(ខេត្តតាកែវ) ៖ លោក ឆាយ កែវមុន្នី អធិការននគរបាលស្រុកបាទី ខេត្តតាកែវ ត្រូវបានមន្ដ្រីក្រោមឱវាទប្រមាណ៦៧នាក់ បានផ្ដិតមេដៃប្ដឹង ទៅឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដែលបានដឹកនាំបង្កបញ្ហាដែលនាំឲ្យមានការប៉ះពាល់សតិអារម្មណ៍របស់កងកម្លាំងនគរបាលក្នុងស្រុកបាទីយ៉ាងខ្លាំងជុំវិញរឿងរ៉ាវអាស្រូវភាពមិនប្រក្រតីរបស់លោកអធិការរូបនេះ នេះបើយោងតាមប្រភពព័ត៌មានដែលអង្គភាពយើងខ្ញុំទទួលបាននៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦។
ប្រភពព័ត៌មានបន្តថា លោក ឆាយ កែវមុន្នី ដែលមានតួនាទីជាអធិការនគរបាលស្រុកបាទី បាននឹងកំពុងដឹកនាំបង្ករភាពមិនប្រក្រតីជាច្រើនចំណុចដល់មន្ដ្រីក្រោមឱវាទ ដូចជា ចំណុចទី១.ការដឹកនាំគ្រប់ផ្នែកជំនាញទៅជាអសក
ម្មមើលបំណាំគ្នាគ្មានការលើកទឹកចិត្ត បំបែកបំបាក់សាមគ្គីភាព ដើម្បីមានការរាយការណ៍ទៅបុគ្គលម្នាក់ៗជាមធ្យោបាយគាបសង្កត់មន្ដ្រីម្នាក់ៗ។ ក្នុងរយៈពេល៤ឆ្នាំឲ្យតែមន្ដ្រីណាអវត្ដមានក្នុងការគោរពទង់ជាតិ គឺលោកអធិការនឹងដាក់វិន័យ ដែលនាំឲ្យមន្ដ្រីចាស់ៗជាច្រើនបាក់ទឹកចិត្តផងដែរ។ ចំណុចទី២. លោក ឆាយ កែវ មុន្នី បានបញ្ជាកងកម្លាំងតាមអារម្មណ៍គ្មានមូលដ្ឋានច្បាស់លាស់ បញ្ជាខុសជំនាញ ប្រើពាក្យសម្ដីអសុរស ជាមន្ដ្រីនគរបាលគ្មានក្រមសីលធម៌វិជ្ជាជីវៈ។
ចំណុចទី៣. ការកសាង លោកអធិការមិនបានកសាងអ្វីសូម្បីតែបន្ដិចសោះ សូម្បីតែអំពូលភ្លើង ឬកង្ហារ១ដើមក៏លោកអធិការមិនបានទិញដាក់ក្នុងសាលប្រជុំ ឬអង្គភាពឡើយ។ ចំណុចទី៤.លើផ្នែកជំនាញនៃអធិការដ្ឋាន លោកអធិការបានបញ្ជាឲ្យចាប់ឡានដឹកដីដែលមិនគ្របឆ្លងកាត់ស្រុកបាទីដោយឲ្យមន្ដ្រីចរាចរណ៍ទារប្រាក់ក្នុង១ឡានចំនួន២០ម៉ឺនរៀល ទង្វើបែបនេះបាននាំឲ្យគ្រោះថ្នាក់ចរាចរណ៍បានកើតមានឡើងជាញឹកញាប់តែម្ដង។ ចំណុចទី៥.ផ្នែកព្រហ្មទណ្ឌ លោកអធិការបានបើកល្បែងបញ្ជាល់មាន់អនឡាញ ដែលជ្រកក្រោមល្បែងអនឡាញឡូតូ៍ដែលមានអាជ្ញាប័ណ្ណស្របច្បាប់ ជាពិសេសលោក ឆាយ កែវមុន្នី បានទទួលលុយចំនួន៥០០០ដុល្លារជារៀងរាល់ខែពីក្រុមហ៊ុន Online Scam សុភមិត្ត រ៉េស៊ីដេន ស្ថិតនៅភូមិត្រយឹងខ្ពស់ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ។
