ការដាក់ឱ្យដំណើរការ “ផតថល IDPoor លើថ្នាលឌីជីថល DSPP”ជាជំហានដ៏សំខាន់មួយ ក្នុងដំណើរការបន្តធ្វើទំនើបកម្ម និងពង្រឹងប្រព័ន្ធគ្រប់គ្រងទិន្នន័យគាំពារសង្គម

សារព័ត៌មាន ណាញធីវី

ភ្នំពេញ៖ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ ថ្លែងថា ផតថលអត្ត-សញ្ញាណកម្មគ្រួសារក្រីក្រ ឬ IDPoor Portal របស់ក្រសួងផែនការ គឺជាប្រព័ន្ធឌីជីថល ដ៏មានសារៈសំខាន់ ពិសេសបម្រើជាប្រភពទិន្នន័យគោលមួយ សម្រាប់គាំទ្រការអនុវត្តកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម ក្នុងប្រព័ន្ធគាំពារសង្គមកម្ពុជា។ រាជរដ្ឋា-ភិបាល តាមរយៈក្រសួងផែនការ បានអនុវត្តកិច្ចការអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ចាប់តាំងពីឆ្នាំ២០០៥ ដែលក្រសួងផែនការ បានរៀបចំយន្តការ និងនីតិវិធីកំណត់អត្ត-សញ្ញាណកម្មគ្រួសារក្រីក្រ ជាស្តង់ដារួម ដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការក្នុងឆ្នាំ២០០៧ នៅតំបន់ជនបទ ក្រោមថវិការបស់មូលនិធិសមធម៌សុខាភិបាល។ រហូតដល់ឆ្នាំ២០១០ កម្មវិធី IDPoor បានពង្រីកខ្លួនគ្រប់ដណ្តប់លើគ្រប់តំបន់ទីជនបទនៅទូទាំងប្រទេស ដែលធ្វើបច្ចុប្បន្នកម្មទិន្នន័យតាមជុំរៀងរាល់ ៣ឆ្នាំម្តង និងត្រូវបានរាជ-រដ្ឋាភិបាលចេញអនុក្រឹត្យឱ្យប្រើប្រាស់ជាផ្លូវការនៅឆ្នាំ២០១១ ជាបន្តបន្ទាប់ បន្តពង្រីកវិសាលភាពអនុវត្តទូទាំងប្រទេសយ៉ាងពេញលេញទាំងតំបន់ជនបទ និងទីប្រជុំជនក្នុងឆ្នាំ២០១៦។


ការថ្លែងរបស់ឯកឧត្តមបែបនេះ ក្នុង«ពិធីប្រកាសដាក់ឱ្យដំណើរការផតថលអត្តសញ្ញាណកម្មគ្រួសារក្រីក្រ លើថ្នាលឌីជីថលគាំពារសង្គមកម្ពុជា» នាព្រឹកថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២៦នេះ នៅនៅសណ្ឋាគារ SUN & MOON ។


ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមថា ការដាក់ឱ្យដំណើរការជាផ្លូវការផតថលអត្តសញ្ញាណកម្មគ្រួសារក្រីក្រ លើថ្នាលឌីជីថលគាំពារសង្គមកម្ពុជា នាថ្ងៃនេះ ជាវឌ្ឍនភាពថ្មីមួយបន្ថែមទៀត ក្នុងការបន្តអភិវឌ្ឍ និងការធ្វើបន្តធ្វើទំនើបកម្ម ឱ្យកាន់តែមានប្រសិទ្ធភាព ប្រទាក់ក្រឡាគ្នាល្អ និងឆ្លើយតបទាន់ពេល ចំពោះតម្រូវការរបស់ពលរដ្ឋ។ ។


ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានមានប្រសាសន៍ថា ការដាក់ឱ្យដំណើរការ “ផតថល IDPoor លើថ្នាលឌីជីថល DSPP” នៅថ្ងៃនេះ ជាជំហានដ៏សំខាន់មួយ ក្នុងដំណើរការបន្តធ្វើទំនើបកម្ម និងពង្រឹងប្រព័ន្ធគ្រប់គ្រងទិន្នន័យគាំពារសង្គមតាមបែបឌីជីថល។ ផតថលនេះ ត្រូវបានអភិវឌ្ឍឡើងជាមុខងារស្នូលមួយ នៅលើថ្នាលឌីជីថល DSPP ដែលបានចាប់ផ្តើមអនុវត្តជាដំណាក់កាល និងកំពុងបន្តពង្រីក វិសាលភាពទូទាំងប្រទេស ដើម្បីធានាឱ្យមានប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងទិន្នន័យដែលមានភាពសុក្រឹត, សង្គតិភាព, និងអាចធ្វើអន្តរប្រតិបត្តិការជាប្រព័ន្ធអេកូឡូស៊ីរួម។


ឯកឧត្តមបណ្ឌិត បញ្ជាក់ទៀតថា «ការប្រើប្រាស់ផតថលនេះ នឹងកាន់តែផ្តល់ភាពងាយស្រួលដល់ រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេស មន្រ្តីអនុវត្តកម្មវិធីនៅឃុំ-សង្កាត់ ក្នុងការកំណត់, ពិនិត្យផ្ទៀងផ្ទាត់ និងធ្វើបច្ចុប្បន្នកម្មព័ត៌មានគ្រួសារគោលដៅ និងសមាជិក តាមរយៈថ្នាលឌីជីថលតែមួយ ដែលមានលក្ខណៈស្តង់ដា, សាមញ្ញក្នុងការប្រើប្រាស់ និងអាចធ្វើអន្តរប្រតិបត្តិការជាមួយប្រព័ន្ធផ្សេងៗបាន។ ទន្ទឹមនេះ, សម្រាប់ពលរដ្ឋ ផតថលនេះនឹងរួមចំណែកក្នុងការកាត់បន្ថយភាពស្មុគស្មាញនៃនីតិវិធី, ការរង់ចាំយូរ, និងបន្ទុកនៃការធ្វើដំណើរ, ឬផ្តល់ព័ត៌មានអត្តសញ្ញាណដដែលៗ នៅពេលមកទទួលសេវាគាំពារសង្គម»៕




























#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top