ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦នេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានចុះបង្ក្រាបទីតាំងក្លឹបបុកប៊ីយ៉ាមួយកន្លែង ដែលលួចបង្កប់ល្បែងស៊ីសងខុសច្បាប់ ស្ថិតក្នុងភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ដោយឃាត់ខ្លួនជនជាតិខ្មែរ និងបរទេស សរុបចំនួន ២៩នាក់។
ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាណែនាំផ្ទាល់ពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។ លោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ បានប្រាប់បណ្តាញសារព័ត៌មានឱ្យដឹងថា ក្រោយទទួលបានសេចក្តីរាយការណ៍ថា ទីតាំងក្លឹបបុកប៊ីយ៉ាខាងលើ មានលួចបង្កប់ល្បែងស៊ីសងខុសច្បាប់ លោកបានដឹកនាំកម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ចុះទៅបង្ក្រាបជាក់ស្តែងតែម្តង។
លោកអភិបាលខណ្ឌមានជ័យ បានបញ្ជាក់បន្ថែមថា ជាលទ្ធផលនៃប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន ២៩នាក់ (ក្នុងនោះមានជនជាតិចិន ១១នាក់ ជនជាតិភូមា ០១នាក់ និងជនជាតិខ្មែរ ១៧នាក់) ព្រមទាំងដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត។បច្ចុប្បន្ន ទាំងជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីបន្តនីតិវិធីស្រាវជ្រាវ និងចាត់ការតាមផ្លូវច្បាប់៕
#9tvnews




