ភ្នំពេញ៖ អ្នកណាមិនស្គាល់អធិរាជដែលជញ្ជក់គាប់ស៊ីរថយន្តធនធំ របស់ក្រុមឈ្មួញ និងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៣ស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលបានឲ្យដឹងថា ទោះបីពួកគាត់ដឹកជញ្ជូនទំនិញផ្ទុកមិនលើសទម្ងន់ក៏ត្រូវបង់លុយតាមការកំណត់របស់លោក ចេង ឃីម ដែលជាប្រធានស្ថានីយ៍មួយនេះដែរ។
ប្រភពខាងលើបន្ថែមថា ចំពោះរថយន្តធំៗ សណ្ដោងកន្ទុយវែងៗ សណ្ដោងរ៉ឺម៉កផ្ទុកលើសទម្ងន់ អាចបើកបរឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៣ ដែលមានទីតាំងស្ថិតនៅភូមិកំពង់ទួល ស្រុកកណ្ដាលស្ទឹង យ៉ាងស្រួលៗឲ្យតែម្ចាស់រថយន្តទាំងនោះបង់លុយតាមការកំណត់។
បញ្ហានេះគឺជារឿងដដែលលោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនក៏ដូចជាលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេសមិនគួរមើលរំលងតទៅទៀតនោះទេ។តាមការបង្ហើបពីមន្រ្តីនៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល បានឲ្យដឹងថា ដោយសារតែមានការបើកដៃពីសំណាក់លោក បូរី វង្សសានិតប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល ទើបលោក ចេង ឃីម ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៣ ស្រុកកណ្ដាលស្ទឹង មិនញញើតក្នុងការប្រព្រឹត្តអំពើពុករលួយ។
ករណីខាងលើនេះ ប្រជាពលរដ្ឋចោទជាសំនួរបែបមិនមានអ្នកឆ្លើយថា បើគ្មានការបើកដៃពីសំណាក់លោក បូរី វង្សសានិត ទេនោះ គឺលោក ចេង ឃីម ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយតាមអំពើចិត្តរបស់ខ្លួនឡើយ? ឬមួយក៏គ្មានអ្នកណាអើពើនូវទង្វើមិនល្អរបស់លោក ចេង ឃីម ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៣នេះ ដែលធ្វើឲ្យផ្លូវរបស់រដ្ឋខាតបង់ជាដើម។
លើសនេះទៅទៀតការដែលលោក បូរី វង្ស សានិត អាចរក្សាតំណែងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល បានយូរហើយមិនញញើតក្នុងការប្រព្រឹត្តអំពើពុករលួយគឺដោយសារអាងមានខ្នងបង្អែករឹងមាំ ។
ក្រុមឈ្មួញ និងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ស្ថានីយជញ្ជីងថ្លឹងរថយន្ត ផ្លូវជាតិលេខ៣ ភូមិកំពង់ទួល បានឲ្យដឹងថា លោក ចេង ឃីម តែងតែប្រើឈ្មោះ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល ដើម្បីការពារទង្វើរបស់ខ្លួនយ៉ាងរលូន ហើយតើការប្រើឈ្មោះនេះមានផលប្រយោជន៍យ៉ាងណាចំពោះម្ចាស់ ឬមួយដូចពាក្យចាស់លោកថា បើខ្មោចស្រុកមិនអោយដៃ តើខ្មោចព្រៃមានសិទ្ធមកពីណា?។
ទន្ទឹមនឹងនេះគឺលោក បូរី វង្សសានិត តែងរក្សាភាពស្ងៀមស្ងាត់ទុកឲ្យលោក ចេង ឃីម និងក្រុមមន្រ្តីប្រចាំស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៣ ស្រុកណ្ដាលស្ទឹង ប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយយ៉ាងពេញទំហឹង។
ចំពោះក្លិនស្អុយរបស់មន្ត្រីខាងលើនេះ តើឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនក៏ដូចជាលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស នឹងមានវិធានការណ៍បែបណាចំពោះមន្ត្រីខាងលើនេះ ដើម្បីពង្រឹងសមត្ថភាពការងារ និងដើម្បីលុបបំបាត់អំពើពុករលុយ។
ពាក់ព័ន្ធករណីខាងលើនេះ អង្គភាពសារព័ត៌មាន ណាញធីវី នៅរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦នេះ មិនអាចសុំការបំភ្លឺពី លោក ចេង ឃីម ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៣ និងលោកបូរី វង្ស សានិត ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល បាននោះទេ គិតត្រឹមរសៀលនេះ ដោយសារពុំមានលេខទំនាក់ទំនង ទោះជាយ៉ាងណា អង្គភាពសារព័ត៌មាន ណាញធីវី នូវតែរង់ចាំការបំភ្លឺគ្រប់ភាគីពាក់ព័ន្ធទាំងអស់រៀងរាល់ម៉ោងធ្វើការ ឬក៏ទំនាក់ទំនងតាមលេខ 012 79 95 72 ណាញធីវី នឹងធ្វើបច្ចុប្បន្នភាពរឿងនេះបន្តទៀតនៅវគ្គក្រោយ ៕










