កម្ពុជានាំចេញអង្ករជាង៧០ម៉ឺនតោន ទទួលបានទឹកប្រាក់ ជាង៤១៥លានដុល្លារ ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦

សារព័ត៌មាន ណាញធីវី

(ភ្នំពេញ)៖ ក្នុងរយៈពេល ៧ខែ នៃឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករបានចំនួន ៧០៧ ៤៧១ តោន ទៅកាន់ទីផ្សារអន្តរជាតិ ដោយទទួលបានទឹកប្រាក់ជាង ៤១៥លានដុល្លារ។ នេះបេីយោងតាមរបាយការណ៍សហព័ន្ធស្រូវអង្ករកម្ពុជា។


ការនាំចេញអង្ករជាង៧០ម៉ឺនតោននេះ ធ្វេីឡេីងតាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៦១ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៦ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ៣៣ បានបរិមាណអង្ករចំនួន ២០៧ ១៥៧ តោន គិតជាទឹកប្រាក់ចំនួន ១៥៦.៤៥ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិន និងហុងកុង ចំនួន ១៧៤ ៩៣០ តោន គិតជាទឹកប្រាក់ចំនួន ១០៣.៣១ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន ៥ ប្រទេសបានបរិមាណចំនួន ២៦៦ ៣០០ តោន គិតជាទឹកប្រាក់ចំនួន ១០២.៨៤ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ ២៥ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹម បូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន។ល។ បានចំនួន ៥៩ ០៨៤ តោន គិតជាទឹកប្រាក់ចំនួន ៥២ .៥២ លានដុល្លារសហរដ្ឋអាមេរិក។


ចំពោះប្រភេទអង្ករដែលបាននាំចេញ មាន អង្ករក្រអូបចំនួន ៥៩.២៣% ប្រភេទអង្ករសគ្រាប់វែង ២៣.៦៦% អង្ករចំហុយ ១.៩៣% អង្ករសរីរាង្គចំនួន ១.២៨% អង្ករបាក់គ្រប់ប្រភេទ ១៣.៧០% និងអង្ករផ្សេងៗចំនួន ០.២% ។


ជាមួយគ្នានេះ កម្ពុជាបាននាំចេញស្រូវចំនួន ៣ ០០៦ ១២២ តោនស្រូវសើម ដែលគិតជាទឹកប្រាក់ប៉ាន់ប្រមាណបានចំនួន ៦៦៥.៧០ លានដុល្លារសហរដ្ឋអាមេរិក ៕






#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top