ភ្នំពេញ៖ លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងអគ្គនាយកគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦នេះ បានចេញលិខិតណែនាំដល់ប្រធានលេខាធិការដ្ឋាន នាយកដ្ឋាន សាខា និងការិយាល័យគយនិងរដ្ឋាករ ឱ្យពង្រឹងប្រសិទ្ធភាព នៃការអនុវត្តតួនាទីនិងភារកិច្ច និងក្រមសីលធម៌វិជ្ជាជីវៈ។
លោក គុណ ញឹម បានសរសេរក្នុងលិខិតថា ដើម្បីពង្រឹង ប្រសិទ្ធភាពនៃការអនុវត្តតួនាទីនិងភារកិច្ច និងក្រមសីលធម៌វិជ្ជាជីវៈ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សូម ធ្វើការណែនាំបន្ថែម ដូចខាងក្រោម៖
១. អនុវត្តតួនាទី និងភារកិច្ចដោយឈរលើគោលការណ៍នៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ។
២. ហាមប្រើប្រាស់តួនាទី និងអំណាចផ្តល់ដោយច្បាប់ស្តីពីគយទៅអនុវត្តដើម្បីប្រយោជន៍បុគ្គលជាដាច់ខាត ។
៣. ក្នុងពេលបំពេញការងារត្រូវពាក់ឯកសណ្ឋានត្រឹមត្រូវ និងហាមដាច់ខាតមិនត្រូវឲ្យមានជនស៊ីវិលដើរតួ នាទីជំនួសទោះក្នុងរូបភាពណាក៏ដោយ ។
៤. ក្នុងពេលបំពេញការងារ ទាំងក្នុងការិយាល័យ និងទាំងក្នុងពេលជំរុញការអនុវត្តច្បាប់, ត្រូវមានអាកប្បកិរិយា និងពាក្យសំដីថ្លៃថ្នូរ ។
៥. ត្រូវមានទំនាក់ទំនង និងសហការល្អជាមួយអាជ្ញាធរមូលដ្ឋាន និងស្ថាប័នមានសមត្ថកិច្ចផ្សេងទៀត។
៦. ប្រធានអង្គភាពគ្រប់លំដាប់ថ្នាក់ត្រូវបង្កើនការប្រជុំផ្សព្វផ្សាយ និងអប់រំណែនាំដល់មន្ត្រីភ្នាក់ងារ ក្រោមឱវាទអំពីការប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈមន្ត្រីរាជការគយ និងរដ្ឋាករកម្ពុជា ។
៧. លេខាធិការដ្ឋាន (ការិយាល័យសវនកម្មផ្ទៃក្នុង) និងនាយកដ្ឋានហិរញ្ញវត្ថុ និងបុគ្គលិក ត្រូវតាមដានជាប្រចាំអំពីការអនុវត្តសេចក្តីណែនាំនេះ ។ មន្ត្រីប្រព្រឹត្តល្មើសនឹងក្រមសីលធម៌វិជ្ជាជីវៈមន្ត្រីរាជការគយ និងរដ្ឋាករកម្ពុជា នឹងត្រូវរងវិន័យស្របតាមច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ពាក់ព័ន្ធផ្សេងទៀតជាធរមាន៕



