដែលជាអ្នកជំនួញដ៏លេចធ្លោក្នុងវិស័យអចលនទ្រព្យ បានបង្វែរទិសដៅវិនិយោគរបស់ខ្លួនទៅកាន់វិស័យកសិកម្ម ដោយផ្តួចផ្តើមគម្រោងកសិដ្ឋានចិញ្ចឹមត្រីដ៏ធំមួយឈ្មោះ «រិទ្ធីមានជ័យ» លើផ្ទៃដីជាង ៥៣ ហិកតា ស្ថិតនៅភូមិតាង៉កថ្មី ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ​


បើតាមការបញ្ជាក់របស់លោកឧកញ៉ា នួន រិទ្ធី គោលបំណងចម្បងនៃការបង្កើតកសិដ្ឋាននេះ គឺដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ បង្កើតឱកាសការងារជូនប្រជាពលរដ្ឋក្នុងតំបន់ កាត់បន្ថយភាពក្រីក្រ និងជាពិសេសគឺចូលរួមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់វិស័យកសិ-ឧស្សាហកម្ម កាត់បន្ថយការនាំចូលផលិតផលវារីវប្បកម្ម និងពង្រឹងសន្តិសុខស្បៀងក្នុងស្រុក។

គម្រោងនេះត្រូវបាន ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ​ពិនិត្យ និងពិភាក្សា​​ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦។

ក្នុងកិច្ចប្រជុំនេះ ​លោកបានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធទាំងអស់ ត្រូវចុះពិនិត្យ និងសិក្សាឱ្យបានល្អិតល្អន់លើចំណុចខ្វះខាតផ្សេងៗបន្ថែមទៀត ទាំងលើទិដ្ឋភាពបច្ចេកទេស ច្បាប់ និងផលប៉ះពាល់ ដើម្បីជួយគាំទ្រ កែសម្រួល និងសម្រួលដល់ដំណើរការពិនិត្យសំណើវិនិយោគមួយនេះ ឱ្យមានភាពគ្រប់ជ្រុងជ្រោយ ប្រកបដោយប្រសិទ្ធភាព និងស្របតាមនីតិវិធីជាធរមាន មុននឹងឈានទៅវាយតម្លៃសម្រេចចុងក្រោយ៕






#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top