(ព្រះសីហនុ)៖ អនុវត្តតាមអនុសាសន៍របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការដឹកនាំបញ្ជាពីគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា តំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ឧត្ដមសេនីយឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់កម្លាំងនគរបាលជំនាញ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត ចុះត្រួតពិនិត្យ និងឆែកឆេរចំណុចអគារកាស៊ីណូ ស៊ិនលិ ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជាលទ្ធផលក្នុងកិច្ចប្រតិបត្តិការក្រុមការងារបានធ្វើការត្រួតពិនិត្យនៅជាន់ទី១៨ និងជាន់ទី១៩ នៃអគារកាស៊ីណូ។
ជាលទ្ធផលរកឃើញដូចខាងក្រោម៖ មនុស្សសរុបប្រហែលចំនួន ៨០៥នាក់ មាន៧សញ្ជាតិ ក្នុងនោះមាន ចិន កូរ៉េ ជប៉ុន អាមេរិក ភីលីពីន ប៉ាគីស្ថាន ឥណ្ឌា និងខ្មែរ, វត្ថុតាងដកហូតបាន កុំព្យូរទ័រប្រហែល ៦៥០គ្រឿង និងទូរស័ព្ទប្រហែល ១០០០គ្រឿង។
សូមបញ្ជាក់ថា ចំពោះករណីខាងលើសមត្ថកិច្ចជំនាញ កំពុងបន្តនីតិវិធីតាមផ្លូវច្បាប់៕





