កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ដូចមានចែងក្នុងសេចក្តីប្រកាសរួម ដើម្បីផ្ទៀងផ្ទាត់និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក។ នេះជាការគូសបញ្ជាក់របស់ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ក្នុងសន្និសីទ «បច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ»ផ្សាយផ្ទាល់ចេញពីទីស្ដីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦។
ផ្អែកតាមស្មារតីខាងលើ ក្រុមការងារសម្របសម្រួលអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិ (CLG) កាលពីដើមខែមករានេះ បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពនៅទីតាំងស៊ីវិលចំនួនបួន ក្នុងខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ ដែលត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារការវាយប្រហាររបស់យោធាថៃ។
កាលពីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ក្រុមលេខានៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC)រវាងយោធភូមិភាគទី៤ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី២ ភាគីថៃ បានជួបប្រជុំគ្នានៅច្រកអន្តរជាតិជាំ-សាង៉ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដើម្បីពិភាក្សាគ្នាអំពីការងារសំខាន់ៗមួយចំនួនក្នុងន័យពង្រឹងការអនុវត្តនូវខ្លឹមសារសេចក្តីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងកិច្ចព្រមព្រៀងពាក់ព័ន្ធដទៃទៀតឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
ក្នុងស្មារតីគោរពសេចក្តីប្រកាសរួម ត្រង់ចំណុចទី៣ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនក៏បានដាក់សំណើរចំនួន៣លើក តាមរយៈកំណត់ទូតទៅកាន់ភាគីថៃ ក្នុងនោះសំណើរពីរលើក គឺសុំកោះប្រជុំពិសេសនៃគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៅក្នុងខេត្តសៀមរាប ដើម្បីវាស់វែងខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរ ដោយផ្តើមពីតំបន់អាទិភាពមុនគេ។ ប៉ុន្តែ ភាគីថៃបានសុំពន្យារពេលរហូតដល់ពេលបង្កើតរដ្ឋាភិបាលថ្មីក្រោយការបោះឆ្នោតនាខែកុម្ភៈខាងមុខ។
ទោះជាយ៉ាងនេះក្តី កម្ពុជាបានដាក់សំណើរលើកទី៣ តាមរយៈកំណត់ទូតចុះថ្ងៃទី១៣ ខែមករា ឆ្នាំ ២០២៦ ដោយស្នើភាគីថៃឱ្យចាត់ក្រុមការងារវាស់វែងចម្រុះដើម្បីបោះបង្គោលបណ្តោះអាសន្នដែលជាការងារបន្ត និងសាងសង់ឡើងវិញបង្គោលព្រំដែនដែលសល់ពីជំនាន់បារាំងដែលភាគីទាំងពីរបានឯកភាពគ្នារួចហើយ។
ចំណែកក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងស្ថានតំណាងកម្ពុជាប្រចាំនៅបរទេសក៏សកម្មមមាញឹកយ៉ាងខ្លាំងក្នុងការធ្វើកំណត់ទូតតវ៉ា សេចក្តីថ្លែងការណ៍ និងធ្វើបទបង្ហាញនានាដើម្បីឱ្យសហគមន៍អន្តរជាតិយល់ពីបុព្វហេតុការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់រាជរដ្ឋាភិបាលកម្ពុជាប្រឆាំងនឹងការរំលោភបំពាន និងការចង់បានដំណោះស្រាយដោយសន្តិវិធីតាមគោលការណ៍ច្បាប់អន្តរជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា។
ចំណែកក្រសួងមហាផ្ទៃ អាជ្ញាធរដែនដី និងក្រសួង ស្ថាប័នពាក់ព័ន្ធផ្សេងទៀត ក៏សកម្មមមាញឹកគ្រប់ពេលវេលា ពុះពារមិនដែលខ្លាចនឿយហត់ឡើយក្នុងគ្រាដ៏លំបាកនេះ។និយាយជារួម រាជរដ្ឋាភិបាល ជាពិសេសថ្នាក់ដឹកនាំនៃយើងដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រួមទាំងក្រសួង ស្ថាប័នដែលជាសេនាធិការទាំងអស់មិនដែលខ្ជះខ្ជាយពេលវេលាសូម្បីមួយវិនាទី និងមិនដែលសំចៃកម្លាំងកាយចិត្ត បញ្ញា ស្មារតី សូម្បីបន្តិចបន្តួចឡើយ ក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ក៏ដូចជាការដោះស្រាយការលំបាកជូនបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់។
ដូចប្រសាសន៍សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ ថា៖ កម្ពុជាប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការខិតខំដើម្បីសម្រេចនូវគោលដៅចម្បងរបស់ខ្លួន គឺការបញ្ចប់ទុក្ខវេទនារបស់ប្រជាជន ទប់ស្កាត់ការបំផ្លិចបំផ្លាញនិងបន្តដើរលើមាគ៌ាឆ្ពោះទៅរកសន្តិភាព ដំណោះស្រាយប្រកបដោយយុត្តិធម៌ និងចីរកាល។ ទន្ទឹមនោះកម្ពុជានឹងមិនធ្វើសម្បទាននូវអធិបតេយ្យ ឬសេចក្តីថ្លៃថ្នូររបស់ខ្លួនឡើយ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់រួចហើយដែរថា៖ រាជរដ្ឋាភិបាលនឹងប្រើប្រាស់ថវិកាជាតិ និងថវិកាដែលជាជំនួយឧបត្ថម្ភរបស់ប្រទេសជាមិត្តនិងដៃគូអភិវឌ្ឍន៍ដើម្បីស្តារជីវភាពប្រជាពលរដ្ឋភៀសសឹក និងហេដ្ឋារចនាសម្ព័ន្ធនានាដែលរងការបំផ្លិចបំផ្លាញឱ្យបានឆាប់បំផុត។ ពាក់ព័ន្ធនឹងបូរណភាពទឹកដី សម្តេចធិបតីក៏បានបញ្ជាក់ច្បាស់ថា ខ្សែព្រំដែនអន្តរជាតិរវាងកម្ពុជានិងថៃនៅតែត្រូវបានកំណត់ដោយសន្ធិសញ្ញា និងអនុសញ្ញាដែលមានស្រាប់ ហើយកម្ពុជានៅតែរក្សាបានពេញលេញនូវសិទ្ធិក្នុងការដោះស្រាយបញ្ហាព្រំដែននេះជាមួយនឹងភាគីថៃ ដោយអនុលោមតាមច្បាប់អន្តរជាតិ សន្ធិសញ្ញា អនុសញ្ញា និងយន្តការទ្វេភាគីទាំងឡាយដែលមានជាធរមាន។
អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជាថ្មីថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។ ជំហរការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់រាជរដ្ឋាភិបាលកម្ពុជា គឺជាជាជំហរដែលមិនអាចធ្វើសម្បទានបានឡើយ៕

