(ភ្នំពេញ) ៖ ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត សុខ សាវ៉ាត ទីប្រឹក្សាផ្ទាល់សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម សរ ចំរុង អនុប្រធានទី១នៃគណៈកម្មាធិការរដ្ឋសភា បានចុះពង្រឹងសមត្ថភាពបន្ថែមអំពីជីវភាពនយោបាយផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា និងលើកទិសដៅអនុវត្ដបន្ដក្នុងត្រីមាសបន្ទាប់ ក្នុងមូលដ្ឋានខេត្តក្រចេះ។
ថ្លែងនាឪកាសនោះផងដែរ ឯកឧត្តម សរ ចំរុង អនុប្រធានទី១នៃគណៈកម្មាធិការរដ្ឋសភា បានជម្រុញឲ្យសមាជិកសមាជិកត្រូវបន្ថែរក្សា ការពារសន្តិភាព ការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងការពាររាល់សមិទ្ធផលនៃសង្គមជាតិឲ្យបានគង់វង្សស្ថិតស្ថិរ ហើយអំឡុងពេលឃោសនាបោះឆ្នោត ត្រូវតែប្រើប្រាស់ទិសស្លោកថា «រួមគ្នារក្សាសន្តិភាពឱ្យខានតែបាន» ឲ្យបានជាប់ដើម្បីបំផុសស្មារតីប្រជាជនមើលឃើញពីតម្លៃពិតនៃសន្តិភាព។
ឯកឧត្តមអនុប្រធានទី១ក៏បានក្រើនរំលឹកដល់សមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា ខេត្តក្រចេះត្រូវបន្តកសាងកម្លាំង និងពង្រឹងសាមគ្គីផ្ទៃក្នុងតាំងពីថ្នាក់លើ ដល់ថ្នាក់ក្រោម និងបន្តកសាងធនធានមនុស្ស ប្រកបដោយចំណេះដឹង និងគុណធម៌ ពិសេសយុវជនជាអ្នកបន្តវេនជំនាន់ក្រោយ។
ឯកឧត្តម សរ ចំរុង មានប្រសាសន៍បញ្ជាក់ថា សមិទ្ធផលដ៏ធំធេងលើគ្រប់វិស័យដែលគណបក្សយើងសម្រេចបាន ក្រោមការងារដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន សម្តេច ជំរុញលើកទឹកចិត្តដល់ថ្នាក់ដឹកនាំមន្ត្រីគណបក្ស អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ និងសូមអំពាវនាវដល់សមាជិក សមាជិកាគណបក្សទូទាំងខេត្តក្រចេះ សូមរួមគ្នាបន្តពង្រឹងការប្តេជ្ញាចិត្តគាំទ្រ និងចូលរួមជាមួយរាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត ដែលកំពុងបំពេញបេសកកម្មដ៏ឧត្តុងឧត្តមរបស់ខ្លួន ប្រកបដោយការប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីជំរុញការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និង ជំរុញការអនុវត្តកម្មវិធីកំណែទម្រង់ឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយឆ្ពោះទៅ សម្រេចបានចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕






