(ភ្នំពេញ) ៖ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ពិសេសរាជរដ្ឋាភិបាលកម្ពុជាកំពុងតែបង្ក្រាបគ្រប់ទិសទីកន្លែងទាំងអស់សូម្បីតែបញ្ហាទទួលផលចោរកម្មក៏ត្រូវបានបង្ក្រាបខ្លាំងក្លាណាស់ដែរ តែហេតុអ្វីបានជាកន្លែងហាងបញ្ចាំមួយកន្លែងយីហោ «មានលក់ម៉ូតូ និងទទួលទិញលក់ម៉ូតូគ្រប់ប្រភេទ» ស្ថិតនៅចំណុចវីឡាលេខ៥០ ផ្លូវ១៩២ សង្កាត់ទឹកល្អក៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ហ៊ានទទួលផលចោរកម្ម ពោលគឺទទួលបញ្ចាំពីចោរទាំងដែលគ្មានឯកសារអ្វីទាំងអស់ ដោយជនរងគ្រោះម្នាក់បានបាត់ម៉ូតូស្រាប់តែរកឃើញក្នុងហាងខាងលើនេះ លុះសួរនាំទៅទើបដឹងថា ចោរយកមកបញ្ចាំសោះ នេះបើយោងតាមប្រភពព័ត៌មានដែលអង្គភាពយើងខ្ញុំទទួលបាននៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះ។
តើការទទួលផលចោរកម្មនឹងប្រឈមមុខផ្លូវច្បាប់កម្រិតណា? ហើយតើម្ចាស់ទីតាំងមួយនេះជានរណា? ទើបបានជាថ្លើមធំបែបនេះ ហើយតើមានទំនាក់ទំនងអ្វីជាមួយក្រុមលោកចោរ ទើបបានជាចោរស្គាល់កន្លែងបញ្ចាំមួយនេះ? នេះជាសំណួរដែលមហាជន ពិសេសអ្នកព័ត៌មានចង់ដឹង ព្រោះជារៀងរាល់ថ្ងៃនេះបើគ្មានអ្នកទទួលផលចោរកម្មទេក៏គ្មានចោរលួចឆក់ប្លន់ដែរ ហើយក៏ជាមេរោគសង្គមដែលថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋតែងតែស្អប់ខ្ពើមផងដែរ។ ចុះហេតុដូចម្តេចបានជាទីតាំងខាងលើនេះ ហ៊ានទទួលបញ្ចាំម៉ូតូពីចោរដែលបានលួចពីជនរងគ្រោះ ដែលគ្មានលិខិតស្នាម ឬឯកសារត្រឹមត្រូវទាល់តែសោះ។ ខណៈដែលម៉ូតូរបស់ជនរងគ្រោះម្នាក់បានបាត់កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦ នៅត្រង់ចំណុចសង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ ម៉ាកហុងដារ (HONDA ZOOMER X) ស៊ូមមើ អ៊ិច សេរី ឆ្នាំ២០១៧ ស្លាកលេខ ភ្នំពេញ1IW-6773។
ក្រោយបាត់ម៉ូតូមិនបានមួយថ្ងៃផង ស្រាប់តែនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ ចោរបានយកមកបញ្ចាំនៅហាង «មានលក់ម៉ូតូ និងទទួលទិញលក់ម៉ូតូគ្រប់ប្រភេទ» ស្ថិតនៅចំណុចវីឡាលេខ៥០ ផ្លូវ១៩២ សង្កាត់ទឹកល្អក៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ម្ចាស់ហាងបានទទួលដោយក្ដីរីករាយជាទីបំផុតគ្មានឯកសារមកជាមួយផង។ ជនរងគ្រោះបានដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលទួលសង្កែ២ដែរ មិនយូប៉ុន្មានក៏បានប្រទះឃើញនៅហាងខាងលើនេះ ហើយម្ចាស់ម៉ូតូក៏បានសុំយកវិញ តែម្ចាស់ហាងម៉ូតូមិនមានការខ្លាចញញើតនឹងផ្លូវច្បាប់ទាល់តែបង់លុយចំនួន៣៣០ដុល្លារទើបយកម៉ូតូវិញបាន បើទោះបីម្ចាស់បានប្ដឹងដល់សមត្ថកិច្ចប៉ុស្ដិ៍ទឹកល្អក៣ក៏គ្មានចំណាត់ការដែរ ព្រោះសមត្ថកិច្ចបានបញ្ជាក់ថា គ្មានគោលការណ៍ចុះបង្ក្រាប ឬយកម៉ូតូនោះទេ។
ដោយគ្មានជម្រើសទាល់តែសោះនឹងក៏ដឹងថា ច្បាប់មិនអាចចាត់វិធានការណ៍ជនខិលខូចបានដែរ ហើយការបញ្ចាំទោះបីរបស់ចោរក៏បញ្ចាំបានដោយសេរី ជនរងគ្រោះក៏សម្រេចចិត្តខ្ចីប្រាក់ពីបងប្អូនលោះយកម៉ូតូមកវិញអស់ចំនួនទឹកប្រាក់៣៣០ដុល្លារ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦នេះ។ បញ្ហានេះបានចោទជាសំណួរថា តើបទល្មើសទទួលផលចោរកម្មបែបនេះហើយ សមត្ថកិច្ចប៉ុស្ដិ៍ទឹកល្អក៣ហេតុអ្វីបានមិនហ៊ានមានវិធានការណ៍តាមផ្លូវច្បាប់ចំពោះទីតាំងខុសច្បាប់មួយនេះ ឬមួយមានអ្នកមានអំណាចណានៅពីក្រោយខ្នង?
សូមបញ្ជាក់ជូនថា យោងតាមផ្លូវច្បាប់ការទទួលផលចោរកម្ម គឺជាប្រភេទបទល្មើសមជ្ឈិមដែលត្រូវមានបញ្ញត្តិនៅក្នុងមាត្រា៣៩៩ នៃក្រម ព្រហ្មទណ្ឌ ឆ្នាំ ២០០៩ ហើយត្រូវបានកំណត់និយមន័យថា «គឺជាអំពើទទួល លាក់បំបាំងរក្សាទុក ឬបញ្ជូនវត្ថុអ្វីមួយ ដោយដឹងថាវត្ថុនោះបានមកពីបទឧក្រិដ្ឋ ឬបទមជ្ឈិម» និងយោងមាត្រា ៤០០ នៃក្រមព្រហ្មទណ្ឌ អំពើទទួលផលចោរកម្ម ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ ពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ ពី ៤.០០០.០០០ (បួនលាន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល ។
អង្គភាពយើងខ្ញុំនឹងរងចាំមើលថា តើម្ចាស់ហាងដែលមានយីហោ «មានលក់ម៉ូតូ និងទទួលទិញលក់ម៉ូតូគ្រប់ប្រភេទ» អាចគេចរួចពីសំណាញ់ច្បាប់ដែរ? ហើយតើច្បាប់នឹងមានវិធានការណ៍បែបណាជាមួយម្ចាស់ទីតាំងខាងលើនេះ ខណៈជនរងគ្រោះសូមសំណូមពរដល់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ និងឧត្តមសេនីយ៍ឯក រ័ត្ន ស្រៀង មេបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីជួយរកយុត្តិធម៌ ទោះជាយ៉ាងណា អង្គភាពសារព័ត៌មាន ណាញធីវី នូវតែរង់ចាំការបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅរៀងរាល់ម៉ោងធ្វើការ ឬក៏ទំនាក់ទំនងតាមលេខ ០១២ ៧៩ ៩៥ ៧២ ណាញធីវី នឹងលំអិតរឿងនេះ នៅវគ្គបន្ទាប់៕












.jpg)
