ភ្នំពេញ៖ ក្នុងនីតិកាលទី៧នេះ ក្រសួងមុខងារសាធារណៈ បានដើរតួយ៉ាងសំខាន់ក្នុងការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការ។ ជុំវិញការប្រឡងប្រជែងនេះ លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានរំឭកដល់បេក្ខជនឱ្យមានទំនុកចិត្តលើថ្នាក់ដឹកនាំ និងគណៈកម្មការរៀបចំការប្រឡង ជាពិសេសត្រូវជឿជាក់លើសមត្ថភាពរៀងៗខ្លួន ដោយមិនចាំបាច់មានអន្តរាគមន៍ ឬចំណាយថវិកាលើសពី ២ម៉ឺនរៀលឡើយ។
តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួនឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានសរសេរជុំវិញការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការ។ សំណេររបស់លោករដ្ឋមន្រ្តី បានបង្ហាញលទ្ធផលវិជ្ជមាននៃអនុវត្តវិធានការគន្លឹះទី១ គឺការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីដោយឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។
ឯកឧត្តម ហ៊ុន ម៉ានី ក្រសួងមុខងារសាធារណៈ កំពុងអនុវត្តតាមចក្ខុវិស័យរបស់សម្តេច ហ៊ុន ម៉ាណែត ស្របតាមអភិក្រម «ចេះគឺជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត» និង«រើសឱ្យចំ បំពេញឱ្យត្រូវ រក្សាឱ្យនៅ»។ លោករដ្ឋមន្រ្តីមុខងារសាធារណៈ បានឱ្យដឹងថា ក្នុងរយៈពេលជាង ២ឆ្នាំមកនេះ ការប្រឡងជ្រើសរើសតាមនិយាមនីតិវិធីប្រតិបត្តិថ្មី ដំណើរការបាន ៥៣លើក សម្រាប់១០ក្រសួង-ស្ថាប័ន ដោយមានបេក្ខជនដាក់ពាក្យប្រមាណ ២៩ម៉ឺននាក់ និងជ្រើសរើសបានមន្ត្រីលេចធ្លោនិងពូកែ ជិត ៨ពាន់នាក់។
«តួលេខនេះ បានឆ្លុះបញ្ចាំងពីការជឿទុកចិត្ត និងការគាំទ្រពីសាធារណជន ជាពិសេសសិស្ស-និស្សិត មកលើការងារកំណែទម្រង់រដ្ឋបាលសាធារណៈ»។ លោក ហ៊ុន ម៉ានី បញ្ជាក់ដូច្នេះ។
ចំពោះការប្រឡងប្រជែងជ្រើសរើសមន្រ្តីនាពេលកន្លងមក ឯកឧត្តម ហ៊ុន ម៉ានី សង្កត់ធ្ងន់ថា ក្រសួងបានរៀបចំ ដើម្បីធានាឱកាសស្មើភាពគ្នា ក្នុងការប្រឡងប្រជែងក្លាយជាមន្ត្រីរាជការ និងឱកាសជាបន្តបន្ទាប់ សម្រាប់ការអភិវឌ្ឍគន្លងអាជីព ស្របតាមសក្តានុពលរៀងៗខ្លួន ព្រមទាំងរួមចំណែកដល់ការប្រើប្រាស់ថវិកាជាតិដោយប្រសិទ្ធភាព តាមរយៈមូលដ្ឋានជ្រើសរើសកាន់តែច្បាស់លាស់ និងផ្អែកលើតម្រូវការចាំបាច់ជាក់ស្តែង។
រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បង្ហាញការប្ដេជ្ញាចិត្តដូច្នេះ៖«ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល យើងខ្ញុំមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការធានាឱ្យដំណើរការប្រឡងប្រព្រឹត្តទៅដោយសុក្រឹត យុត្តិធម៌ និងតម្លាភាព ដើម្បីផ្តល់ឱកាសស្មើៗគ្នាដល់បេក្ខជនទាំងអស់។ សូមប្អូនៗយុវជនមានទំនុកចិត្តលើថ្នាក់ដឹកនាំ និងគណៈកម្មការរៀបចំការប្រឡង ព្រមទាំងជឿជាក់លើសមត្ថភាពរៀងៗខ្លួន ដោយមិនចាំបាច់មានអន្តរាគមន៍ ឬចំណាយថវិកាលើសពី ២ម៉ឺនរៀលឡើយ»។
សូមបញ្ជាក់ថា នាពេលខាងមុខនេះ ក្រសួងមុខងារសាធារណៈ នឹងរៀបចំការប្រឡងជ្រើសរើសសម្រាប់ក្រសួងយុត្តិធម៌, រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន, និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៕


