ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាអាណាព្យាបាលបច្ចេកទេស បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានក្លាយជាសមាជិកផ្លូវការនៃអង្គការអន្តរជាតិសម្រាប់ស្ថាប័នត្រួតពិនិត្យសោធននិវត្តន៍ (IOPS) នៅទីក្រុងប៉ារីស

សារព័ត៌មាន ណាញធីវី

​(ប៉ារីស)៖​  ឯកឧត្តមបណ្ឌិត គួច សុមាន រដ្ឋលេខាធិការ​ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំរួមគ្នារបស់ក្រុមការងារសម្រាប់កិច្ចការធានារ៉ាប់រង និងសោធននិវត្តន៍ (WPIP) និងអង្គការអន្តរជាតិសម្រាប់ស្ថាប័នត្រួតពិនិត្យសោធននិវត្តន៍ (IOPS)។ ពិធីនេះត្រូវបានរៀបចំឡើងក្នុងអំឡុងសប្តាហ៍ទីផ្សារហិរញ្ញវត្ថុរបស់អង្គការសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការសេដ្ឋកិច្ច (OECD) នៅទីស្នាក់ការកណ្តាលនាទីក្រុងប៉ារីស ប្រទេសបារាំង ដោយមានការចូលរួមពីតំណាងស្ថាប័នជាសមាជិកមកពី ៧០ ប្រទេសជុំវិញពិភពលោក និងប្រតិភូសរុបប្រមាណ ៣០០នាក់។


ឯកឧត្តមបណ្ឌិត គួច សុមាន រដ្ឋលេខាធិការ បានថ្លែងថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នអន្តរជាតិ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងនាមជាអាណាព្យាបាលបច្ចេកទេសរបស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ត្រូវបានគណៈកម្មាធិការប្រតិបត្តិរបស់អង្គការ IOPS ពិនិត្យ និងសម្រេចឱ្យចូលជាសមាជិកភាពជាផ្លូវការ (Governing Membership Status) នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦។ ឯកឧត្តមបណ្ឌិត គូសបញ្ជាក់ថា សមិទ្ធផល នៃសមាជិកភាពនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការពង្រឹងប្រព័ន្ធសន្តិសុខសង្គមឱ្យកាន់តែរឹងមាំ តាមរយៈការសិក្សាឈ្វេងយល់ពីបទពិសោធរបស់បណ្តាប្រទេសនានា រួមមានអភិបាលកិច្ចលើការគ្រប់គ្រង និងការបែងចែកការវិនិយោគមូលនិធិសន្តិសុខសង្គម ការផ្តល់អត្ថប្រយោជន៍ដល់សមាជិក និងជាពិសេសគឺការអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនឱ្យមានប្រសិទ្ធភាព ស្របតាមបរិបទ នៃការវិវត្តសេដ្ឋកិច្ច និងសង្គមក្នុងតំបន់ ក៏ដូចជាពិភពលោក។


ជាមួយគ្នានេះ ឯកឧត្តម​បណ្ឌិត បានបន្ថែមថា នៅក្នុងដំណើរការ នៃកិច្ចប្រជុំនេះ ក្រុមការងារ WPIP និងអង្គការ IOPS បានពិភាក្សាយ៉ាងស៊ីជម្រៅលើការរៀបចំគោលនយោបាយ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងប្រាក់សោធនផ្អែកលើទ្រព្យសកម្ម ការធ្វើបច្ចុប្បន្នភាពលើការសិក្សាស្រាវជ្រាវ ការចែករំលែកបទពិសោធលើការអនុវត្តរបបភាគទានសន្តិសុខសង្គម រួមទាំងការដោះស្រាយបញ្ហាចាំបាច់នានាមុនពេលឈានដល់សន្និបាតបូកសរុបប្រចាំឆ្នាំ។


ទន្ទឹមហ្នឹងនេះ កិច្ចប្រជុំក៏បានពិនិត្យលើផែនការសម្រាប់ព្រឹត្តិការណ៍នាពេលអនាគតរវាងសមាជិករបស់អង្គការ IOPS និង OECD ដើម្បីបន្តជំរុញវិស័យសន្តិសុខសង្គមឱ្យកាន់តែមានការរីកចម្រើនជាលំដាប់ផងដែរ៕








#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top