ភ្នំពេញ៖ ក្រោយការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន ជំហានទី១ បានបញ្ចប់ អនុក្រឹត្យនៃការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួង ស្ថាប័ន បានដាក់ចេញជាបន្តបន្ទាប់។ ថ្ងៃនេះ លេខាធិការដ្ឋាននៃគណៈកម្មការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) កំពុងពិនិត្យ និងពិភាក្សាជាបន្តសម្រាប់ក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងផែនការ។នេះជាការលើកឡើងរបស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្តថា «យើងមានប្រព័ន្ធរដ្ឋបាលសាធារណៈ ដែលជាកេរមរតកដ៏ប្រពៃរបស់អ្នកជំនាន់មុន និងដែលបានដោះស្រាយបញ្ហាសង្គម នយោបាយ ជាច្រើនរួចមកហើយ តែផ្អែកលើបរិបទនយោបាយសាកល និងតំបន់ រួមទាំងស្ថានភាពក្នុងប្រទេស យើងមានភាពចាំបាច់ ត្រូវបន្តកែទម្រង់រដ្ឋបាលសាធារណៈរបស់យើង ដោយសម្រួចមុំ ដើម្បីភាពធន់ វិបុលភាព និង រដ្ឋបាលសាធារណៈកម្ពុជាទៅថ្ងៃអនាគត។ កិច្ចការដែលយើងកំពុងពិភាក្សាពេលនេះ ជាផ្នែកមួយនៃលទ្ធផលកែទម្រង់រដ្ឋបាលសាធារណៈរបស់យើង»។
ឯកឧត្តម ហ៊ុន ម៉ានី បន្ថែមទៀតថា «កន្លងមក មិនថាសេចក្តីព្រាងអនុក្រឹត្យទាំងពីរខាងលើ ឬអនុក្រឹត្យផ្សេងៗទៀត នោះទេ រាល់ការរៀបចំឯកសារបទដ្ឋាននីមួយៗ ត្រូវឆ្លងកាត់កិច្ចប្រជុំ ពិភាក្សាជាច្រើនលើក ច្រើនសារ និងគ្រប់កម្រិតបច្ចេកទេសទាំងអស់រវាងក្រសួងមុខងារសាធារណៈ និងគ្រប់ភាគីពាក់ព័ន្ធធ្វើយ៉ាងណា រកចំណុចឯកភាពរួម ហើយអាចបំពេញកិច្ចការដាច់គ្នា ច្បាស់លាស់ក្នុងដែនសមត្ថកិច្ចរៀងៗខ្លួន មិនឱ្យមានភាពត្រួតស៊ីគ្នា មិនជាន់សមត្ថកិច្ចគ្នា តែជាការប្រទាក់ក្រឡាគ្នា បំពេញឱ្យគ្នាទៅវិញទៅមក ក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ ឈរលើអភិក្រម «ពង្រឹងជាជាងពង្រីក» និង «រៀបចំផ្ទះឱ្យរៀបរយ»។