ចំណុចទី៦.លោកអធិការរូបនេះ បានដោះលែងមុខសញ្ញាជួញដូរគ្រឿងញៀន និងចែកចាយគ្រឿងញៀនដែលទាំងមន្ដ្រីជំនាញ និងមូលដ្ឋានបានណែនាំ ក្រោមហេតុផល ជាអ្នកប្រើប្រាស់ ឬជាជនរងគ្រោះ។ ចំណុចទី៧. ផ្នែកអត្ដសញ្ញាណកម្ម លោកអធិការរូបនេះបានក្ដោបក្ដាប់ត្រាស្ងួតសម្រាប់គៀបសៀវភៅគ្រួសាររក្សាទុកក្នុងបន្ទប់មិនឲ្យជំនាញគ្រប់គ្រង លុះត្រាតែ មន្ដ្រីជំនាញយកសៀវភៅទៅគៀបដល់បន្ទប់ទើបបាន ដែលមានការយឺតយ៉ាវទៀតផង។ ចំណុចទី០៨. លោកអធិការបានដាក់បទបញ្ជាឲ្យចុះ និងហៅនាយករដ្ឋបាលតាមក្រុមហ៊ុនរោងចក្រ សិប្បកម្ម សហគ្រាស ក្នុងស្រុកបាទី មកជួបក្នុងបន្ទប់ក្នុងគោលដៅបង់ប្រាក់ប្រចាំខែដោយយកលេសថា សហការឲ្យកាន់តែស្អិតរមួតតែម្ដង។
ក្នុងលិខិតគោរពខាងលើបន្ថែមទៀតថា តាមបណ្ដាប៉ុស្ដិ៍ទាំង១៤នៃស្រុកបាទី លោកបានបញ្ជាឲ្យប៉ុស្ដិ៍នីមួយៗទិញម្ហូបអាហារ ឬជាសាច់ផ្សេងៗដើម្បីផឹកស៊ីជាមួយមិត្តភក្ដិ និងគ្រួសាររបស់គាត់ ហើយមិនដែលគិតគូរឲ្យលុយទៅទិញទាល់តែសោះ ដោយបានបោះពាក្យសម្ដីថា បើគ្មានលុយទេមិនបាច់ធ្វើមេប៉ុស្ដិ៍ទេ និងគម្រាមឲ្យដក ឬដោះដូរ។
សូមបញ្ជាក់ថា ក្រោយសារព័ត៌មានចុះផ្សាយរឿងមិនល្អរបស់ខ្លួនហើយ នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ស្រាប់តែលោក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី បានឆ្លើយបដិសេធតាមបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន ដែលមានឈ្មោះថា Keomony Chhay ដោយលោកបញ្ជាក់ថា «តាំងនាមខ្លួនខ្ញុំផ្ទាល់ សូមបដិសេធទាំងស្រុង និងសុំអោយគេហទំព័រ VOK TV Online កែសម្រួលខ្លឹមសារឡើងវិញជាបន្ទាន់ទាក់ទងព័ត៌មានដែលបានចុះផ្សាយមិនពិតដូចភ្ជាប់ខាងក្រោម បើមិនដូចនោះទេ ខ្ញុំនឹងចាត់វិធានការតាមច្បាប់»។
ជុំវិញរឿងអាស្រូវតាមបណ្តាញសង្គម និងសារព័ត៌មានខាងលើនេះ អង្គភាពសារព័ត៌មាន ណាញធីវី មិនអាចសុំការបំភ្លឺបន្ថែមពីលោក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី ខេត្តតាកែវ បាននោះទេ នៅរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ដោយសារពុំមានលេខទំនាក់ទំនង ទោះជាយ៉ាងណា អង្គភាពសារព័ត៌មាន ណាញធីវី នូវតែរង់ចាំការបំភ្លឺគ្រប់ភាគីពាក់ព័ន្ធទាំងអស់រៀងរាល់ម៉ោងធ្វើការ ឬក៏ទំនាក់ទំនងតាមលេខ៖ 012 79 95 72 ណាញធីវី នឹងលំអិតរឿងនេះបន្តទៀតនៅវគ្គក្រោយ៕ អត្ថបទដោយ៖ នាគ ក្រហម


.jpg)






.jpg)







