(ភ្នំពេញ)៖ នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នេះ ឯកឧត្តម ឡេង សែ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្ដ្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក អ៉ី សូដា អនុប្រធានការិយាល័យ អធិការកិច្ចការងារ និងវិវាទការងារ នៃមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តពោធិ៍សាត់ ដែលត្រូវជាស្វាមីរបស់លោកស្រី សុង ស៊ីវងីម បានទទួលមរណភាព នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៤៣ឆ្នាំ ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងអំឡុងពេលបំពេញបេសកកម្មការងារក្នុងយុទ្ធនាការផ្សព្វផ្សាយស្តីពីការទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារនៅសិប្បកម្មផលិតឥដ្ឋ និងកសិឧស្សាហកម្ម ក្នុងខេត្តពោធិ៍សាត់។
ក្នុងឱកាសដ៏ក្រៀមក្រំនោះ ឯកឧត្តមរដ្ឋលេខាធិការ ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានពាំនាំនូវសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារសព ចំពោះការបាត់បង់លោក អ៉ី សូដា ដែលត្រូវជាស្វាមី និងជាឪពុកដ៏ល្អ ព្រមទាំងជាធនធានមនុស្សដ៏មានតម្លៃម្នាក់ ដែលបានបូជាកម្លាំងកាយចិត្តបំពេញការងារជូនក្រសួងនាពេលកន្លងមក។
ជាមួយនឹងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយលោកស្រី សុង ស៊ីវងីម ព្រមទាំងក្រុមគ្រួសារនៃសព ឯកឧត្តម ឡេង សែ ក៏បាននាំយកបច្ច័យរបស់ឯកឧត្តមរដ្ឋមន្រ្តី ចូលរួមពិធីបុណ្យផងដែរ និងសូមឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធលោក អ៉ី សូដា បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕










